ភ្នំពេញៈ កម្ពុជាបង្ហាញការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ និងគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ បន្ទាប់ពីកន្លងមកភាគីចិនក៏ធ្លាប់បានជួយក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរផងដែរ។
ការបង្ហាញការស្វាគមន៍នេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក លី ឈុន អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិនអំឡុងពេលកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។
យោងតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១៨ ខែកញ្ញា បានឱ្យដឹងថា លោកស្រី ភឿង សកុណា បានលើកឡើងពីចំណងមិត្តភាពល្អជាប្រពៃណីរវាងចិននិងកម្ពុជាដែលកើតមានឡើងតាំងពីសម័យអង្គរ និងបន្តរហូតមកទល់បច្ចុប្បន្ន។
លើសពីនេះ ភាគីទាំង ២ បានលើកសរសើរពីការចូលរួមចំណែកក្នុងការងារអភិរក្ស និងជួលជុលប្រាសាទរបស់កម្ពុជា ដែលក្នុងនោះមានការជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ។
ក្រសួងបានបញ្ជាក់ថា៖«រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសម្តែងការស្វាគមន៍លើឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ចិននូវគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរនិងគម្រោងអភិរក្សជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារហើយចិនក៏បានសន្យាពិនិត្យលទ្ធភាពក្នុងការលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគតផងដែរ»។
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ១៩ កញ្ញាថា គម្រោងសិក្សាស្រាវជ្រាវ និងជួសជុល អភិរក្សគឺកម្ពុជានិងចិនបានចុះអនុស្សរណៈយោគយល់គ្នារួចស្រេច ហើយក៏បានឯកភាពគ្នារួចហើយដែរ បូករួមនឹងការសម្រេចពីគណៈកម្មការអាយស៊ីស៊ីអង្គរ (ICC-Angkor) តែការពិភាក្សាគ្នានេះគឺជាការជំរុញកិច្ចការទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ចិនមិនខុសពីបណ្តាប្រទេសផ្សេងៗទេ ដែលមានភាពសកម្មជាមួយកម្ពុជា ខណៈប្រទេសភាគច្រើនយកវិស័យវប្បធម៌ជាយានមួយដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសកាន់តែជិតស្និទ្ធ។
វប្បធម៌ជាយន្តការមួយពង្រឹងបន្ថែម ភាពកាន់តែចូលកិតគ្នា ហើយវិស័យវប្បធម៌នៅកម្ពុជាក្លាយជាទីតាំងមួយដែលពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលស្របនឹងគោលនយោបាយរដ្ឋាភិបាល»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ទៅលើការសិក្សាស្រាវជ្រាវ ការអភិរក្ស និងជួសជុល ទីតាំងបុរាណស្ថាន ប្រាសាទបុរាណខ្មែរនេះផងដែរ។
លោកបានថ្លែងថា ប្រាសាទបុរាណខ្មែរជាមរតកវប្បធម៌រូបី ដែលអាស្រ័យជាមួយធម្មជាតិ ហាលភ្លៀង ហាលខ្យល់ គឺងាយនឹងរងការប៉ះពាល់ដែលទាមទារការមើលថែយកចិត្តទុកដាក់ ក្នុងកិច្ចការផ្នែកអភិរក្ស និងជួសជុល ដោយលោកសង្ឃឹមថា ការងារទាំងនេះនឹងមាននិរន្តរភាពពីការជួយជ្រោមជ្រែងពីបរទេសនិងពីកិច្ចខិតខំរបស់កម្ពុជាផងដែរ៕