ភ្នំពេញៈ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​បារាំង​នឹង​បន្ត​គាំទ្រ​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយនឹង​មន្ត្រី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក Jacques Pellet ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើងថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​គ្នា និង​គ្នា​។

​លោក​ថា​៖«​កន្លងមក រាជរដ្ឋាភិបាល​បារាំង បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ​នានា​ជួយ​ក្នុង​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍ ជូន​ដល់​និស្សិត​កម្ពុជា​ជាច្រើន​ផងដែរ​»​។​

​ជាមួយគ្នានេះ លោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​AFD​នាពេល​កន្លងមក​ផងដែរ​។​

​លោកស្រី ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមទុក​ដែរ​ថា​៖ «​នៅក្នុង​អាណត្តិ​ថ្មី​នេះ​កិច្ចសហប្រតិបត្តិការ នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ រដ្ឋាភិបាល​បារាំង នឹង​គាំទ្រ​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ​តាម​ការស្នើសុំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បន្ថែមទៀត​»​។​

​ជុំវិញ​ការលើកឡើង​នេះ លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​បារាំង​ដែល​គាំទ្រ​ដល់​វិស័យ​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា ពិ​សេ​ចំពោះ​រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា ដែល​តែងតែមាន​កិច្ចសហប្រតិបត្តិការ និង​ផ្តល់​ជា​ជំនួយ​មក​កម្ពុជា​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖«​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឈានឆ្ពោះ​ទៅកាន់​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្អែកលើ​វិស័យ​អាទិភាព​ចំនួន​៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល​»​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ដែរថា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា ក្រសួង​ក៏បាន​រៀបចំ​កម្មវិធី​អាទិភាព​របស់ខ្លួន​តាម​រយៈ ការជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ និង​គមនាគមន៍ កែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ សំដៅ​ពង្រីក​វិសាលភាព​នៅ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ទៅដល់​ទីជនបទ​ផងដែរ​។​

​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​បាន​គាំទ្រ​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​ផ្នែក​រចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច (​អគ្គិសនី ទឹក អនាម័យ ប្រព័ន្ធធារាសាស្ត្រ​) ទីក្រុង និង​តំបន់​ជនបទ​។

​ជាមួយនេះ AFD ក៏​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​សម្រួល​ដល់​ការទទួលបាន​សេវា​មូលដ្ឋាន​នៅ​តំបន់​ជនបទ​ដែលមាន ៧០% នៃ​ប្រជាជន​កម្ពុជា​រស់នៅ​។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (​ផ្លូវ​ជនបទ​) គឺជា​អាទិភាព​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់​អង្គការ AFD ជាពិសេស​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញបន្ថែម​សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ កសិកម្ម សុខាភិបាល និង​វិស័យ​អប់រំ​ជាដើម​៕