ភ្នំពេញៈ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញសុទិដ្ឋិនិយមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ នឹងអាចចេញជារូបរាងនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣នេះ។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រាប់ឱ្យដឹង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោកបញ្ជាក់ថា ប៉ុន្តែការកើតចេញជារូបរាងឆាប់ៗនេះ ក៏អាស្រ័យទៅលើការត្រួតពិនិត្យទៅលើសំណុំឯកសាររបស់គណបក្សនយោបាយនីមួយៗ និងពេលវេលារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
លោកបានថ្លែងថា ៖ «សម្រាប់អាណត្តិថ្មីនេះ មានគណបក្សនយោបាយចំនួន ៣០ ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបានត្រឹមត្រូវនៅក្រសួងមហាផ្ទៃជាង ៤០ គណបក្សដែលបានដាក់ពាក្យស្នើសុំចូលរួមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាអាណត្តិថ្មីនេះ»។
លោក ឈឹម ផលវរុណ បានបញ្ជាក់បន្ថែមថា ក្រោយពីបិទបញ្ចប់ទទួលពាក្យស្នើសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់របស់គណបក្សនយោបាយទាំងនេះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានពិនិត្យលើសំណុំឯកសារបស់គណបក្សនយោបាយទាំងនោះរួចរាល់ និងបានបញ្ជូនទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយដែរកាលពីពាក់កណ្តាលសប្តាហ៍មុនដើម្បីពិនិត្យ និងសម្រេច។
លោកនិយាយថា ពេលវេលាក្នុងការវិនិច្ឆ័យសម្រាប់គណបក្សនីមួយៗ ចំពោះលក្ខណសម្បត្តិជាសមាជិក គឺអាស្រ័យពេលវេលារបស់លោកនាយករដ្ឋមន្ត្រី ពីព្រោះគណបក្សចូលរួមមានរហូតដល់ ៣០ គណបក្សដូចនេះ មិនអាចធ្វើប្រញាប់ប្រញាល់បាននោះទេ។
លោកបន្តថា ៖ «ពេលវេលានាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលចាប់ផ្តើមនេះ គឺរវល់មមាញឹក យើងក៏ពិបាកនឹងពេលវេលានេះដែរ គ្រាន់តែយើងមានសុទិដ្ឋិនិយមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចនឹងបង្កើតបាននៅក្នុងខែកញ្ញានេះ បើមិនអ៊ីចឹងទេ មានតែទៅខែ១០ បន្ទាប់ទៀត»។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីចុងខែសីហាកន្លងទៅ ដោយមាន ៧ ជំពូក និង២១ មាត្រា៕