ភ្នំពេញៈ នាយកខុទ្ទកាល័យប្រធានរដ្ឋសភា បានថ្លែងថា នៅសប្តាហ៍ក្រោយនេះ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសតួកគី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំង ២ បន្ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង ២ ខណៈកន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ នៅមានកម្រិតនៅឡើយ។ នេះបើតាម លោក កែវ វិសិដ្ឋ នាយកខុទ្ទកាល័យប្រធានរដ្ឋសភា។
លោក កែវ វិសិដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានជំនួបរវាងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយលោកស្រី អ៊ុលគូ កូចាអេហ្វេ (ÜlküKocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោក កែវ វិសិដ្ឋ បានថ្លែងថា៖«បើយើងពិនិត្យទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទំហំទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារ ចាប់តាំងពីឆ្នាំ២០០៧មក ខណៈដែលឆ្នាំ២០២២កន្លង មានទំហំទឹកប្រាក់ជិត១៥០លានដុល្លារ។ គោលនយោបាយរបស់តួកគី គឺមានភាពស៊ីគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍលើវិស័យឧស្សាហកម្ម កសិកម្ម ឌីជីថល និងវិស័យផ្សេងៗទៀត»។
លោកបន្តថា៖ «ព្រឹត្តការណ៍សំខាន់ ដែលនឹងត្រូវរៀបចំនាសប្តាហ៍ក្រោយនេះ គឺទូតតួកគី នឹងមានកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មមួយជាមួយភាគីកម្ពុជា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ បន្ថែមទៀត។ ចំណុចសំខាន់១ គឺការបង្កើតមជ្ឈមណ្ឌលវប្បធម៌តួកគី ដែលនឹងរួមចំណែកដល់ការអប់រំ ក៏ដូចជាពង្រឹងវប្បធម៌នៃប្រទេសទាំង២ ផងដែរ»។
បើតាមលោក កែវ វិសិដ្ឋ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតួកគីនាសប្តាហ៍ក្រោយ ក្រៅពីផ្តោតសំខាន់លើការធ្វើទំនាក់ទំនងពាណិជ្ជកម្មហើយ គណៈប្រតិភូតួកគី ក៏នឹងពិភាក្សាគ្នាលើវិស័យអប់រំផងដែរ ដោយតួកគីនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសតួកគីផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសតួកគី មានបំណងជួយកម្ពុជា ឱ្យសម្រេចបានផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយតួកគី នៅមានទំហំតូចនៅឡើយ ហើយដោយសារតែប្រទេសទាំង២ មានកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួនទៀត ទើបចាំបាច់ណាស់ ដែលត្រូវតែមានការប្រជុំពិភាក្សា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើង។
លោកបានបន្ថែមថា វិនិយោគិននៃប្រទេសតួកគី មានសក្តានុពលខ្លាំង ដែលអាចឱ្យកម្ពុជាសហការជាមួយ ដើម្បីជំរុញការវិនិយោគនៅកម្ពុជាបាន បន្ទាប់ពីសភាពាណិជ្ជកម្មកម្ពុជាបានជួប និងស្នើអ្នកធុរកិច្ចនៅក្នុងប្រទេសតួកគីនេះ កាលពីពេលខែកុម្ភៈកន្លងទៅ ឱ្យមកទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«កិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នាខែតុលា ឆ្នាំមុន បានបើកច្រកបន្ថែមទៀតរវាងប្រទេសទាំង២ ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែធំទូលាយ ដោយសារតែតួកគី ជាមជ្ឈមណ្ឌលធុរកិច្ចមួយដែលមានភាពទាក់ទាញសម្រាប់កម្ពុជា ក្នុងការនាំចេញទំនិញផងដែរ»។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល ៥ឆ្នាំ(២០១៧-២០២១) ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣លានដុល្លារ។ ដោយឡែកក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម មានប្រមាណជិត១៥០លានដុល្លារ មានការកើនឡើងតិចតួច។ ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅប្រទេសតួកគីមានដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើរ អង្ករ ឆត្រ ខណៈដែលកម្ពុជានាំចូលទំនិញពីតួកគីវិញ រួមមាន៖ ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕