ភ្នំពេញៈ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានអំពាវនាវឱ្យពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈខេត្តចំនួន ៣ កំពុងប្រឈមនឹងទឹកជំនន់។
លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ថា បច្ចុប្បន្នមានខេត្តចំនួន ៣ កំពុងប្រឈមនឹងគ្រោះទឹកជំនន់រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដោយលោកបញ្ជាក់ថា ខេត្តទាំង ៣ នេះ អាចប្រឈមនឹងបញ្ហាទឹកជំនន់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។
លោកថ្លែងថា៖ «កម្ពស់ទឹកក្នុងខេត្តទាំង ៣ នេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ គ្រាន់តែមានទឹកហូរចូលទៅកាន់តំបន់ទំនាបខ្លះនៃខេត្តរងគ្រោះទាំងនោះ ហើយក៏មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរអីដែរ ហើយយើងក៏បានឃើញអាជ្ញាធរនៅខេត្តទាំងនោះ ចេញសេចក្តីជូនដំណឹងឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នរួចរាល់ហើយដែរ»។
យ៉ាងណាមិញ បើទោះបីមិនទាន់ប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ខ្លាំងក៏ពិតមែន លោកថា គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅតែបន្តតាមដានកិច្ចការងារនេះជាប្រចាំ ហើយបានត្រៀមលក្ខណៈ និងវិធានការ ដើម្បីត្រៀមអន្តរាគមន៍ក្នុងករណីមានគ្រោះទឹកជំនន់នៅតាមមូលដ្ឋានរួចរាល់ហើយផងដែរ។
លោក សុទ្ធ គឹមកុលមុន្នី បានបន្តថា៖ «គិតមកដល់ពេលនេះ យើងបានត្រៀមវិធានការ មធ្យោបាយ សម្ភារ និងត្រៀមកងកម្លាំងអន្តរាគមន៍ឆ្លើយតបហើយដែរ គឺខាងកងទ័ព ក្រុមរុករក និងសង្គ្រោះ សម្រាប់សង្គ្រោះនៅតាមមូលដ្ឋាននីមួយៗចំនួន ១៦ កង ដែលមានប្រមាណជាង ២ ពាន់នាក់ លើសពីនេះក៏មានទាំងកងកម្លាំងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីត្រៀមឆ្លើយតបនឹងបញ្ហាទឹកជំនន់នៅទូទាំងប្រទេស»។
ជាមួយគ្នានេះ អ្នកនាំពាក្យដដែលក៏បានអំពាវនាវឱ្យពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ បង្កើនការប្រុងប្រយ័ត្ន ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ពីទឹកជំនន់ឱ្យបានជាប់ជាប្រចាំផងដែរ។
លើសពីនេះ លោក សុទ្ធ គឹមកុលមុន្នី ក៏បានជំរុញឱ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមគ្រប់មធ្យោបាយ និងសម្ភារ ដើម្បីចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ ពីតំបន់រងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព និងត្រៀមលក្ខណៈដើម្បីធ្វើការជួសជុលស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតផងដែរ។
រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងផងដែរកាលពីថ្ងៃទី ១៧ ខែកញ្ញា ដោយលើកឡើងថា ស្ថានភាពកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ នៅរក្សាកម្ពស់ ១៣,៤១ ម៉ែត្រដដែល ព្រោះមិនមានភ្លៀងធ្លាក់បន្តទៀតទេ ប៉ុន្តែកម្រិតទឹកអាចនឹងឈានដល់ការប្រកាសអាសន្នបើមានភ្លៀង ២-៣ ថ្ងៃទៅមុខទៀត។
ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ពិសេសពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានក្នុងករណីមានការលិចលង់ណាមួយកើតឡើង។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដងព្រែកឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ផងដែរ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់ ១៩,៩៥ ម៉ែត្រ ហើយតាមការព្យាករទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនៅថ្ងៃទី ១៨ ខែកញ្ញានេះ កម្ពស់ទឹកបន្តឡើងទៀត ហើយដើម្បីចៀសវាងពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានធ្វើការណែនាំពលរដ្ឋ ពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក ប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ៕