ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ឱ្យដឹងថា ការចុះហត្ថលេខា លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ចិន Artwell Tapioca Limited​ និង​ក្រុមហ៊ុន ID Capital PLC និង​ក្រុមហ៊ុន Advance Digital World Trade តំណាង​ភាគី​កម្ពុជា នាពេល​ថ្មីៗ​នេះ នឹង​ជំរុញ​ការនាំចេញ​ដំឡូង​មី​ស្ងួត​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ចិន​បន្ថែមទៀត​។​

​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណ​:​នៃ​ការយោគយល់​ស្តីពី​ការសហការ​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុម​រវាង​ក្រុមហ៊ុន​ទាំង៣​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ នាទី​ក្រុង​ណាន​នី​ង ប្រទេស​ចិន ដែលមាន​លោកស្រី ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​នេះ​។​

​គោលបំណង​សំខាន់​នៃ​ការចុះហត្ថលេខា​នេះ គឺ​ដើម្បី​នាំចេញ​ដំឡូង​មី​ស្ងួត​ទៅកាន់​ប្រទេស​ចិន​ក្នុង​រយៈពេល ៨ឆ្នាំ ដែល​ការនាំចេញ​ដំឡូង​មី​ត្រូវបាន​បែង​ចែកចេញជា៣​ដំណាក់កាល​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។​

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ឱ្យដឹង​បន្ថែម​នា​ថ្ងៃទី​១៨ ខែកញ្ញា​ថា កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​២ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បង្កើន​ការទិញ​ដំឡូង​មី​ដោយផ្ទាល់​ពី​កម្ពុជា រួមមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។​

​លោក​បន្ថែមថា កាលពីមុន ការនាំចេញ​ដំឡូង​មី​របស់​កម្ពុជា​ទៅ​ចិន តែង​ធ្វើឡើង​តាមរយៈ​ប្រទេស​ថៃ និង​វៀតណាម​ជាដើម ដោយ​ការនាំចេញ​តាម​ប្រទេសជិតខាង​ទាំងនេះ ធ្លាប់​ជួប​បញ្ហា​ច្រើន​ទាក់ទង​នឹង​តម្លៃ​និង​ទីផ្សារ​។ លោ​កថា ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​សំខាន់​ទាំង២នេះ បាន​ជំរុញឱ្យមាន​ក្រុមហ៊ុន​ជាច្រើន​មក​ចុះបញ្ជី នៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទទួលបាន​ការអនុញ្ញាត នាំចេញ​ដំ​ឡូ​វ​មី​ស្ងួត​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ចិន​។​

​លោក សុ​វិជាតិ បាន​បញ្ជាក់ថា​៖«​កម្ពុជា​យើង​មាន​ដី​សមស្រប​សម្រាប់​ការដាំដុះ​ដំណាំ​ដំឡូង​មីនេះ ធ្វើឱ្យ​ក្រុមហ៊ុន​ចិន ជាច្រើន​មានបំណង​ចង់​ទិញ​ដំឡូង​មី​ដោយផ្ទាល់​ពី​យើង ស្រប​ពេលដែល​កសិករ​យើង​ក៏មាន​ការយល់ដឹង​ពី​ការរក្សា​គុណភាព​ដំឡូង​មី​របស់ខ្លួន​ផង​នោះ ច្បាស់​ណាស់​ធ្វើឱ្យ​ការនាំចេញ​ដំឡូង​មី​ស្ងួត​ដោយផ្ទាល់​ទៅ​ចិន មាន​កំណើន​ជា​បន្តបន្ទាប់​»​។​

​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ចិន ដែល​ទិញ​ដំឡូង​មី​ពី​កម្ពុជា​ទៅ​ភាគច្រើន​យកទៅ​កែច្នៃ​ជា ម្សៅដំឡូង​មី​,​អេតាណុល ជាដើម ដោយសារ​ដំឡូង​មី​របស់​កម្ពុជា មានគុណ​ភាពល្អ មាន​កំហាប់​ម្សៅ​ខ្ពស់ ធ្វើឱ្យ​ការកែច្នៃ​របស់​មាន​ផលចំណេញ​ខ្ពស់​ដែរ​។​

​លោក​ថ្លែងថា ៖ «​យើង​មាន​ក្តីសង្ឃឹម​ខ្ពស់​ណាស់​ចំពោះ​ផលិតផល​ដំឡូង​មីនេះ បន្ទាប់ពី​អង្ករ ស្វាយចន្ទី ដំឡូង​មីនេះ​ហើយ ដែល​យើង​រំពឹងថា អាច​ច្បាម​យក​ទីផ្សារ​ធំៗ ដែល​មិន​ត្រឹម​ប្រទេស​ចិន​នោះទេ នៅមាន​បណ្តា​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​។​បើទោះជា​ទីផ្សារ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​យើង​មាន​ទីផ្សារ​ផ្សេងទៀត​ដែរ​»​។​

​លោក អិ​ល ឈិ​ញ ប្រធាន​សមាគម​កសិក​រ​ដំឡូង​មី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កន្លងទៅ​ថ្មីៗ មាន​ក្រុមហ៊ុន​ចិន បានមក​ច​រចា​ទិញ​ដំឡូង​មី​ពី​ខាង​សមាគម​ដែរ តែ​មិន​ជោគជ័យ​ទេ ដោយសារតែ​ក្រុមហ៊ុន​​តម្រូវ​លក្ខខណ្ឌ​ស្តង់ដា​បច្ចេកទេស​ខ្ពស់ ប៉ុន្តែ​តម្លៃ​ទាប​ជាង​ការលក់​នៅក្នុង​ស្រុក​។​

​លោក​បានបញ្ជាក់​​ថា៖«​តាមពិតទៅ​ការលក់​ទៅឱ្យ​ចិន​ដោយផ្ទាល់​គឺ​យើង​ចំណេញ ប៉ុន្តែ​ដោយសារ​ចិន​គេ​ទាមទារ​ឱ្យ​យើង​មានការ​អនុវត្ត​ស្តង់ដា​ខ្ពស់ ដែល​ទាមទារ​ឱ្យមាន​ការចំណាយ​ដើមទុន​ច្រើន​ដើម្បី​វិនិយោគ ដូចនេះ​យើង​មិនមាន​ដើមទុន​នោះទេ​។​ខ្ញុំ​យល់ថា បើសិន​ជាមាន​ក្រុមហ៊ុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កែច្នៃ​ដំឡូង​មី ក៏ដូចជា​ផ្នែក​បច្ចេកទេស នោះ​ទើប​នាំឱ្យ​ការនាំ​ចេញទៅ​ចិន​ដោយផ្ទាល់​ចំណេញ​បាន​ច្រើន​»​។​

​បើតាម​ប្រធាន​សមាគម​កសិករ​ដំឡូង​មី​កម្ពុជា នៅ​ឆ្នាំនេះ ការដាំដុះ​ដំឡូង​មី​មានការ​ថយចុះ​ប្រមាណ​២០​ភាគរយ​ទៅ​៣០​ភាគរយ នៅ​ទូទាំងប្រទេស ដោយហេតុថា អាកាសធាតុ​រាំងស្ងួត​ពេក​បណ្តាលឱ្យ​ងាប់​ពូជ​ដែល​កសិករ​បាន​រក្សាទុក​ដាំ​បន្ត​នោះ​មាន​ច្រើន ខណៈដែល​ពូជ​ដែល​លក់​នៅលើ​ទីផ្សារ​ក៏មាន​ការឡើង​ថ្លៃ​ផងដែរ​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​ដែរ​ថា នៅក្នុង​រយៈពេល​៨​ខែ ​ឆ្នាំ​២០២៣​នេះ ការនាំចេញ​ចំណិត​ដំឡូង​មី​ក្រៀម មាន​បរិមាណ​ជាង​៩៦​ម៉ឺន​តោន ថយចុះ​ជាង​៤០​ភាគរយ​,​ដំឡូង​មី​ស្រស់ ជាង​៧២​ម៉ឺន​តោន ថយចុះ​ជាង​២៤​ភាគរយ​,​ម្សៅដំឡូង​មី ជាង​២៤​ពាន់​តោន ថយចុះ​ជាង​៥២​ភាគរយ​និង​កាកសំណល់​ដំឡូង​មី ជាង​៦​ម៉ឺន​តោន កើនឡើង​៦៧៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕