ភ្នំពេញៈ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនឈាម នៃ​ក្រសួងសុខាភិបាល​លោក​លាង ឫទ្ធា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨​ កញ្ញា​ថា កម្ពុ​ជាមាន​អ្នក​កើត​ជំងឺគ្រុនឈាម​ជិត​ ២ ​ម៉ឺន​នាក់​ក្នុងនោះ​មាន​អ្នក​ស្លាប់​ជាង​ ៣៤​ នាក់ ក្នុង​រយៈ​ពេល​ជាង ​៨ ខែ ឬ​រយៈពេល​ ៣៥​ សប្តាហ៍ ឆ្នាំ​ ២០២៣ ​នេះ​។​

​លោក​បញ្ជាក់ថា ៖ «​គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែកញ្ញា នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ចំនួន​ជាង ១​ ម៉ឺន​ ៩ ពាន់​នាក់ ក្នុងនោះ​មាន​ស្លាប់​ ៣៤​ នាក់​ដែល​ចំនួន​នេះ​កើន​ឡើង ២ ​ដង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២»​។​

​ក្នុង​រយៈពេល​ ៤​ សប្តាហ៍​ចុងក្រោយ​នេះ ស្ថានភាព​នៃ​ជំងឺគ្រុនឈាម មានការ​ថយចុះ និង​អាច​គ្រប់គ្រង​បាន​ហើយ ប៉ុន្តែ​ក្រសួងសុខាភិបាល​នៅតែ​បន្ត​ក្រើនរំឭក​ដល់​ប្រជាជន​គ្រប់រូប ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ពី​ជំងឺ​នេះ​ឱ្យបាន​ខ្ពស់​។

លោក​និយាយថា​៖ «​ឆ្នាំនេះ មានការ​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម ដោយសារតែ ស្ថិតនៅក្នុង​រដូវភ្លៀង ប៉ុន្តែ​បើ​គិត​ត្រឹម​រយៈពេល ​៤ ​សប្តាហ៍​ជាប់ៗ​គ្នា​ចុង​ក្រោយនេះ​ឃើញថា មានការ​ថយចុះ​ហើយ ដោយសារតែ​ក្រសួង​មាន​យុទ្ធនាការ​ថ្នាក់ជាតិ​តាមរយៈ​ការលុបបំបាត់​ជម្រក​មូស និង​ចេញ​យុទ្ធនា​ការដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក និង​បាញ់ថ្នាំ​សម្លាប់​មូស ដល់​មូលដ្ឋាន​នានា​របស់​ពលរដ្ឋ​»​។​

​លោក លាង ឫទ្ធា បញ្ជាក់ទៀតថា បើទោះជា​ចំនួន​ករណី​គ្រុនឈាម​កំពុង​ថយ​ចុះ តែ​លោក​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​នេះ​ឱ្យបាន​ខ្ពស់​ដោយ​ត្រូវ​យកចិត្តទុកដាក់ សម្អាត​ទីធ្លា​ជុំវិញ​ផ្ទះសំបែង និង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ស្អាត​ពិសេស​ត្រូវការ​ទុក​​ដាក់​សម្បក​ង់​ឡាន សម្បក​កំប៉ុង​ឱ្យបាន​ត្រឹមត្រូវ ព្រោះនេះ​ជា​ប្រភព​ដង្កូវ និង​ជម្រក​មូស​ខ្លា​ដ៏​ចម្បង​។

លោក​បន្ថែមថា​៖ «​ជំងឺគ្រុនឈាម​ឥឡូវ​អាច​កើតឡើង​បាន​ទាំងប្រុស ស្រី ទាំងចាស់ ទាំង​ក្មេង ក្រោម​ ១ ​ឆ្នាំ​ក៏​ឈឺ ៨០ ​ឆ្នាំ​ក៏​ឈឺ​។ អ៊ីចឹង​កុំ​ព្យាយាម​លេបថ្នាំ​ផ្តេ​ស​​ផ្តាស​ខ្លួនឯង ឬក៏​ព្យាបាល​ពេទ្យ​ដែល​គ្មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​។ ត្រូវ​រួស​រាន់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​រដ្ឋ ព្រោះ​ជំងឺ​នេះ​មាន​រយៈពេល​ព្យាបាល​តែ ៤៨ ​ម៉ោង​ទេ ហើយ​បើ​លើសពីនេះ គឺអាច​ពិបាក​ក្នុងការ​ព្យា​​បាល និង​អាច​គ្រោះថ្នាក់​ដល់​អា​យុ​ជីវិត​»​។​

​ពាក់ព័ន្ធ​នឹង​ជំងឺគ្រុនឈាម​នេះដែរ តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កាល​ថ្ងៃទី​ ១៤ ខែ​​កញ្ញា លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានបង្ហាញ​ក្តីបារម្ភ​ពី​ការ​​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម ដោយ​ជំងឺ​នេះ មាន​វដ្ដ​នៃ​ការកើនឡើង​ខ្ពស់​ខុស​ប្រក្រតី​នៅ​រៀងរាល់​ពី​ ៥ ទៅ ៦ ​ឆ្នាំ​ម្ដង​។ ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ក្រើន​​រំឭក​ដល់​ប្រជាជន​គ្រប់រូប​ត្រូវ​បន្ត​ប្រុង​​ប្រយ័ត្ន​ក្នុងការ​ការពារ​សុខភាព និង​បង្ការ​ការឆ្លង​ជំងឺគ្រុនឈាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មន្ទីរ​សុខា​ភិ​បាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ជំងឺគ្រុនឈាម​ក្នុង​រដូវភ្លៀង​ធ្លាក់​។​

​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ បាន​ចុះ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក និង​បាញ់ថ្នាំ​សម្លាប់​មូស ដល់​ប្រជាជន​នៅតាម​មូលដ្ឋាន ខ្នង​ផ្ទះ យានដ្ឋាន សាលា​-​រៀន និង​វត្ត​អារាម ជាពិសេស​នៅតាម​ទីកន្លែង​មាន​សម្ភារ​ងាយ​ដក់​ទឹក ដែល​ទុកចោល​មិន​ប្រើប្រាស់​។​

​លោក ​ឫទ្ធា ឱ្យដឹងថា សម្ភារ​ងាយ​ដក់​ទឹក​មានដូចជា​សម្បក​កង់​ឡាន​-​ម៉ូតូ សម្បក​ដប កំប៉ុង ត្រឡោក​ដូង និង​សម្ភារ​ជាច្រើន​ទៀត ដែល​អាច​បង្កឱ្យមាន​កា​រក​កើត​នៃ​ជម្រក​មូស​ខ្លា​។ លោក​ថា​៖ «​ត្រូវ​កប់ ឬ​ដុតចោល និង​រៀបចំ​កុំឱ្យ​មានទឹក​ដក់​ដើម្បី​ចូលរួម​លុបបំបាត់ និង​ទប់ស្កាត់​ការកកើត​សត្វ​មូស ស្រប​នឹង​ពាក្យស្លោក ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​របស់ខ្ញុំ និង​លំនៅ​ដ្ឋា​ន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​»៕