ភ្នំពេញៈ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ ខែកញ្ញា បានប្រជុំពិភាក្សានិងអនុម័តរបាយការណ៍ វឌ្ឍនភាពនៃការរៀបចំយន្ត ការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣ ដែលជាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជា ត្រូវធ្វើសកម្មភាពឱ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យាមុនពេលបោះឆ្នោត។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងសារតាមរយៈប្រព័ន្ធតេឡេក្រាមថា៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពឱ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យាពោលគឺមិនមែននិយាយហើយ តែធ្វើមិនបាននោះឡើយ»។
លោក បូណា ថ្លែងថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ឆ្នាំ២០២៣-២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២ លើកយកមកពិភាក្សា និងអនុម័ត។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណក៏ត្រូវបានពិភាក្សានិងអនុម័តរួចរាល់ដែរ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលបានផលមុនគេ។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ឱ្យដឹងថា ការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ គឺជារឿងល្អ ដើម្បីពញ្ញាក់ស្មារតីឱ្យមន្ត្រីដែលទទួលភារកិច្ច និងមានតួនាទីនៅក្នុងក្រសួងស្ថាប័ន និងតាមផ្នែកនីមួយៗយកចិត្តទុកដាក់លើការធ្វើការងារឱ្យទទួលបានលទ្ធផល។ វាក៏ជាការឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់លោកនាយករដ្ឋមន្ត្រី ចំពោះប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងាររបស់មន្ត្រីមួយចំនួនផងដែរ។
លោក ប៉ា ចន្ទរឿន បានថ្លែងថា៖ «នេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជាទេ វាមានយូរណាស់មកហើយ បើសិនជារដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយអ្នកនយោបាយជំនាន់ថ្មីនេះបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួន ឱ្យបានទាំងបរិមាណ និងគុណភាព ខ្ញុំជឿថា វាអាចធ្វើឱ្យស្ថាប័នសាធារណៈមានភាពរឹងមាំ ១ កម្រិតទៀតនឹងធ្វើឱ្យការផ្តល់សេវាបញ្ជូនដល់ប្រជាពលរដ្ឋកាន់តែល្អ ១ ផ្នែកទៀតផងដែរ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រដ្ឋាភិបាលត្រូវតែមានភារកិច្ចអនុវត្តនូវកម្មវិធីនយោបាយដូចដែលខ្លួនបានសន្យាមុនពេលបោះឆ្នោត ក៏ដូចជានៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ បើសិនក្រោយបោះឆ្នោតហើយ រាជរដ្ឋាភិបាលមិនបានបំពេញតាមតម្រូវការ ឬតាមការសន្យាដូចមុនពេលបោះឆ្នោតទេ នឹងធ្វើឱ្យមានផលលំបាក។
លោកបញ្ជាក់ថា៖ «មានផលលំបាកនេះ គឺប្រជាពលរដ្ឋនឹងដកសេចក្តីទុកចិត្តសម្រាប់ការបោះឆ្នោត នៅអាណត្តិក្រោយទៀត ជាពិសេសនឹងធ្វើឱ្យគោលនយោបាយរបស់ខ្លួនបរាជ័យ បើសិនជាមិនបានអនុវត្តទៅតាមការសន្យារបស់ខ្លួន។ គេមើលឃើញថា រាជរដ្ឋាភិបាលអាណត្តិនេះ មានសម្ទុះខ្លាំង ដោយសារតែមានក្រុមយុវជនមានថាមពលខ្លាំង តែផ្ទុយទៅវិញ បើធ្វើមិនបាន នឹងធ្វើឱ្យមានការកត់សម្គាល់ និងអ្នកតាមដានផ្សេងៗទៀត។ ដូច្នេះ មានភាពចាំបាច់ត្រូវធ្វើឱ្យបានតាមការសន្យារបស់ខ្លួន»៕