សៀមរាបៈ ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរាបានប្រទះ ឃើញសំណង់រចនាសម្ព័ន្ធថ្មី មួយគឺការសង់ជញ្ជាំងខឿនថ្ម ២ ជាន់ត្រួតគ្នា នៅរួតទី៣ នៃប្រាសាទបាយ័ន។ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា។
ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងអំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទ កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទនៅរួតទី៣ នៃប្រាសាទ។
ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នា រហូតដល់ ២ ជាន់នៅរួតទី ៣ នៃប្រាសាទបាយ័ន ដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងអំឡុងពេលសាងសង់នោះផង។
ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯខឿនដែលសាងសង់ពង្រីកក្រោយគឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។ ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។
កញ្ញា សុវណ្ណលីលីន បានពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿន ២ ជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕