តាកែវៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើនចាប់ពីពេលនេះទៅ ដោយសារយោងតាមក្រសួងផែនការបានរាយការណ៍ថា តាមការព្យាករ ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលមានមនុស្សចាស់ច្រើនជាងក្មេងនៅឆ្នាំ ២០៥០។
លោកបានថ្លែងដូចនេះក្នុងជំនួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «ថ្ងៃមុនប្រជុំរៀបចំផែនការគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ ដែលពេលនោះយើងនិយាយដល់រឿងវិទ្យាសាស្រ្ត ដោយក្រសួងផែនការ បានរាយការណ៍ថា តាមការព្យាករប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ ២០៥០។ ខ្ញុំថា មើលទិន្នន័យឱ្យបានច្បាស់ ឆ្នាំ២០៥០ គឺនៅសល់តែ ២៧ ឆ្នាំទៀតទេ ហើយឆ្នាំ ២០៥០ ជាឆ្នាំគោលដៅយើងក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹង ដល់ពេលហ្នឹង ប្រទេសយើងចាស់ច្រើនជាងក្មេង»។
លោកបន្តថា៖ «ប្រសិនបើទិន្នន័យនេះត្រឹមត្រូវ គឺត្រូវគិតគូរពីក្របខ័ណ្ឌគោលនយោបាយវិទ្យាសាស្រ្តឡើងវិញ ព្រោះ២៧ឆ្នាំទៀត មិនយូរទេ ហើយប្រជាពលរដ្ឋយើងត្រូវការធានាពលកម្មពេញទៅមុខបានយូរឆ្នាំ»។
លោកហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា លោកបាននិយាយលេងជាមួយនឹងនាយករដ្ឋមន្រ្តីចិន កាលពីលោកចូលរួមទស្សនកិច្ចផ្លូវការ នៅប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ ខាងប្រទេសចិនឥឡូវប្រជាជនច្រើន តែប្រជាជនចាស់ច្រើន ដោយសារពីដើមចិន បានដាក់កំណត់យកកូនតែ១ ប៉ុន្តែនៅពេលដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាជនមានកូន២ ឬ៣ ប្រជាជនចិនមិនមានអ្នកណាចង់បានកូនច្រើនឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ៖ «ប្រទេសមួយចំនួន នៅអាស៊ានក៏ដូចជាមានបញ្ហាដែរ នៅសិង្ហបុរី និងនៅជប៉ុនចំនួនមនុស្សចាប់ផ្តើមថយចុះ។ អ៊ីចឹង ខ្ញុំសុំឱ្យមើលប្រសិនបើត្រូវឱ្យប្រជាពលរដ្ឋកើនច្រើន ត្រូវមានកូនពីពេលនេះ កុំចាំដល់ឆ្នាំ២០៥០ បើដល់ឆ្នាំ២០៥០ មិនមានអ្នកណាចង់បានកូនទេ»។
លោកបន្តថា៖ «ព្រោះតម្លៃនៃការចិញ្ចឹមថ្លៃ ហើយសម្រាប់អ្នកទីក្រុងឥឡូវអ្នកមានកូនក៏ថយដែរ តែសូមជួយមើល និងលើកទឹកចិត្តឱ្យមានកូនច្រើនពីឥឡូវទៅ ព្រោះបើចាំដល់ឆ្នាំ២០៥០ បានចង់បានក៏វាពិបាក ដោយសារតម្លៃនៃការចិញ្ចឹមកូន វាថ្លៃដូចបណ្តាប្រទេសផ្សេងៗនាពេលនេះ»។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការលើកទឹកចិត្តនេះ គឺជារឿងល្អហើយ ប៉ុន្តែរដ្ឋគួរតែមានគោលនយោបាយសមស្របណាមួយ ដើម្បីគាំទ្រ លើកទឹកចិត្តឱ្យឪពុកម្តាយ ដែលចង់បានកូនមួយចំនួនផងដែរ ខណៈការចិញ្ចឹមកូននាពេលបច្ចុប្បន្ននេះ ខុសប្លែកពីសម័យកាល១០-២០ឆ្នាំមុន។
លោកបានថ្លែងថា ៖ «ការចិញ្ចឹមកូនក្នុងសម័យបច្ចុប្បន្ននេះ ចំណាយច្រើន ហើយការផ្លាស់ប្តូរសង្គមវប្បធម៌យើងក៏មានការប្រែប្រួល ដែលកាលពីមុនម្តាយតែងតែនៅផ្ទះ ដើម្បីមើលកូន ប៉ុន្តែឥឡូវអត់ទេ ពួកគេត្រូវចេញទៅធ្វើការទាំងអស់គ្នា ដើម្បីអាចបានចំណូលមកទប់ទល់លើការចំណាយ និងធ្វើឱ្យជីវភាពគ្រួសារសមរម្យ»។
បើតាមលោក ប៉ា ចន្ទរឿន បច្ចុប្បន្ននេះ ការចំណាយទៅលើការថែទាំសុខភាព កុមារ មានកម្រិតខ្ពស់ និងជាពិសេសការចំណាយលើការអប់រំ ទោះបីនៅកម្ពុជា រដ្ឋបានផ្តល់ការអប់រំ ជាមូលដ្ឋានរហូតដល់ថ្នាក់ទី៩ ឬទី១២ មិនគិតថ្លៃក្តី ប៉ុន្តែឪពុកម្តាយមួយចំនួនមិនសូវជឿលើប្រព័ន្ធអប់រំរបស់រដ្ឋនោះទេ ដោយបានយកកូនរបស់ពួកគេទៅរៀននៅសាលាឯកជន។
លោកបញ្ជាក់ថា៖ «ដូច្នេះ ការលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើននេះ ទាល់តែមានកត្តាទ្រទ្រង់ ការលើកទឹកចិត្ត និងបង្កបរិយាកាសប្រកបដោយភាពសមរម្យទើបជំរុញឱ្យឪពុកម្តាយកម្ពុជាយកកូនឱ្យបានច្រើន តាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ចង់បាន»។
សូមរំឭកដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានជាមធ្យម ៥ នាក់ ក្នុង ១ គ្រួសារ ដើម្បីអាចធ្វើឱ្យចំនួនប្រជាពលរដ្ឋកម្ពុជាកើនឡើងទ្វេដងដល់ជាង ៣២ លាននាក់ដោយសារទឹកដីកម្ពុជានៅធំ។
លោកបានថ្លែងនាពេលនោះថា ប្រទេសមួយចំនួន នៅលើពិភពលោកគេចាប់ផ្តើមភ័យពីរឿងការមិនមានកំណើនចំនួនប្រជាជន ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចជីវភាពរស់នៅរីកលូតលាស់ ធ្វើឱ្យមនុស្សមួយចំនួនមិនចង់បានកូនដោយសារតែពួកគេរវល់ប្រកបការងារ៕