ភ្នំពេញៈ អាស៊ាន និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាក្នុងការបន្តជំរុញភាពជាដៃគូឱ្យកាន់តែរឹងមាំដោយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងរំពឹងថា កិច្ចខិតខំប្រឹងប្រែងនេះនឹងផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ភាគីទាំង ២។
ការព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការតាមវិស័យរួមអាស៊ាន-ប៉ាគីស្ថានលើកទី៧ នៅលេខាធិការដ្ឋានអាស៊ានកាលពីថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
លេខាធិការដ្ឋានអាស៊ានបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ភាគីទាំង ២ បានព្រមព្រៀងក្នុងការជំរុញភាពជាដៃគូរបស់ខ្លួនឱ្យកាន់តែរឹងមាំដោយពង្រឹងបន្ថែមទៀតនូវសកម្មភាពកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក ដែលនាំឱ្យមានលទ្ធផលជាក់ស្តែង»។
កិច្ចប្រជុំនេះបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ប៉ាគីស្ថាន ដែលរួមមានវិស័យសហប្រតិបត្តិការឆ្នាំ ២០១៩-២០២១ ដែលត្រូវបានពង្រីករហូតដល់ឆ្នាំ ២០២៣»។ ក្នុងចំណោមសកម្មភាពដែលបានអនុវត្ត កិច្ចប្រជុំបានកត់សម្គាល់នូវការអនុវត្តប្រកបដោយជោគជ័យនៃសន្និសីទធុរកិច្ចអាស៊ាន-ប៉ាគីស្ថានកាលពីខែសីហា ឆ្នាំ ២០២៣ ដែលមានកិច្ចប្រជុំក្នុងចំណោមអ្នកធ្វើធុរកិច្ចចំនួន ៤០០ កិច្ចប្រជុំ ត្រូវបានរៀបចំឡើង ហើយឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងក្រុមហ៊ុន និងសហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន និងប៉ាគីស្ថាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
កិច្ចប្រជុំបានពិភាក្សាលើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ាន។ ពាក់ព័ន្ធវិស័យនយោបាយ កិច្ចប្រជុំនេះទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម អំពើហិង្សាជ្រុលនិយម សកម្មភាពជ្រុលនិយម និងឧក្រិដ្ឋកម្មឆ្លងដែន។
ចំពោះវិស័យសេដ្ឋកិច្ច កិច្ចប្រជុំបានទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគសេដ្ឋកិច្ចឌីជីថល ការភ្ជាប់បណ្តាញទំនាក់ទំនងរវាងរដ្ឋ និងឯកជន និងរវាងអាជីវកម្ម និងអាជីវកម្ម សន្តិសុខស្បៀង ទេសចរណ៍ ការដឹកជញ្ជូន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងគយ និងវិស័យផ្សេងទៀត។
រីឯវិស័យសង្គមវប្បធម៌ កិច្ចប្រជុំបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ការផ្សព្វផ្សាយព័ត៌មាន សុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំបានស្វាគមន៍កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានសក្តានុពលក្នុងការតភ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្រួមគម្លាតនៃការអភិវឌ្ឍ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
ភាគីទាំង ២ ក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់រវាងអាស៊ាន-ប៉ាគីស្ថាន សម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលនឹងក្លាយជាក្របខ័ណ្ឌ និងការណែនាំជាក់លាក់ក្នុងការសម្រេចបាននូវគោលដៅរួម និងអាទិភាពដែលស្របគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនៃលេខាធិការដ្ឋានអាស៊ាន ក្រសួងការបរទេសប៉ាគីស្ថាន ព្រមទាំងសមាជិកនៃគណៈកម្មាធិការតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន និងគណៈប្រតិភូនៃភាគីទាំង ២ និងតំណាងមកពីប្រទេសទីម័រខាងកើតជាអ្នកសង្កេតការណ៍៕