ភ្នំពេញៈអគ្គ​លេខា​ធិការ​អាស៊ាន ​លោក ​កៅ គឹមហួន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​លេខាធិ​កា​រដ្ឋាន​អាស៊ាន​មក​ចូលរួម​ក្នុង​កិច្ចប្រ​ជុំ​ថ្នាក់​ដឹក​នាំ​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អាស៊ី​អាគ្នេយ៍​លើក​ទី​២០និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ​ខែកញ្ញា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​លេខា​ធិការដ្ឋាន​អាស៊ាន​បញ្ជាក់​នៅ​ថ្ងៃទី​១៩​ ខែ​កញ្ញា ថា​ លោក​កៅ ​គឹម​ហួន នឹង​ថ្លែង​សុន្ទ​រកថា​គន្លឹះ​ស្តីពី​ការ​ជំរុញ​ការ​អនុវត្ត​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​រវាង​អា​ស៊ាន​ និង​សហ​ព័ន្ធ​អន្តរ​ជាតិ​កាក​បាទ​ក្រហម និង​ចូល​រួម​ក្នុង​ពិធី​ដាំ​ដើម​ឈើ​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បន្ត​ថា​៖«​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​ឯក​ឧត្តម​បណ្ឌិត​ កៅ ​គឹមហួន​ នឹង​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​កាក​បាទ​ក្រហម​កម្ពុជាព្រម​ទាំង​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ទៀត ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​អាស៊ាន ​និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​»​។​

​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​និង​ទំនាក់​ទំនង​របស់​អា​ស៊ាន​ជា​មួយ​​ចលនា​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​ក្នុង​ការ​ឆ្ពោះ​ទៅ​រកដំណោះ​ស្រាយ​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នៅ​ក្នុង​តំបន់​។​

​នៅក្នុង​ឆ្នាំ​នេះ ​កាក​បាទ​ក្រហម​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​លើក​ទី​២០​និង​វេទិកា​យុវ​ជន​លើក​ទី​២ នៃ​សមា​គម​ជាតិ​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍ ​ចាប់​ពី​ថ្ងៃទី​១៧ ​ដល់​ថ្ងៃទី​២២​ខែ​កញ្ញា ​បន្ទាប់​ពី​សមា​គម​ជាតិ​អឌ្ឍ​ចន្ទ​ក្រហម​ប៊្រុយ​ណេ ​ធ្វើជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២២​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​១១​ ខែកញ្ញា​ ថា កិច្ច​ប្រជុំ​ថ្នាក់ដឹ​កនាំ​លើក​ទី​២០​នេះ ​នឹង​ប្រមូល​ផ្ដុំ​ថ្នាក់​ដឹក​នាំ​កាក​បាទ​ក្រហម និង​អឌ្ឍច​ន្ទ​ក្រហម ​មកពី​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​, សហ​ព័ន្ធ​អន្តរ​ជាតិ​នៃ​សមា​គម​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ​និង​គណៈ​កម្មាធិ​ការ​អន្តរ​ជាតិ​កាក​បាទក្រ​​ហម ​ដើម្បី​ពិភាក្សា និង​សម្រេច​លើក្តី​កង្វល់​រួម ​ដែល​សមា​ជិក​រួម​មាន ​អឌ្ឍ​ចន្ទ​ក្រហម​ប៊្រុយ​ណេ​, កាក​បាទ​ក្រហម​កម្ពុជា​, កាក​បាទ​ក្រហម​ឥណ្ឌូ​នេស៊ី​, កាក​បាទក្រ​ហម​ឡាវ​, អឌ្ឍ​ចន្ទ​ក្រហម​ម៉ាឡេស៊ី​, កាក​បាទ​ក្រហម​មី​យ៉ាន់​ម៉ា​, កាក​បាទ​ក្រហម​ហ្វី​លីពីន​, កាក​បាទក្រ​ហម​សិង្ហ​បុរី​, កាក​បាទក្រ​ហម​ថៃ​, កា​កបាទ​ក្រហម​ទី​ម័​រ​ខាង​កើត និ​ង​កាក​បាទ​ក្រហម​វៀត​ណាម សរុប​ប្រមាណ​ ៤០​នាក់​។​

​វេទិកា​យុវ​ជន​ទី​២ ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃទី​២០​ ខែកញ្ញា ​ដោយ​មាន​ប្រតិភូ​យុវជន​មកពី​សមា​គម​ជាតិ​ទាំង​១១ ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។ វេទិកា​នេះ​ផ្ដោត​សំខាន់​លើ​ការ​កសាង​សមត្ថ​ភាព​នៃ​ការប្រា​ស្រ័យ​ទាក់​ទង ​និង​ដោះ​ស្រាយ​បញ្ហា​របស់​យុវ​ជន ដោយ​ប្រើ​បច្ចេក​វិទ្យា​ឌីជី​ថល ​និង​វេទិកា​ផ្សេងៗ​ដោយ​ការ​អនុវត្ត​វិធី​សាស្ត្រច្នៃ​រក​ដំណោះ​ស្រាយ​ថ្មីក្នុង​ការ​ងារ​មនុស្ស​ធម៌​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​បញ្ជាក់​ថា ​គណៈ​ប្រតិភូ​យុវជន​ទាំង​អស់​គ្រោង​នឹង​ដាំ​ដើម​ឈើ​ចំនួន​២ ០០០​ដើម​លើ​ផ្ទៃដី​ជាង ២​ហិកតា​ និង​នៅ​កសិណ ​ជុំវិញ​ព្រះ​ចុ​ល្លា​មុនី​ចេតិយ ​នៅថ្ងៃទី​២០ ​ខែក​ញ្ញា នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាស​នា ក្នុង​ឧទ្យាន​ជាតិ​សុរា​ម្រឹត​ព្រះកុ​សុមៈ​គិរី​រម្យ ដោយ​មាន​កិច្ច​សហ​ការ​ពី​ក្រសួង​បរិស្ថាន​ ក្រសួង​កសិ​កម្ម និង​ប្រធាន​មជ្ឈម​ណ្ឌល​។

​ការ​ដាំ​ដើម​ឈើ​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធា​រ​ណៈអំពី​ដំណោះ​ស្រាយ​ដោយ​ផ្អែកលើ​ធម្ម​ជាតិ​ក៏ដូច​ជា​លើកទឹ​កចិត្ត​ដល់​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការដាំ​ដើម​ឈើដើ​ម្បី​ដោះ​ស្រាយ​វិបត្តិ​អាកាស​ធាតុ​៕