កណ្តាលៈ កម្មកររោងចក្ររងរបួសធ្ងន់-ស្រាលជាង ២០ នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៤៤ នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មកររោងចក្រ ប៉ះជាមួយឡានធុនតូច ដែលករណីនេះថ្នាក់ដឹកនាំសហជីពសំណូមពរឱ្យភាគីពាក់ព័ន្ធត្រូវមានវិធានការជាបន្ទាន់ឱ្យមានការផ្លាស់ប្ដូររថយន្តដឹកកម្មករ។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មកររោងចក្រនិងឡានតូចប្រភេទកាមរី បានកើតឡើងនៅព្រឹកថ្ងៃទី២០កញ្ញា នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទឹកដីស្រុកអង្គស្នួល ក្នុងឃុំសំរោងលើ ខេត្តកណ្តាល។
លោកថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរឡានតូច នៅពេលបើកបត់ឆ្លងកាត់ ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យឡានដឹកកម្មកររោងចក្របើកបុកពីក្រោយ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឱ្យកម្មកររងរបួសធ្ងន់ស្រាលចំនួន ២៣នាក់ ក្នុងនោះមានកម្មករចំនួន ៣នាក់ បានរងរបួសធ្ងន់ តែមិនមានអ្នកស្លាប់នោះទេ។
លោក ឈឿន សុចិត្ត បញ្ជាក់ថា៖ «បច្ចុប្បន្ននេះ កម្មករដែលរងរបួសធ្ងន់ ស្រាលចំនួន ២៣នាក់នេះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឯកជនដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គម និងមន្ទីរពេទ្យបង្អែកស្រុក»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ឱ្យដឹងដែរថា យោងតាមព័ត៌មានពីសហជីពមូលដ្ឋាន ឡានដែលដឹកកម្មករ ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានកម្មករសរុបចំនួន ៤៤នាក់ ក្នុងនោះអ្នករងរបួសក៏មានស្ដ្រីមានផ្ទៃពោះចំនួនម្នាក់ផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនេះ ជាជំងឺរ៉ាំរ៉ៃមួយ ដែលហាក់បីដូចជាមិនអាចមានវិធានការណាទប់ស្កាត់បានទាន់ពេលវេលានៅឡើយទេ ខណៈដែលបញ្ហានេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «ខ្ញុំសំណូមពរឱ្យភាគីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើលទៅលើរថយន្តដែលដឹកកម្មករពីព្រោះភាគច្រើនរថយន្តដែលកម្មករប្រើប្រាស់វាជាប្រភេទរថយន្តដែលដឹកទំនិញ មិនមែនជាប្រភេទរថយន្តសម្រាប់ដឹកមនុស្សនោះទេ ដូច្នេះហើយភាគីពាក់ព័ន្ធត្រូវតែជំរុញឱ្យអ្នកប្រកបមុខរបរដឹកជញ្ជូនកម្មករ ធ្វើការពិចារណាផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរណាដែលប្រកបដោយសុវត្ថិភាព»។
លោកក៏បានស្នើឱ្យគណៈកម្មាធិការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មានការពិនិត្យ និងតាមដានអ្នកបើកបររថយន្ត ជាពិសេសគឺចុះបង្រៀនដល់អ្នកបើកបររថយន្តទាំងនោះបន្ថែមទៀត ពីព្រោះការបើកបរបស់អ្នកប្រកបរបរដឹកជញ្ជូនកម្មករភាគច្រើន ចេះមកពីការរៀនតៗគ្នា ដែលគ្មានមូលដ្ឋានយល់ដឹងពីច្បាប់ចរាចរណ៍ច្បាស់លាស់នោះទេ។
យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ក្នុងឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងលើកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណី ដែលបណ្តាលឱ្យកម្មករស្លាប់ចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន១ ៦២៤នាក់ និងរបួសស្រាលចំនួន៤ ២៧១នាក់៕