ភ្នំពេញៈ លេខាធិការដ្ឋាន​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ធុរកិច្ច​ឱ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​ចិន​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​បន្ថែមទៀត​។ ​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា អគ្គ​លេ​​ខា​ធិ​ការ​អាស៊ាន លោក កៅ​ គឹមហួន បាន​ជួបពិភាក្សា​ជាមួយ​លោក Zhang Shaogang អនុប្រធាន​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការលើកកម្ពស់​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ (CCPIT)​ និង​លោកស្រី Yang Yan Yan ប្រធាន CCPIT ប្រចាំខេត្ត​ក្វាង​ស៊ី​ (Guangxi)​ ក្នុងឱកាស​នៃ​ពិព័រណ៍​អាស៊ាន​-​ចិន ​(CAEXPO)​ លើក​ទី​ ២០​ និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិ​និ​យោគ​អាស៊ាន​-​ចិន នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។​

​គេហទំព័​លេខាធិការដ្ឋាន​អាស៊ាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​បណ្ឌិត កៅ គឹមហួន បាន​លើកទឹកចិត្ត​ដល់​ CCPIT ឱ្យ​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​ (best practice) ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP)​ ទៅដល់​ម្ចាស់​អាជីវកម្ម​ក្នុង​តំបន់​អា​ស៊ាន​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល ជីវសាស្ត្រ​និង​អាកាសចរណ៍​»​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា​នោះ លោក កៅ គឹមហួន បាន​ចែករំលែក​វិស័យ​សំខាន់ៗ​ដែល​សហគមន៍​ធុរកិច្ច​អាច​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​-​ចិន ដូចជា​កា​រត​​ភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ឌីជីថល​ភា​​វូប​នីយកម្ម​និង​សេដ្ឋកិច្ច​បៃតង​។​

កាលពី​ថ្ងៃទី ​១៧ ខែកញ្ញា លោក កៅ គឹមហួន បានប្រកាស​បើក​ជា​ផ្លូវការ​នូវ​ពិព័រណ៍​អាស៊ាន​-​ចិន​នេះហើយ​លោក​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការអភិវឌ្ឍ​ជា​វិជ្ជមាន​របស់​ពិព័រណ៍​អាស៊ាន​-​ចិន​សម្រាប់​ប្រជាជន​ក្នុង​តំបន់​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាល​ថ្ងៃទី​ ១៦ ខែកញ្ញា ក្នុងឱកាស​នៃ​ពិព័រណ៍​នេះ​លោក​អគ្គលេខាធិការ​អាស៊ាន​ថ្លែងថា លោក​ទន្ទឹងរង់ចាំ​ការគាំទ្រ​ពី​កម្ពុជា​ក្នុងការ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​បន្ថែមទៀត​។​

​នាឱកាស​ពិព័រណ៍​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន Artwell Tapioca នៃ​ប្រទេស​ចិន និង​ក្រុមហ៊ុន ID Capital​ និង Advance Digital World Trade នៃ​ប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ដំឡូង​មី​ស្ងួត​ទៅ​ចិន​ក្នុង​រយៈពេល ​៨​ ឆ្នាំ​ដែល​បែង​ចែកចេញជា​ ៣ ​ដំណាក់កាល​។​

​ក្នុងអំឡុងពេល​ពិព័រណ៍​នេះដែរ លោក កៅ គឹមហួន បាន​ចែករំលែក​អំពី​វិធី​ដែល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​អាច​ត្រូវបាន​ពង្រីក​បន្ថែម​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។ លោក និង​លោក​Chen Yun ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​ឈ្មោះ China Railway Group Limited (CREC) បាន​ពិភាក្សា​អំពី​គម្រោង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​សំខាន់ៗ​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​ការគាំទ្រ​សេវាកម្ម​ដ៏​មាន​សក្តានុពល​ពី​ក្រុមហ៊ុន​នេះ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​។​

​រីឯ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ក្វាង​ស៊ី លោក កៅ​ គឹមហួន បានទទួល​ស្គាល់​គំនិត​ផ្តួចផ្តើម​របស់​ខេត្ត​នេះ ក្នុងការ​​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​-​ចិន ហើយ​បាន​បញ្ជាក់ថា ការតភ្ជាប់​កម្រិត​ខ្ពស់​រវាង​ខេត្ត​ក្វាង​ស៊ី និង​អាស៊ាន​បង្ហាញ​ពី​ឱកាស​បន្ថែមទៀត​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សួន​ឧស្សាហកម្ម Nanning Shuangding Eco-Industrial Park លោក កៅ គឹមហួន ក៏បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​នេះ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​កាកសំណល់ និង​បង្កើត​ថាមពល​សម្រាប់​គ្រួសារ​រាប់លាន​នាក់​ក្នុងប្រទេស​ចិន​។​

​ជាមួយគ្នានេះ លោក​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​នេះ​ឱ្យ​កំណត់​វិស័យ​ដែលមាន​សក្តា​នុ​ពល​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ជាពិសេស​វិស័យ​ថាមពលបៃតង​។​ចំណែក​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោកស្រី Wei Zhaohui អគ្គ​​លេខាធិការ​ពិព័រណ៍​អាស៊ាន​-​ចិន លោក​គឹមហួន បាន​លើកឡើងថា ពិព័រណ៍​នោះ​គឺជា​មាគ៌ា​អាជីវ​​កម្ម​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សហគ្រាស​អា​ស៊ាន និង​ជា​ប្លាត​ហ្វ​ម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​អាស៊ាន​ដើម្បី​ចូលក្នុង​ទីផ្សារ​របស់​ចិន​៕