ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបញ្ជាក់កាលពីថ្ងៃទី ១៥ ខែកញ្ញាថា ខ្លឹមសារនៃសុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត នៅក្នុងមហាសន្និបាតនេះ នឹងផ្ដោតលើទិដ្ឋភាពចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក និងគ្រោងជួបទ្វេភាគីដោយឡែកពីគ្នាជាមួយសមភាគីមកពីបណ្តាប្រទេសនានាផងដែរ៕