ភ្នំពេញៈ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋានបើកការស៊ើបអង្កេតតាមពាក្យបណ្តឹងរបស់ពលរដ្ឋពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោយពិនិត្យឃើញមានបាតុភាពមិនល្អ។
សេចក្តីសម្រេចដែលចុះហត្ថលេខារបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី ១៥ ខែកញ្ញា បានប្រកាសថា ក្រសួងសម្រេចផ្អាកជាបណ្តោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ក្រសួង ក៏បានប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គម។
បន្ថែមពីនេះ លោក ស សុខា ក៏បានប្រគល់ភារកិច្ចឱ្យអគ្គស្នងការនគរបាលជាតិចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើនៅតែបន្តសកម្មភាពផ្ទុយពីការសម្រេចនេះផងដែរ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៩ ខែកញ្ញា បន្ថែមថា ការសម្រេចនេះ ក៏ព្រោះតែទទួលបានព័ត៌មានពីភាពមិនប្រក្រតីមួយចំនួនពីសំណាក់មន្ត្រីអនុវត្តច្បាប់ ដែលនាំឱ្យម្ចាស់អាជីវកម្មមានការភាន់ច្រឡំ និងបង្កភាពអវិជ្ជមានដល់ស្ថាប័នផ្ទាល់ ដូច្នេះដើម្បីជម្រះមន្ទិលទាំងនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ឈានទៅសម្រេចផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពរបស់មន្ត្រីនគរបាល និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃមួយរយៈ ដើម្បីងាយស្រួលបើកការអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថា៖«កន្លងទៅសមត្ថកិច្ចនគរបាលទទួលបន្ទុកចុះប្រតិបត្តិការតាមជំនាញ និងច្បាប់ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។ ទន្ទឹមនេះក៏មានបុគ្គលខ្លះរងការរិះគន់ថា ខ្វះចន្លោះក្នុងបេសកកម្ម។ លើសពីនេះទៅទៀត ក៏មានការលេចឮដំណឹងថា មានជនឱកាសនិយម ក្លែងបន្លំធ្វើជានគរបាលមានសមត្ថកិច្ចចុះធ្វើសកម្មភាពអវិជ្ជមាននានា ដែលនាំឱ្យម្ចាស់អាជីវកម្មមានការភាន់ច្រឡំ»។
លោក ទូច សុខៈ បានឱ្យដឹងដែរថា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេតតាមជំនាញ និងនីតិវិធី ដើម្បីធ្វើរបាយការណ៍ជូនលោករដ្ឋមន្ត្រីពិនិត្យសម្រេច និងឈានទៅចាត់វិធានការចំពោះមន្ត្រីណាដែលរកឃើញថា ប្រព្រឹត្តខុសតួនាទីភារកិច្ច និងគោលការណ៍ច្បាប់ក្នុងពេលឆាប់ៗ។
លោក បានបញ្ជាក់បន្ថែមថា៖«ទន្ទឹមនេះ ប្រសិនបើក្នុងពេលផ្អាកបណ្ដោះអាសន្ននេះ មាននគរបាលណា ឬអង្គភាពចំណុះក្រសួងណា ធ្វើសកម្មភាពទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ប្រគល់សិទ្ធិជូនទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការលើបុគ្គល ឬអង្គភាពដែលល្មើសនេះតាមច្បាប់»។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហើយគណៈកម្មាធិការនេះ ស្ថិតក្រោមក្រសួងមហាផ្ទៃ ដោយមានលោក មៀច សុផាន់ណា ជាប្រធាន។
គណៈកម្មាធិការដែលបានបង្កើតនេះ គឺមានភារកិច្ចចំនួន៦ ចំណុច ក្នុងការសហការ ស្រាវជ្រាវ ស៊ើបអង្កេត អប់រំផ្សព្វផ្សាយ បណ្តុះបណ្តាល និងចាត់វិធានការជុំវិញផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូល ការផលិត ការស្តុកទុក និងចែកចាយទំនិញក្លែងក្លាយនៅកម្ពុជា។
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនេះ មិនអាចសុំការអត្ថាធិប្បាយជុំវិញការសម្រេចនេះបានទេ ដោយលោក អះអាងថា កំពុងរវល់។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា បើមានបាតុភាពមិនល្អណាមួយដែលកើតឡើង បណ្តាលពីការអនុវត្តរបស់មន្ត្រី នោះការផ្អាកសកម្មភាព ដើម្បីបើកការស៊ើបអង្កេត គឺជារឿងត្រឹមត្រូវ។ លោក បានបន្តថា ក្រសួងគួរតែមានការពិនិត្យឡើងវិញលើបញ្ហាទាំងនេះ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់មន្ត្រីអនុវត្តច្បាប់។
លោក បានបញ្ញាក់ថា៖«ប្រសិនបើសកម្មភាពនៃការស្រាវជ្រាវ ស៊ើបអង្កេតផលិតក្លែងក្លាយមួយចំនួនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ មានផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬមានការប្តឹងផ្តល់តវ៉ានោះ គឺគួរតែផ្អាកហើយ ដើម្បីពិនិត្យរកដើមចម និងពង្រឹងគុណភាព ប្រសិទ្ធភាពលើកិច្ចការងារនេះឡើងវិញ»៕