​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វេ​ទិ​​កា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សាធារណ​សកល នឹង​អាច​ប្រមូលផ្តុំ​នូវ​វិធាន​ការសរុប​ឈានទៅ​ដោះស្រាយបាន​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​ក្តីបារម្ភ​រួម​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​ក្នុង​បុព្វហេតុ​រួម​នៃ​សន្តិភាព ការអភិវឌ្ឍ និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​

​កិច្ច​សហប្រតិបត្តិ​​ការ​សន្តិសុខ​សាធារណ​សកល ក្រោម​ប្រធានបទ ​«​ពិភពលោក​មួយ​សន្តិសុខ​រួម​» នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២០ កញ្ញា ឆ្នាំ​ ២០២៣​។ លោក​លើកឡើងថា ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ ២០២៣ ស្តីពី​វេទិកា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សាធារណ​សកល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​នាពេល​បច្ចុប្បន្ន និង​ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​ភាព​ចាំបាច់​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ចីរភាព​ដោយ​ផ្តោត​សំខាន់​លើ​ការថែរក្សា​សន្តិសុខ​សកល​សំដៅ​បង្កើតឡើង​នូវ​កាលានុវត្តភាព​នៃ​ការវិវឌ្ឍ និង​វិបុលភាព​សង្គម​សេដ្ឋកិច្ច សម្រាប់​មនុស្ស​គ្រប់រូប​។​

​លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា​៖ «​ចក្ខុវិស័យ​វែង​​ឆ្ងាយ​នេះ ក៏មាន​សង្គតិភាព​ទៅនឹង​ការប្តេជ្ញាចិត្ត​ទាំង​កម្រិត​នយោបាយ និង​កម្រិត​បច្ចេក​ទេស នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​សន្តិសុខ ដើម្បី​សន្តិភាព សុវត្ថិភាព ភាពសុខដុមរមនា និង​ការអភិវឌ្ឍ​នៅ​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​»​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​ដល់​ការ​រៀបចំ​លិខិត​តូប​ករ​ណ៍ គោល​​នយោបាយ​ពាក់ព័ន្ធ​នានា​ដើម្បី​លើកកម្ពស់​ការផ្សារភ្ជាប់​ជិតស្និទ្ធ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា ជឿ​​ជាក់​ថា ជាមួយនឹង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​នេះ​យើង​នឹង​អាច​ប្រមូល​​ផ្តុំ​វិធាន​ការសរុប​ឈានទៅ​ដោះស្រាយបាន​បញ្ហា​ប្រឈម​នានា​ដែលជា​ក្តីបារម្ភ​រួម​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​ក្នុង​បុព្វហេតុ​រួម​នៃ​សន្តិភាព ការអភិវឌ្ឍ និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំង​អស់​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ជឿជាក់ថា កិច្ចពិភាក្សា​លម្អិត​គ្រប់​ជ្រុង​ជ្រោយ និង​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ល្អៗ​រវាង​អង្គ​សន្និសីទ​ទាំងមូល​លើ​បញ្ហាសំខាន់ៗ​ទាំង​នេះ នឹង​អាច​រកឃើញ​វិធាន​គន្លឹះ​ចាំបាច់​មួយចំនួន​បន្ថែម​ទៀត​ដែល​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​នៃ​កិច្ចការ​ថែរក្សា​សន្តិសុខ សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​នានា និង​សន្តិសុខ​សកល​ជាក់​ជាមិនខាន​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា លោក​គាំទ្រ​វេ​ទិ​កា​នេះ​ដែល​ធ្វើឱ្យ​ប្រទេស​នីមួយៗ​ដែល​ចូលរួម​អាច​បង្ហាញ​ពី​ទស្សនៈ​នយោបាយ​របស់ខ្លួន​ដើម្បី​បង្ហាញ​ពី​កង្វល់​លើ​កិច្ចការ​សន្តិសុខ​សា​ធា​រណៈ​សកល​ដែល​កំពុង​តែមាន​បញ្ហា​ប្រឈម​។ លោក​បន្តថា មួយវិញទៀត​រដ្ឋ​នីមួយៗ​អាច​ទាញ​បាន​នូវ​ធាតុ​ចូល​របស់ខ្លួន​ពី​ចំ​ណែ​ក​នៃ​ការចូលរួម​នេះ​។​

​លោក​លើកឡើងថា​៖ «​នេះ​ជា​អ្វីដែល​យើង​មើលឃើញថា គុណប្រយោជន៍​នៃ​រដ្ឋ​ភាគី​ដែល​ចូលរួម តែ​ការ​អនុវត្តបាន​ឬ​មិនបាន​នោះ​គឺជា​រឿង​មួយទៀត ព្រោះ​បញ្ហា​សន្តិសុខ​សកល​នេះ កើតឡើង​ដោយសារ​ការ​ប្រជែង​ឥទ្ធិ​ពល​មហាអំណាច ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​»​។

​សូមបញ្ជាក់ថា វេទិកា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សា​ធា​រណៈ​សកល​នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​ ២០១៥​ មក​៕​