ភ្នំពេញៈ ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ ៤ ​ថ្ងៃ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន «​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ធំធេង​»​ ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បាន​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋ​​កិច្ច និង​ការវិនិយោគ ក៏ដូចជា​ការជំរុញ​វិស័យ​ទេសចរណ៍​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​សេចក្តីប្រកាស​ព័ត៌មានលើកឡើងថា លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​កំពូលៗ ដូចជា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង​, លោក ចាវ ឡឺ​ជី ប្រធានសភា​តំណាង​ប្រជា​ជន​ចិន​ទូទាំងប្រទេស​ និង​លោក លី ឈាង​នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​។​

​ប្រភព​ដដែល​បន្តថា ក្នុងជំនួប​ជាមួយ​លោក លី ឈាង លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ចំនួន​ ១៥ ក្នុងនោះ​ក៏មាន​ឯកសារ​ស្ដីពី​ផែនការ​សកម្មភាព​នៃ​ការកសាង​សហ​គម​ន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី​ឆ្នាំ​ ២០២៤-២០២៨ និង​កិច្ចព្រមព្រៀង​ឥណ​ទាន​សម្បទាន​សម្រាប់​គ​ម្រោ​ង សាងសង់​ស្ពាន​ទន្លេបាសាក់ ​(​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​)​ ផងដែរ​។

​ក្រៅពីនេះ​លោក ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ទទួល​ជួប​ប្រធាន​ក្រុមហ៊ុន​ចិន​ធំៗ​កម្រិត​អន្តរជាតិ អញ្ជើញ​សំណេះសំណាល​ជាមួយ​សហគ្រាស​ឧស្សាហកម្ម និង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​-​ចិន និង​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពា​ណិ​ជ្ជ​កម្ម ក្នុង​ក្របខ័ណ្ឌ កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​លើក​ទី​ ៣ (RCEP) នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​ជូន​ជាតិ​មាតុភូមិ និង​ប្រជា​​ពលរដ្ឋ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង ទៅកាន់​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន បន្ទាប់ពី​ជោគជ័យ​​ដ៏​ធំធេង ដែល​កម្ពុជា​ទើប​ទទួលបាន នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​ហ្សា​ការ​តា កាលពីពេល​ថ្មីៗ​នេះ​»​។​

​លោក ​ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ រដ្ឋ​មន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន នា​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា​ដំណើរ​ទស្សន​កិច្ច​នេះ បាន​នាំមក​នូវ​អត្ថន័យ ៣ យ៉ាង​ធំៗ​រួមមាន នយោបាយ ការទូត​សេដ្ឋកិច្ច និង​ខួប​ទំនាក់​ទំនង​ការទូត ៦៥ ឆ្នាំ​នៃ​ប្រទេស​ទាំង​ ២ (​កម្ពុជា​-​ចិន​)​។

​លោក​ថ្លែងថា​៖ «​កម្ពុជា​-​ចិន ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង ដែលជា​មរតក​ជំនាន់​មុន​។ មិត្ត​ភាព​យូ​អង្វែង​នេះ ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​មិត្តភាព​ដែកថែប​។ ជាមួយគ្នានេះ ភាគី​ទាំង ​២ ​បាន​ឯកភាព​បន្ត​ឱ្យ​ស៊ីជម្រៅ ការ​បន្ស៊ី​បញ្ចូល​គ្នា​នូវ​យុទ្ធសាស្ត្រ​បញ្ច​​កោណ​របស់​ប្រទេស​កម្ពុជា និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន ដូចជា​វិស័យ​កសិកម្ម វិស័យ​ថាមពល ការផ្លាស់ប្តូរ​ប្រ​ជា​ជន និង​ប្រជាជន​»​។​

​បើតាម​លោក ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ជាថ្មី​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន នូវ​ជំហ​របស់​កម្ពុជា ​គឺ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ និង​នយោបាយ​ចិន​តែមួយ​។ ជាមួយគ្នានេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា​ថា លោក​ឯកភាព​ជុំវិញ​លទ្ធផល​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន​។

លោក​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ប្រវត្តិសាស្ត្រ​សម្រាប់​ទំនាក់ទំនង​កម្ពុ​ជា​-​ចិន​ផង ហើយ​វា​ក៏បានផ្តល់​ផលប្រយោជន៍​មហា​សាល​ធំធេង សម្រាប់​ប្រទេស​កម្ពុជា​និយាយ​ដោយឡែក និង​និយាយ​ជារួម​រវាង​ប្រទេស​ទាំង​ ២»​។

​លោក គិ​ន ភា បន្តថា សម្រាប់​ប្រទេស​កម្ពុជា​បើ​និយាយ​ជា​ទិដ្ឋភាព​នយោបាយ គឺ​កម្ពុជា និង​ចិន ជា​មិត្ត​ដែកថែប ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ជា​ប្រទេស​ ២​ កំពុង​កសាង​សហ​គម​ន៍​ជោគវាសនា​រួមគ្នា និងត្បូង​ពេជ្រ​។

​លោក​បញ្ជាក់ថា ៖ «​ឈរលើ​មូលដ្ឋាន​នេះ ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ ត​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២​ នេះ កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ព្រមទាំង​មាន​ស្ថិរភាព​»៕