ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា រួមនឹងបុគ្គលិកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានបំពេញទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នៅថ្ងៃទី២១ ខែកញ្ញា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងបុគ្គលិកនៃ WFPកំពុងបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងគោលបំណងពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា។
បេសកកម្មបំពេញទស្សនកិច្ចនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយតាមរយៈបេសកកម្មនេះគណ:ប្រតិភូទាំងមូលនឹងបានសិក្សាស្វែងយល់ដោយផ្ទាល់អំពីគំរូជោគជ័យរបស់កម្មវិធីអាហារតាមសាលារបស់ប្រទេសកូរ៉េ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី គ្លែរ កូណាន់ នាយិកាប្រចាំប្រទេសរបស់ WFP នៅកម្ពុជាបានលើកឡើងថា ជាមួយនឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ (HGSF) កម្ពុជាមានគោលបំណងផ្តល់អាហារដល់កុមារផង ហើយស្របពេលជាមួយនោះ ក៏លើកកម្ពស់កែលម្អអាហារូបត្ថម្ភ ពង្រឹងការអប់រំនិងការអភិវឌ្ឍជនបទ និងបង្កើនសន្តិសុខស្បៀងផងដែរ។
លោកស្រីបន្តថា ជំនួយគាំទ្ររបស់ KOICAកន្លងមកទៅលើកម្មវិធីបានផ្ដល់ការកែប្រែគួរឱ្យកត់សម្គាល់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតាមសាលារៀន និងលើកកម្ពស់សមត្ថភាពរបស់អ្នកអនុវត្តកម្មវិធី។
លោកស្រី គ្លែរ កូណាន់ មានប្រសាសន៍ថា៖ «ជំនួយនេះក៏បាន រួមចំណែកទៅដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ តាមរយៈការលើកកម្ពស់ការដាំដុះកសិផលតាមផ្ទះសម្រាប់ផ្គត់ផ្គង់តាមមូលដ្ឋាន ការបង្កើនភាពអង់អាចរបស់កសិករ ការលើកកម្ពស់កំណើនកសិកម្ម និងការបង្កើតប្រព័ន្ធស្បៀងមួយដែលប្រកបដោយនិរន្តរភាព»។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងតាមរយៈសេចក្តីប្រកាសនេះដែរថា ការផ្តល់អាទិភាពដល់សុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការគ្រប់គ្រងគុណភាពអាហារនៅតាមសាលារៀនពិតជាមានសារៈសំខាន់ណាស់ ដែលជាកម្លាំងចលករដ៏មានឥទ្ធិពលសម្រាប់កំណែទម្រង់ការអប់រំក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសកូរ៉េនេះ ស្របទៅតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដែលអនុញ្ញាតឱ្យមានការចែករំលែកចំណេះដឹងរវាងប្រទេសទាំង២»។
វាគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហការរវាងកម្ពុជានិងកូរ៉េ ដែលអាចធ្វើទៅបានតាមរយៈជំនួយគាំទ្រដ៏មានតម្លៃរបស់ KOICA។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីភាពជាដៃគូដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ។ នេះបើតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។លោកបានបញ្ជាក់ថា៖ «តាមរយៈកម្មវិធីជំនួយចម្រុះរបស់ប្រទេសកូរ៉េ កម្ពុជាកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ប្រភពដដែលថា លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយស្ដីពីការផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងការអភិវឌ្ឍកម្មវិធីជាតិផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ក្នុងខណៈពេលដែលកម្មវិធីនេះកំពុងឈានដល់ដំណាក់កាលសំខាន់ក្នុងការផ្ទេរមកក្នុងការគ្រប់គ្រងទាំងស្រុងរបស់រាជរដ្ឋាភិបាលក្នុងឋាន:យន្តការមួយដ៏សំខាន់នៃបណ្តាញសុវត្ថិភាពសង្គម។
សូមបញ្ជាក់ដែរថា គណៈប្រតិភូនៃក្រសួងអប់រំ ដឹកនាំដោយលោក ណាតប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ទៅចូលរួមបំពេញទស្សនកិច្ចសិក្សានាប្រទេសកូរ៉េនេះ ដោយក្នុងនោះក៏មានសមាសភាពមន្ត្រីសំខាន់ៗមកពី ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទផងដែរ។
គណៈប្រតិភូនឹងចូលរួមជាមួយសមភាគីកូរ៉េ ដើម្បីសង្កេតមើលដំណើរការលទ្ធកម្មស្បៀងតាមមូលដ្ឋាន និងទស្សនកិច្ចនៅតាមសាលារៀនក្នុងសហគមន៍ដែលទើប និងកំពុងអនុវត្តកម្មវិធីនេះ៕