ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ឱ្យដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចុះ​ក្រមា និង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ឬ​មន្ទីរ​ស​-២១ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អរូបី និង​បញ្ជី​បេតិកភណ្ឌ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​លោក គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មាន​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់ពី​លោកស្រី ភឿង ស​កុ​ណា ដឹកនាំ​ប្រតិភូ​ត្រឡប់​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្រោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការដាក់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​លោក​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​គោលនយោបាយ និង​ផែនការ​ក្នុង​ការរៀបចំ​ស្នើសុំ​ចុះបញ្ជី​ប្រាង្គ​ប្រាសាទ​ផ្សេងៗ​ទៀត ក៏ដូចជា​វប្បធម៌​អរូបី​របស់​យើង​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​លោក គង់ ពុទ្ធិកា បាន​បញ្ជាក់ថា ៖ «​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​គឺ លោកជំទាវ​រដ្ឋមន្ត្រី​កំពុងតែ​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ចុះបញ្ជី​ក្រមា​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​មួយ​ដែរ ដែល​នេះ​ជាការ​រំពឹងទុក​របស់​យើង ហើយ​យើង​នឹង​ខិតខំ​ទៅមុខ​បន្ថែមទៀត​»​។​

​លោក​បាន​បន្តថា ៖ «​ក្រៅពីនោះ​ទៀត លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ក៏បាន​ខិតខំ​ប្រឹងប្រែង​ផងដែរ​នៅក្នុង​ការស្នើសុំ​ការចុះបញ្ជី​គុក​ទួលស្លែង ឬ​សារមន្ទីរ​ស​-២១​របស់​យើង​នេះ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផងដែរ ដើម្បីឱ្យ​ពិភពលោក​ចងចាំ​ដែរ​ថា អ្វីដែល​កើតឡើង​នៅ​កម្ពុជា​នេះ​គឺជា​មេរៀន​មួយ​ដែល​មិនត្រូវ​កើតមានឡើង​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ពិភពលោក ហើយ​ក្រៅពីនោះ​ក៏​អាច​នឹងមាន​ប្រាង្គ​ប្រាសាទ​ផ្សេងៗ​ទៀត​ដែរ​ដែល​កំពុងធ្វើការ​សិក្សា​ដើម្បី​ស្នើសុំ​ការចុះបញ្ជី​»​។​

​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែកញ្ញា​ថា ក្រសួង​វប្បធម៌ មានការ​យកចិត្តទុកដាក់​មិនមែន​តែ​លើ​ប្រាសាទ​នោះទេ ប៉ុន្តែ​ក្រសួង​ក៏​យកចិត្តទុកដាក់​ទៅលើ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ឱ្យ​យល់ដឹង​ពី​ដំណើរ​នៃ​ការវិវត្ត​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែរ​។

​លោក​បន្តថា សារមន្ទីរ​ស​-២១ ជា​កន្លែង​១ ​ដែល​ឱ្យ​មនុស្ស​គ្រប់គ្នា​មានការ​ចងចាំ ដើម្បី​ចៀសវាង​នូវ​វិបត្តិ​ច្រំ​ដែល​នៅក្នុង​ប្រវត្តិសាស្ត្រ ហើយក៏​ធ្វើឱ្យ​មនុស្ស​ទាំងអស់ ត្រូវមាន​ការយល់ដឹង និង​សិក្សា​រៀនសូត្រ​ពី​ជំនាន់​១​ទៅ​ជំនាន់​១ សម្រាប់​បង្ការ​នូវ​វិបត្តិ​ដែល​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក​កុំ​ឱ្យមក​បង្ក​ហានិភ័យ​ដល់​ជីវិត​នាបច្ចុប្បន្ន​នេះ​។​

​លោក សំបូរ មា​ណ្ណា​រ៉ា ថ្លែងថា​៖ «​សារមន្ទីរ​ស​-២១ ជា​ផ្ទាំង​រូប​នៃ​ដំណើ​រវិ​វត្ត​នៅក្នុង​ប្រវត្តិកាល សម្រាប់​ឱ្យ​មនុស្ស​នៅក្នុង​ពិភពលោក​ដឹងថា ការប្រព្រឹត្ត​អាក្រក់ និង​ការពិចារណា​មិន​ត្រឹមត្រូវ​របស់​អ្នកដឹកនាំ និង​ការទទួលយក​មនោគមន៍​វិជ្ជា​មិន​ច្បាស់លាស់ វា​នាំឱ្យមាន​ផលវិបាក​ដល់​សង្គមជាតិ និង​ទារុណកម្ម​ឬ​សោកនាដកម្ម​ដែល​យើង​ធ្លាប់​ដឹង​»​។

​លោក​ថា ៖ «​អ៊ីចឹង​! ការដាក់​ក្នុង​បញ្ជី​ហ្នឹងហើយ គឺ​ទទួលបាន​ផលប្រយោជន៍ ការពារ​ពិភពលោក បើកាលណា​យើង​ចងចាំ​បាន គឺ​មិនមែន​ការពារ​តែ​ខ្មែរ​នោះទេ គឺ​ការពារ​មនុស្ស​ទូទៅ​នៅក្នុង​ពិភពលោក​»​។​

​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ ក៏បាន​សាទរ​ផងដែរ​នូវ​គម្រោង និង​ផែនការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ការដាក់​ក្រមា​ខ្មែរ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អរូបី​។​

​លោក​បាន​ថ្លែងថា ៖ «​វា​ពិតជា​ស័ក្តិសម​ខ្លាំងណាស់ ពីព្រោះ​ប្រវត្តិ​នៃ​ក្រមា​នេះ ជា​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ ដែល​ត្បាញ​ឡើង​នូវ​លក្ខខណ្ឌ​នៃ​ការបង្កើត​ទស្សនៈ​នៃ​ការអប់រំ​សម្រាប់​ប្រពៃណី វប្បធម៌ ចំណេះដឹង​ពី​ដំណើរ​វិវត្តន៍​នៃ​គំនិត​ជាដើម​»​។

​លោក​សំបូរ មា​ណ្ណា​រ៉ា បន្ថែមថា ដំណើរ​វិវត្តន៍​នៃ​គំនិត​នេះ គឺ​ការបង្កើត​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ពី​តម្លៃ​នៃ​ការប្រើប្រាស់​ក្រមា តម្លៃ​ពី​ការ​ត្បាញ​ក្រមា និង​តម្លៃ​នៃ​ការបង្កើត​សិប្បកម្ម​ក្រមា​៕