ភ្នំពេញៈ​លោក​ទេស​រដ្ឋ​មន្ត្រី លី ធុជ​ អ​នុប្រធាន​ទី​១ អាជ្ញា​ធរ​មីន​ នៅ​ថ្ងៃទី​១៩​ ខែកញ្ញា បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នឹង​លោក​ស្រី​ Devyani Khobragade ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ដោយ​ភាគី​ឥណ្ឌា​ប្រកាស​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា​ផង​ដែរ​។

​នៅ​ក្នុង​ជំនួប​នោះ​ភាគី​ទាំង​២​បាន​លើកឡើ​ង​ពី​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រ​តិបត្តិការ​រ​វាង​ប្រទេស​ឥណ្ឌា ​និង​កម្ពុជា រួ​មមាន​វិស័យ​នយោ​បាយ ​ការ​ពង្រឹង​និង​ការ​តភ្ជាប់​លទ្ធិ​ប្រជាធិប​តេយ្យ ​កិច្ច​សហ​ប្រតិប​ត្តិការ​សេដ្ឋ​កិច្ច ការ​ពារ​ជាតិ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ទំនាក់​ទំនង​វប្បធម៌ និង​ការ​ងារ​មនុស្ស​ធម៌​ជា​ដើម​។​

​ក្នុង​នាម​នាយក​រដ្ឋមន្ត្រី​ក​ម្ពុជា ​លោក​ទេស​រដ្ឋ​មន្ត្រី ​លី ធុជ បាន​ថ្លែង​អំណរគុ​ណ​ដល់​រដ្ឋាភិ​បាល និង​ប្រជា​ជន​នៃ​​សាធា​រណរ​ដ្ឋ​ឥណ្ឌា តា​មរយៈ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ​ដែល​បាន​ផ្តល់​ទឹកចិត្ត​ប្រកប​ដោយ​សប្បុរស​ជួយ​សម្រាល​បន្ទុក​ លុប​បំបាត់​ការ​ភ័យ​ខ្លាច និង​លើក​កម្ពស់​ជីវភា​ព​រស់​នៅ​របស់​ប្រ​ជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​។

​យោង​តាម​ហ្វេ​ស​ប៊ុ​ករបស់​អាជ្ញា​ធរ​មីន​នៅ​ក្នុង​ជំនួ​បនោះ​​លោ​ក លី ធុជ បាន​លើក​ឡើង​ថា ៖ «​យើង​សូម​សរសើ​រ និង​វាយ​តម្លៃ​ខ្ពស់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​លោក​ជំទាវ​ និង​សហ​ការី​ ដែល​បាន​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិ​បាល​ឥណ្ឌា ​ក្នុងការ​ចូលរួម​ជួយ​ដល់​ការ​បោស​សម្អាត​មីន​មនុ​ស្សធម៌ ​ដោយ​ជ្រើស​រើស​យក​ខេត្ត​កោះ​កុង​ជា​ខេត្ត​អាទិ​ភាព​ក្នុងការ​អនុវត្ត​គម្រោង​ដំបូង​របស់​ខ្លួន​»​។​

​លោក​បាន​បន្តថា​ ទំនាក់​ទំនង​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌា ដែ​ល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ប្រវ​ត្តិសាស្ត្រ​ដ៏​យូរ​លង់​នៃ​បេតិក​ភណ្ឌ​សា​សនា ​វប្ប​ធម៌ និង​ភាសា​ នៅ​តែ​បន្ត​ឈរ​យ៉ាង​រឹងមាំ​​ក្នុង​រយៈ​ពេល៧១ឆ្នាំ​ចុង​ក្រោយ ​នៅពេ​ល​ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥២​។

​លោក​លី ធុជ បានថ្លែង​ថា ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត ​រវាង​ប្រទេស​ទាំង​២ បាន​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធ​ផល​ទ្វេ​ភាគី ​នៃ​ប្រទេស​ទាំង​២ ​ក្នុង​រយៈ​ពេល​ជាង​៧​ទស​វត្សរ៍​នេះ នូវ​កាលានុ​វត្ត​ភាព​នៃ​សហ​ប្រតិ​បត្តិការ​ជា​ច្រើន​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២​។

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញា​ធរ​មីន​នោះ​ដែរ​ លោក​ស្រី​ឯក​អគ្គរដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើងថា​ ៖ «​តាម​រយៈ​គម្រោង​ផ្តល់​ផល​រហ័ស ​រដ្ឋាភិ​បា​ល​ឥណ្ឌា​បាន​ផ្តល់​ការគាំទ្រ​ថវិកា​ដល់​អាជ្ញា​ធរ​មីន​លើ​ការ​អនុវត្ត​គម្រោង​ភូមិ​អស់​មីន​នៅ​ខេត្ត​កោះកុ​ង និង​ការ​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ជន​មាន​ពិកា​រភាព​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​តាម​រយៈ​ការ​ផ្តល់នូវ​អ​វយវៈ​សិប្ប​និម្មិត​ចំនួន​៥០០ ផង​ដែរ​»​។​

​ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី​Devyani Khobragade ក៏បាន​ថ្លែង​អំណរគុ​ណ​ដល់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា តាម​រយៈ​អាជ្ញា​ធរ​មីន​ដែល​ផ្តល់​ការ​គាំទ្រនិង​ផ្តល់​កិច្ច​សហប្រ​តិបត្តិ​កា​រយ៉ា​ង​ល្អប្រសើរ​ក្នុង​ការ​អនុវត្ត​គម្រោង​បោស​សម្អាត​មីន ​និង​សម្រប​សម្រួល​ដល់​ការ​ចូល​រួម​ការងារ​ម​នុស្ស​ធម៌​នៅ​កម្ពុជា​។​

​សូម​បញ្ជាក់​ថា ចាប់តាំង​ពី​បង្កើត​ទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ​១៩៥២​ ​កម្ពុជា និង​ឥណ្ឌា​បាន​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ ​និង​ផ្តល់​ផល​ប្រយោ​ជន៍​ទៅវិ​ញទៅ​មក​គ្រប់​កម្រិត ​មិន​ថា​ ក្នុង​កម្រិត​ទ្វេ​ភាគី​ តំបន់ និង​ពហុ​ភាគី ​ព្រម​ទាំង​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ដូច​ដែល​បាន​ឆ្លុះ​បញ្ចាំងតាម​រយៈ​ការ​កើន​ឡើង​នៃ​គណៈ​ប្រតិភូ​ផ្លូវការ ​ព្រម​ទាំង​ការ​ផ្លាស់​ប្តូររវាង​ប្រជា​ជន​និង​ប្រជាជ​ន វប្ប​ធម៌ ​ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច​៕