ភ្នំពេញៈ អ្នកជំនាញ លើកឡើងថា សមត្ថភាពបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជានៅមានកម្រិតខ្សោយដែលទាមទារឱ្យមានការពង្រឹងបន្ថែមទៀតដើម្បីឆ្លើយតប ស្របពេលកម្ពុជាជាប្រទេស ១ ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងចាំបាច់ត្រូវការការចូលរួម។
ការលើកឡើងនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ កញ្ញា ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុលើកទី១ នៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានអ្នកចូលរួមប្រមាណ ៣០ នាក់ ភាគច្រើនជាអ្នកសារព័ត៌មានមកពីស្ថាប័ននានា។
នៅក្នុងឱកាសធ្វើបទបង្ហាញលោក នង មុនិន្ទ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមការស្រាវជ្រាវចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ មកកម្ពុជានៅតែស្ថិតនៅក្នុងប្រទេសដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ សមត្ថភាពបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជានៅតែមានកម្រិតខ្សោយដែលទាមទារឱ្យមានការពង្រឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ។
លោកបញ្ជាក់ថា៖ «បើសិនជាយើងនិយាយពីគ្រោះមហន្តរាយនៅប្រទេសកម្ពុជាប្រៀបទៅប្រទេសផ្សេងៗ ដូចជានៅជប៉ុនអីជាដើម ឃើញថា យើងអត់មានរញ្ជួយដីទេ ហេតុអ្វីបានភាពងាយរងគ្រោះខ្លាំងជាងគេ? ទាំងនេះ គឺពាក់ព័ន្ធទៅនឹងការសម្របខ្លួន ឬសមត្ថភាពបន្ស៊ាំខ្លួនរបស់កម្ពុជានៅខ្សោយ។
ដោយសារអីបានយើងថា នៅខ្សោយគឺពាក់ព័ន្ធនឹងចំណេះដឹងការទទួលយកព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិធីសាស្ត្រមួយចំនួនដែលយើងត្រូវការដើម្បីដោះស្រាយ ក៏ដូចជាទប់ទល់នឹងផលប៉ះពាលពីការប្រែប្រួលអាកាសធាតុ»។ ការប្រែប្រួលអាកាសធាតុជាបញ្ហាសកល ហើយបានបង្កផលប៉ះពាល់ស្ទើរតែគ្រប់វិស័យ ជាពិសេសលើ សន្តិសុខស្បៀង សន្តិសុខទឹក សុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គមជាដើម។ បន្ថែមពីនេះមានការកើនឡើងកម្តៅកាន់តែខ្លាំង និងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងកម្ពស់នីវ៉ូទឹកសមុទ្រ និងរលកកម្តៅកើតមានឡើងកាន់តែច្រើន។
លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគឺទាមទារឱ្យយើងធ្វើការត្រៀមខ្លួនក្នុងការឆ្លើយតបនឹងកសាងភាពធន់ឱ្យកាន់តែខ្លាំង និងមានភាពរឹងមាំឡើង។ ដើម្បីសម្រេចឱ្យបាននូវគោលដៅការបន្ស៊ាំ និងកសាងភាពធន់ នឹងអាកាសធាតុក្នុងសហគមន៍មួយ វាចាំបាច់ណាស់ដែលសហគមន៍ទាំងអស់នោះ ត្រូវមានការយល់ដឹងពីយន្ដការយុទ្ធសាស្ដ្រនានា ក៏ដូចជាផែនការជាតិបន្ស៊ាំនឹងការប្រែ-ប្រួលអាកាសធាតុ។ លោកបញ្ជាក់ថា៖«កម្ពុជាជាប្រទេសមួយដែលប្រឈមនឹងភាពងាយរងគ្រោះពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ក៏ប៉ុន្ដែកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្របន្ស៊ាំ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញការអនុវត្ត និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតែជាកត្ដាប្រឈម ដោយទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគី និងដៃគូអភិវឌ្ឍន៍នានា»។
នៅក្នុងន័យនេះ លោក ភាវ សុវុទ្ធី ក៏អំពាវនាវទៅដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាននៅទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងដល់សហគមន៍ទាំងអស់ និងជាពិសេសការសរសេរបកស្រាយពីព័ត៌មាន ទិន្នន័យបែបវិទ្យាសាស្ដ្រ រូបសាស្ដ្រទាក់ទងការប្រែប្រួលអាកាសធាតុ ឱ្យស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាតិក្រុមគោលដៅ និងក្រុមងាយរងគ្រោះ ឬស្ថាប័នជាតិអន្ដរជាតិ និងទៅតាមស្ថានភាពជាក់ស្តែង។
លោក ពេញ ផេង ជាអ្នកយកព័ត៌មានម្នាក់នៅវិទ្យុ VAYO បានទទួលស្គាល់ថា ការផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុទៅកាន់ពលរដ្ឋមូលដ្ឋាន គឺនៅមិនទាន់ធ្វើបានទូលំទូលាយនៅឡើយទេ ជាពិសេសព័ត៌មានទាំងនេះ ក៏ហាក់នៅមិនទាន់មានខ្លឹមសារស៊ីជម្រៅនៅឡើយដែរ។ ស្របពេលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ កំពុងតែបន្តកើតឡើង ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងអ្នកងាយរងគ្រោះឱ្យបានដឹង និងទាន់ពេលវេលា គឺជារឿងចាំបាច់ណាស់ ដើម្បីចាប់ផ្តើមចូលរួមទប់ស្កាត់ដែលអាចឱ្យពលរដ្ឋបន្ស៊ាំខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកថា៖ «ជាការពិតសម្រាប់ប្រជាពលរដ្ឋក្នុងយុគសម័យនេះ គឺជាពេលវេលា ១ ដែលប្រជាពលរដ្ឋត្រូវស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតពីផលប៉ះពាល់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយប្រជាពលរដ្ឋផ្ទាល់ក៏ត្រូវតែបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនេះដែរ ព្រោះថា ដើម្បីបង្កាហានិភ័យផ្សេងៗដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាប៉ះពាល់ទៅដល់អាយុជីវិត»។
តាមការសិក្សាថ្មីៗ ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថានបង្ហាញថា ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ២,៥ភាគរយនៅឆ្នាំ ២០៣០ និងដល់ ៩,៨ ភាគរយ នៅឆ្នាំ ២០៥០ ទោះបីជាការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២ អង្សាសេក៏ដោយ៕