ភ្នំពេញៈក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន ៥ នាក់ ចូលជួបពិភាក្សាជាមួយតំណាងក្រសួង នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង បន្ទាប់ពីគណបក្សនេះបានដាក់លិខិតស្នើសុំជួបលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ដើម្បីរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ថ្ងៃទី ១៩ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើជូនលោក សុក ហាច ប្រធានស្តីទីគណបក្សភ្លើងទៀន។
ក្នុងលិខិតបញ្ជាក់ថា ៖ «ខ្ញុំសូមជម្រាបជូនលោកប្រធានស្តីទីគណបក្សជ្រាបថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន ៥ រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង៩ព្រឹក នៅសាលប្រជុំ ខេត្តស្ទឹងត្រែង នៃអគារទីស្តីការក្រសួងមហាផ្ទៃ»។
លោក ផាត សុផានិត ដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ផងដែរនោះ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២០ ខែកញ្ញា តាមប្រព័ន្ធតេឡេក្រាមថា ៖«ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលនឹងទទួលជួប គឺជាថ្នាក់ដឹកនាំដែលលោកទទួលការងារពាក់ព័ន្ធនឹងកិច្ចការគណបក្សនយោបាយ ហើយលោកនឹងស្តាប់នូវអ្វីដែលជាសំណើរបស់ភាគីគណបក្សភ្លើងទៀន»។
ចំណែក លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានថ្លែងនៅថ្ងៃទី២០ ខែកញ្ញាថា លោកពិបាកប៉ាន់ស្មានពីលទ្ធផលនៃជំនួបរវាងតំណាងគណបក្សភ្លើងទៀន ជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១នោះណាស់ ហើយលោកក៏រំពឹងថា ជំនួបពិភាក្សានេះ ក៏នឹងមិនទទួលបានលទ្ធផលល្អប្រសើរនោះដែរ ព្រោះតំណាងគណបក្សមិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកសង្កត់ធ្ងន់ថា ៖ «ក្រោយជួប ត្រូវឆ្លងមួយសារទៀត តំណាងគេយកទៅឆ្លងរដ្ឋមន្ត្រី វានៅស្មុគស្មាញណាស់ តែបើជួប រដ្ឋមន្ត្រី ផ្ទាល់យើងនឹងនិយាយតែម្តង វាដាច់ស្រេចស្រួលជាង»។
បើតាមលោក គឹមសួរ ភិរិទ្ធ កន្លងមកតំណាងគណបក្សភ្លើងទៀន បានជួបជាមួយតំណាងក្រសួងមហាផ្ទៃរួចហើយដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អនៃការរកដំណោះស្រាយពាក់ព័ន្ធនឹងឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះទេ ហើយលើកនេះតំណាងគណបក្ស នឹងបន្តជួបពិភាក្សាឱ្យអស់លទ្ធភាពទៀត។
លោកបញ្ជាក់ទៀតថា បើគិតជាលក្ខណៈបច្ចេកទេសមិនមានអ្វីជាស្មុគស្មាញនោះទេ ព្រោះវាដូចទៅនឹងការបាត់សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ដែលអាចស្នើសុំធ្វើថ្មីវិញបាន ប៉ុន្តែបើគិតហេតុផលនយោបាយគឺជារឿងមួយលំបាកសម្រាប់គណបក្ស។
សូមរំឭកដែរថា គណបក្សភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល។
នៅពេលនោះ គណបក្សភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឱ្យឯកសារមួយចំនួនរបស់គណបក្ស រួមទាំងច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ផងត្រូវបានបាត់បង់។ នេះបើយោងតាមការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។
ដោយសារតែបាត់ឯកសារច្បាប់ដើមនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធមិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យ គណបក្ស ភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមកនោះឡើយ៕