ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានជំរុញឱ្យយុវជនកម្ពុជាចេះចាប់ឱកាសខិតខំរៀនសូត្រពីមជ្ឈដ្ឋានជុំវិញក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងតាមរយៈវេទិកាកម្ពុជា ៤.០ លើកទី ១ ស្តីពី «យុវជន ៤.០» កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣។ នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា ពិតជាមានភាពចាំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជា។
លោកបន្តថា ជាមួយគ្នានេះ ការបន្តជំរុញពិពិធកម្មនៅក្នុងគ្រប់វិស័យអាទិភាព ពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថលសំដៅបង្កើនភាពប្រកួតប្រជែង និងធានាចីរភាពនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ដែលមានប្រជាជនជាអាទិភាពចម្បងបំផុត។
ទន្ទឹមគ្នានេះលោក ហ៊ុន ម៉ានី ក៏បានជំរុញឱ្យយុវជនកម្ពុជា ត្រូវចេះចាប់ឱកាសរៀនសូត្រពីមជ្ឈដ្ឋានជុំវិញ តាមរយៈការរៀនពីបទពិសោធន៍ក្នុងថ្នាក់ និងពីខាងក្រៅ ពីបុគ្គលជោគជ័យ ពិសេសការរៀនសូត្រពីការងារដែលខ្លួនកំពុងធ្វើជាដើម។ ហេតុនេះតាមរយៈការចេះចាប់ឱកាសរៀនសូត្រពីមជ្ឈដ្ឋានជុំវិញ គឺជាទុនជំរុញឱ្យទទួលបានចំណេះដឹងថ្មីៗ សំដៅជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាឌីជីថលផងដែរ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា៖ «ចំណេះជាមូលដ្ឋាន ទោះវិស័យណាក៏ដោយដើម្បីឱ្យយើងទទួលបានជោគជ័យខ្វះចំណេះគឺទៅមិនរួចតែប្រសិនបើមិនចេះប្រើប្រាស់ចំណេះឱ្យស្របតាមគោលដៅដែលខ្លួនឯងចង់ធ្វើ ក៏អត់បានដែរ។ ដូច្នេះចំណេះគឺទាមទារឱ្យមានការរៀនសូត្របន្ថែមឱ្យបានទូលំទូលាយពីគ្រប់មជ្ឈដា្ឋនទាំងអស់»។
ជាមួយគ្នានេះលោកក៏បានស្នើ និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញ និងចូលរួមគាំទ្រជាមួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍកម្ពុជា។
នៅក្នុងវេទិកានេះដែរ លោក តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងបរិបទនេះ យុវជនគួរតែរៀនសូត្រពីជំនាញបច្ចេកវិទ្យាឌីជីថលព្រោះថា ការមិនចេះ និងមិនបានប្រើប្រាស់ពីបច្ចេកវិទ្យាឌីជីថល អាចនឹងប្រឈមជាមួយនឹងការវិវឌ្ឍថ្មីៗនៃពិភពលោក។
លោកថា៖«បច្ចុប្បន្នមានឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល គឺដើរលឿនជាងមនុស្សទៅទៀត អ៊ីចឹងហើយការចេះប្រើប្រាស់ឌីជីថល គឺសំខាន់ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។ ហេតុនេះខ្ញុំសូមជំរុញឱ្យយុវជនចេះភាសាអង់គ្លេសជាចាំបាច់ធ្វើយ៉ាងណាត្រូវលុបបំបាត់អក្ខរកម្មឌីជីថលដូចគ្នា ហើយប្អូនៗយុវជន ក៏ត្រូវតែចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលហើយចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនពីរឿងនេះឱ្យបានទូលំទូលាយបន្ថែមទៀត»។
យោងតាមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» នៅក្នុងឆ្នាំ ២០២៣ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងសកលលោកបានកើនឡើងដល់ ៤,៩ ប៊ីលាននាក់ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនដល់ប្រមាណជា ៥,៨៥ ប៊ីលាននាក់នៅឆ្នាំ ២០២៧ ដែលតួលេខនេះបានធ្វើឱ្យការប្រកួតប្រជែងរវាងថ្នាលបណ្តាញសង្គមកាន់តែមានភាពខ្លាំងឡើង៕