ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ណែនាំ​ឱ្យ​សាលាបង្រៀន​បើកបរ​ទាំងអស់​ពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការបង្រៀន ​បន្ទាប់ពី​រក​ឃើញ​មាន​ភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ​របស់​សាលា និង​បានសម្រេច​ឱ្យមាន​កិច្ចប្រជុំ ​២ ​ដង ​ក្នុង​ ១ ​ឆ្នាំ​ជាមួយ​សាលាបង្រៀន​បើកបរ​ទូទាំងប្រទេស​។​

​កាលពី​ថ្ងៃទី​ ១៩ ខែកញ្ញា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​ការងារ​សាលាបង្រៀន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​គុណ​ភាព​នៃ​ការបង្រៀន​ក៏ដូចជា​គ្រប់​គ្រង​សាលា និង​សាខា​សាលា​បង្រៀន​បើកបរ​ឱ្យបាន​ប្រសើរ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​អគ្គ​​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​និង​នាយក​នាយិកា​សាលា​​បង្រៀន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មកពី ​២៥ ​រាជធានី​-​ខេត្ត​សរុប​ចំនួន ​៥៤​ សាលា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​។​

​លោក​ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះបាន​ថ្លែងថា កិច្ច​ប្រជុំ​នេះ​ គឺ​ដើម្បី​ពង្រឹង​ការងារ​សាលាបង្រៀន​បើកបរ​យានយន្ត​ទាំង​ជាង ​៥០ ​សាលា​មកពី​ ២៥​ រាជធានី​-​ខេត្ត​។

​លោក​បាន​បន្ថែមថា ការពង្រឹង​បន្ថែម​លើ​ការងារ​សាលា និង​សាខា​សាលាបង្រៀន​បើកបរ​យានយន្ត​នេះ ដោយសារ​កន្លងមក​បាន​ពិនិត្យឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន ដូចជា​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ប្រកាស​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការចេញលិខិត​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​សាលាបង្រៀន​បើកបរ​យានយន្ត​របស់​ក្រសួង និង​ការគ្រប់គ្រង​សាខា​សាលាបង្រៀន​បើកបរ​របស់ខ្លួន​មិនបាន​គ្រប់​ជ្រុងជ្រោយ ព្រម​ទាំង​ការចេញ​បង្កាន់ដៃ​ជូន​អតិថិជន​មិនទាន់បាន​ត្រឹមត្រូវ​ដោយ​ប្រើប្រាស់​រូប​សញ្ញា ​(LOGO) ក្រ​សួង​ជាដើម​។

​លោក​បាន​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​បាន​ឯកភាព​ឱ្យមាន​កិច្ចប្រជុំ​ ២ ​ដង ​ក្នុង​ ១ ​ឆ្នាំ និង​បាន​ស្នើឱ្យ​នាយក​នាយិកា​សាលាបង្រៀន​បើកបរ​យានយន្ត​ទាំងអស់​ពង្រឹង​ប្រ​សិទ្ធ​ភាព និង​គុណភាព​នៃ​ការបង្រៀន​ក៏ដូចជា​គ្រប់គ្រង​សាលា និង​សាខា​សាលាបង្រៀន​បើក​បរ​យានយន្ត​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​ព្រមទាំង​ស្នើឱ្យ​បង្កើត​សមាគម​ឱ្យបាន​ឆាប់​ផងដែរ​»​។​

លើសពីនេះ លោក ឈួន វ៉ន់ ក៏បាន​លើកទឹកចិត្ត​ឱ្យ​នាយក​នាយិកា​សាលាបង្រៀន​បើកបរ​យានយន្ត​លើក​ពី​ការលំបាក​បញ្ហា​ប្រឈម​ក៏ដូចជា​មតិយោបល់ និងសំណូមពរ​ផ្សេងៗ ដោយ​លោក ថា មតិយោបល់ និង​សំណូមពរ​មួយចំនួន​ត្រូវ​ដោះស្រាយ​ភ្លាមៗ និង​មួយចំនួនទៀត​ត្រូវយក​ទៅពិនិត្យ​ពិភាក្សា​ឱ្យបាន​ច្បាស់​លាស់​ជាមួយ​ជំនាញ​។

​តាម​របាយការណ៍​រប​ស់​ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ឆ្នាំ​ ២០២១ បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​ ១៩៩០ រហូតមកទល់​ឆ្នាំ​ ២០២០​ ក្រសួងបានចេញ​វិញ្ញាបនបត្រ ចុះ​ប​ញ្ចី​សា​លា​បង្រៀន​បើកបរ​យានយន្ត​សរុប​ចំនួន ​៤២ និង​មាន​សាខា​សាលាបង្រៀន​បើកបរ​យានយន្ត​សរុប​ចំនួន​ ១៨៤ នៅ​ទូទាំងប្រទេស​។​

​លោក គឹម បញ្ញា នាយក​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ការពង្រឹង​គុណភាព​ទៅដល់​សាលាបង្រៀន​បើកបរ​គឺជា​រឿង​ល្អ ព្រោះ​ដើម្បីឱ្យ​ដងផ្លូវ​មាន​សុវត្ថិភាព គឺ​ចាំបាច់​ត្រូវមាន​អ្នកបើកបរ​ដែលមាន​ស​ម​ត្ថ​ភាព តាមរយៈ​ការទទួលបាន​ការបណ្តុះ​បណ្តាល​ពីសា​លា​បាន​ត្រឹមត្រូវ ។​

​ចំពោះ​ការកំណត់​ឱ្យមាន​កិច្ចប្រជុំ​ ២​ ដង​ ក្នុង​ ១ ​ឆ្នាំ​វិញ លោក ​គឹម បញ្ញា ស្នើឱ្យ​ធ្វើជា​ប្រចាំ​ដែល​មិន​ត្រឹមតែ​ធ្វើ​នៅ​ថ្នាក់ជាតិ​ទេ​គឺ​តាម​មន្ទីរ​សា​ធា​រណការ និង​ដឹកជញ្ជូន​នីមួយៗ​តាម​ខេត្ត​គួរតែមាន​កិច្ចប្រជុំ​ជា​ទៀងទាត់​ជាមួយ​សាលា​បង្រៀន​បើកបរ​ដើម្បី​បង្ហាញ​ទិន្នន័យ ពី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សាលា​ទាំងនោះ​ឱ្យបាន​ដឹង​និង​យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​ទៅដល់​សិស្ស​ដែល​កំពុង​រៀន​បើកបរ​នៅតាម​សាលា​ទាំងនោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គួរ​មាន​កិច្ចប្រជុំ​នៅ​កម្រិត​ថ្នាក់​ខេត្ត​នីមួយៗ​ជាមួយ​សាលាបង្រៀន​បើកបរ​អាច​ថា ៦​ ខែម្តង​ ដើម្បី​យើង​ផ្សព្វផ្សាយ និង​ជំរុញ​បន្ថែម​ពី​កិច្ចប្រជុំ​នៅ​ថ្នាក់ជាតិ​។ ខ្ញុំ​សុំឱ្យ​សាលា​គាត់​ចូលរួម​ពង្រឹងគុណភាព​ក្នុងការ​បង្រៀន ទាំង​ទ្រឹស្តី និង​បង្រៀន​ដៃចង្កូត​។ ខ្ញុំ​ក៏​សុំឱ្យ​ក្រសួង​លោក​ពង្រឹង​ការ​ប្រឡង​យក​បណ្ណ​បើកបរ និង​ការបណ្តុះបណ្តាល​ឡើងវិញ​ដល់​អ្នកបើក​បរដែរ​»​។​

​ក្រៅពីនេះ​លោក ​គឹម បញ្ញា ក៏បាន​សំណូមពរ​ដល់​សាលា​បង្រៀន​បើកបរ​ទាំងអស់ គួរ​ស្វែងរក​ទីតាំង​បង្រៀន​ឱ្យបាន​ត្រឹមត្រូវ និង​បង្រៀន​ដៃចង្កូត​ឱ្យ​សិស្ស​អាច​បើកបរ​ឱ្យបាន​ស្ទាត់​ជាមុនសិន មុននឹង​បណ្តា​យ​ឱ្យ​បើកបរ​តាមផ្លូវ​សាធារណៈ​បាន ខណៈ​ការបង្រៀន​ទ្រឹស្តី គួរតែ​បញ្ចូល​មេរៀន​ឱ្យបាន​ច្រើន ពាក់ព័ន្ធ​នឹង​សុជីវធម៌ និង​ការ​អធ្យាស្រ័យ​ក្នុងការ​បើកបរ រួមទាំង​ស្លាក​សញ្ញា និង​ច្បាប់​ចរាចរណ៍​ផងដែរ​៕