
ទិដ្ឋភាពមើលពីលើនៃរមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រូបថត អង្គការយូណេស្កូ
ភ្នំពេញៈ ដោយមានការគាំទ្រយ៉ាងមុតមាំ ពីរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ធំមួយ នៅល្ងាចថ្ងៃទី ២០ ខែកញ្ញា ដើម្បីអបអរសាទរការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី ១៩ ខែកញ្ញាថា នៅម៉ោង ៧ ព្រឹកថ្ងៃទី ២០ កញ្ញា នឹងមានការវាយជួង រគាំង និងទូងស្គរនៅតាមទីវត្តអារាម ទីសាសនដ្ឋាន និងគ្រប់ទីកន្លែងផ្សេងទៀតនៅទូទាំងប្រទេសដើម្បីបង្ហាញប្រាប់ព្រលឹងដូនតាខ្មែរពីជោគជ័យ ដោយការចូលរួមអបអរសាទរនូវសមិទ្ធផលដែលដូនតាបានបន្សល់ទុកទាំងអស់គ្នា។
លោកមានប្រសាសន៍ដូចនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨ ១០៤ នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា«នៅស្អែកព្រឹកយើងមានការទូងស្គរ វាយជួងនៅតាមវត្តអារាមនិងទីសាធារណៈហើយពេលល្ងាចយើងនឹងមានរៀបចំកម្មវិធីមួយនៅស្តាតអូឡាំពិក ដើម្បីធ្វើការអបអរសាទរ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញនិងសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។
លោកបានបន្តថា៖ «នេះជាការរៀបចំអបអរសាទរមួយនៅក្នុងស្មារតីដែលនេះហើយជាជាតិនិយម មិនថា បក្សណាឬបក្សណាទេ ពេលបោះឆ្នោតខុសគ្នា ប៉ុន្តែនៅពេលដែលយើងលើកតម្កើងកិត្តិយសជាតិ លើកតម្កើងកេរដំណែលដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមកូនខ្មែរទាំងអស់គ្នា»។
ជាមួយគ្នានោះដែរ លោកហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងព័ត៌មានស្ថានីយទូរទស្សន៍ បណ្តាញសង្គមនានា និងតាមបណ្តាខេត្តត្រូវធ្វើការផ្សាយបន្តផ្ទាល់ពីការប្រគំតន្ត្រីនេះនៅគ្រប់ទីកន្លែង ដូចទៅនឹងការផ្សាយផ្ទាល់ពីការប្រកួតកីឡាកាលពីឆ្នាំមុនដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានព្រាត់ប្រាសឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនតាក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។ សុខសន្តិភាព មានសារៈសំខាន់លើសអ្វីៗទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ»។
សូមបញ្ជាក់ដែរ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តព្រះវិហារ ចូលរួមសម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ កាលពីថ្ងៃទី ១៧ ខែកញ្ញា បានប្រកាសថា សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន ៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។

កំពូលតារាសម្ដែងលោក ជេមស៍ ប៊ន ឬ ០០៧។ រូបថត UNDP
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ ២០១៨ មក ហើយទើបតែឆ្នាំ ២០២៣ គណៈកម្មាធិការនេះបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំសម្រេច និងបានអនុម័តជាឯកច្ឆន្ទ ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា៖ «នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លាត្រូវបានទទួលស្គាល់ និងបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរត្រូវបានចុះបញ្ជីនាឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ ២០១៧»។
ក្រសួងព័ត៌មានក៏បានប្រកាសនៅថ្ងៃទី ១៩ ខែកញ្ញាផងដែរថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំប្រតិភូត្រឡប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត មកកាន់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី ១៩ ខែកញ្ញា ក្រោយពីទទួលបានជោគជ័យក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញតេឡេក្រាមរបស់លោកថា នាយប់ថ្ងៃទី ១៨ ខែកញ្ញា លោកបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ និងអគ្គនាយកដ្ឋានសារព័ត៌មាន កម្ពុជា រួមនឹងថ្នាក់ដឹកនាំទទួលបន្ទុកដើម្បីរៀបចំកិច្ចការងារផ្សព្វផ្សាយផ្ទាល់។
លោកថា៖ «ថ្ងៃស្អែក(១៩ កញ្ញា) ទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជានឹងផ្សាយផ្ទាល់ ហើយស្ថានីយទូរទស្សន៍និងវិទ្យុឯកជនផ្សេងទៀត នឹងធ្វើការផ្សាយផ្ទាល់និងបន្តផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា»។
សូមរំឭកថា រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្ពុជាស្នើសុំចុះបញ្ជីទៅអង្គការយូណេស្កូកាលពីឆ្នាំ ២០២១ ត្រូវបានស្ថាប័ននេះ ព្រមដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣៕