កំពង់ស្ពឺៈលោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​អំពាវនា​វ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃ​ឈើ ​និង​បន្ត​ដាំ​ដើម​ឈើ​ ដើម្បី​កម្ពុជា​ ក្លាយ​ជា​ប្រទេស​មួយ​ពោរ​ពេញ​ទៅ​ដោយ​បរិស្ថាន​បៃតង​មាន​ខ្យល់​បរិសុទ្ធ និង​បរិយា​កាស​ល្អ​។​

​ការ​លើក​ឡើង​ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​លោ​កស្រី​ដឹកនាំ​គណៈ​ប្រតិភូ​ដាំ​ដើម​ឈើ​ជា​និមិត្ត​រូប​ ដើម្បី​អប​អរសាទរ​កិច្ច​ប្រជុំ​ថា្នក់​ដឹកនាំ​លើក​ទី​២០​ និង​វេ​ទិ​កា​យុវជន​លើក​ទី​២នៃ​សមា​គម​ជាតិ​កាក​បាទក្រ​ហម និង​អឌ្ឍចន្ទ​ក្រហមភូមិភាគ​អាស៊ី​អា​គ្ន​យ៍​កាលពី​ថ្ងៃទី​២០ ​ខែ​កញ្ញា ឆ្នាំ​២០២៣​ នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុ​ទ្ធសាសនា​កម្ពុជាក្នុ​ង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​-​កុសុមៈ គិរី​រម្យ ​ខេត្ត​កំពង់​ស្ពឺ​ ដោយ​មាន​អ្នកចូ​លរួម​ប្រមាណ​ជាង​ ៥០០ ​នាក់​។​

​យោង​តាម​សេចក្តីប្រ​កាស​ព័ត៌មាន​របស់​កាកបា​ទ​ក្រហម​កម្ពុជា​ បាន​ឱ្យដឹងថា លោកស្រី​ ប៊ុន​ រ៉ានី ហ៊ុនសែន ​បាន​ចូល​រួម​ដាំ​ដើម​ឈើ​ចំនួន​៥១២​ដើម​ នៅ​ឧទ្យាន​កាក​បាទ​ក្រហម​កម្ពុជា​ដែល​ស្ថិត​ក្នុង​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធសា​សនា​កម្ពុជា​។​

​កាក​បាទ​ក្រហម​បាន​បន្ត​ថា នេះ​ជា​ឧទ្យាន​ទី​២របស់​កាក​បាទ​ក្រហម​កម្ពុជា​ បន្ទាប់​ពីលោក​ស្រី​បាន​ដឹក​នាំ​ដាំ​ដើម​ឈើ​បាន​ជាង ​២ ០០០​ដើមកា​ល​ពី​លើក​ទី​១ នា​ចុង​ខែ​ឧសភា ​ឆ្នាំ​២០២២ ​កន្លង​ទៅ ​ខណៈ​ដែល​ឧទ្យាន​ទី​១ របស់​កាក​បាទ​ក្រហម​កម្ពុជា​ស្ថិត​នៅ​ខេត្ត​សៀមរា​បមាន​ដើម​ឈើ​ជាង​២ ០០០ដើម​ដែល​បាន​ដាំ​​កាលពី​ឆ្នាំ​១៩៩៩ ​ក្រោម​ព្រះ​រាជា​ធិបតី​សម្ដេច​ព្រះ​មហា​ក្សត្រី ន​រោត្តម ​មុនិ​នាថ ​សីហនុ​​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា៖«​ការ​ចូល​រួម​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ​ដើម្បី​បង្ហាញ​អំពី​ក្តី​ស្រឡាញ់ ​ឆន្ទៈ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​រួមគ្នា​ថែរក្សា​បរិស្ថាន​ព្រៃ​ឈើ​ឱ្យបាន​គង់​វង្ស និង​ដើម្បី​សុខុ​មាល​ភាព​របស់​មនុស្ស​ជាតិ​»​។

​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ត​ថា៖«​កាក​បាទ​ក្រហមក​ម្ពុជាដែល​ជា​ជំនួយ​ការជូន​រាជរ​ដ្ឋា​ភិបាល​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌គឺ​ពិតជា​កម្លាំង​ចូលរួម​មិន​អាច​ខ្វះ​បានឡើ​យ​ក្នុងការការ​ពារ​បរិស្ថាន ​ធន​ធាន​ព្រៃ​ឈើ និ​ង​ក្នុង​យុទ្ធ​នា​ការ​ពង្រីក​នូវ​ប្រ​ព័ន្ធ​ជីវវិទ្យា​សម្រាប់​ការ​ពារ និង​ស្តារឡើ​ងវិ​ញនូវ​ព្រៃ​ឈើប្រក​បដោយ​ខ្យល់​បរិ​សុទ្ធ​និង​បរិស្ថាន​បៃ​តងដើម្បី​សុខុ​មាល​ភាព​មនុស្ស​ជាតិ​»​។

​ឆ្លៀត​ឱកាស​នោះ​ដែរ​លោក​ស្រីក៏បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋត្រូវ​រួមគ្នា​ថែ​រក្សាការពារ​ព្រៃឈើនិង​បន្ត​ចូល​រួម​ដាំ​កូន​ឈើ​គ្រប់​ប្រភេទនៅ​លើដី​ទំនេរ ​តាម​ទី​អារាម ​ភូមិ​ឋាន ​និង​ទីកន្លែង​ផ្សេងៗ​ទៀតឱ្យបាន​កាន់​តែច្រើន​តាម​លទ្ធ​ភាព​ដែល​អាច​ដាំ​បាន​។​

​ចំណែក​លោក ​អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថា​ន ដែល​បាន​ចូលរួម​ពិធី​នោះ​ដែរ​ ក៏បាន​លើក​ឡើង​ដែរ​ថា ការ​ដាំ​កូន​ឈើ​នា​ពេល​នេះគឺជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួមចំ​ណែក​ក្នុង​ការ​ស្តារ​ព្រៃឈើ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​អព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ដូច​កំណត់​ក្នុង​គោ​លន​យោបាយ​​យុទ្ធសា​ស្ត្រ​បញ្ច​កោណដំ​ណាក់កាល​​ទី​១របស់​រាជ​រដ្ឋាភិ​បាល នីតិ​កាល​ទី​៧ ​នៃ​រដ្ឋ​សភា​។

​លោក​បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​នីតិ​កាល​ទី​៧បាន​ដាក់​ចេញ​«​យុទ្ធ​សាស្ត្រ​បញ្ច​កោណដំណាក់​កាល​ទី​១ ក្នុង​នោះ​លក្ខណ​សម្បត្តិ​មួយ​ដែល​កម្ពុជា​ត្រូវមា​នក្នុងចំ​ណោម​លក្ខណ​សម្បត្តិ​ទាំង​៥​ គឺ​ក្នុង​រយៈ​ពេល ​២៥ ​ឆ្នាំ​ទៅមុ​ខ​នោះ​ កម្ពុជាជា​ ប្រទេស​មាន​បរិស្ថាន​​រូប​វន្ត និង​ធម្មជាតិ​ប្រកប​ដោយ​សុខុ​មាល​ភាព​ ភាព​ធន់ បរិ​យា​ប័ន្ន ​និង​តុល្យ​ភាព​នៃ​ការអ​ភិវឌ្ឍ​និង​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។​

​ក្រសួង​បរិ​ស្ថានបាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​បំពេញ​និង​សម្រេច​ឱ្យ​បាន​នូវ​លក្ខណ​សម្បត្តិ​ទាំង​នេះ​សម្រាប់​កម្ពុជាតាមរ​យៈ​ការរៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការ​ពារធ​ម្មជាតិ​ ការប្រើ​ប្រាស់​​ប្រព័ន្ធ​អេកូ​ឡូស៊ីប្រកប​ដោយ​ចីរ​ភាព​និង​ការ​ប្រើ​ប្រាស់​ធនធាន​ធម្ម​ជាតិដោយ​គិត​គូរ​ដល់​តុល្យ​ភាព​បរិស្ថានឈាន​ទៅ​ស្តារ​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០​ភាគ​រយនៅ​ឆ្នាំ​២០៥០​។​

​ដោយ​ឡែក​ខេត្តសៀ​មរាប​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ក៏មាន​ការដាំ​កូន​ឈើ​ចម្រុះ​ជាង២​ពាន់​ដើម​ផង​ដែរ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា វិទ្យា​ល័យហ៊ុ​ន សែន រុន​តា​ឯក និង​ក្នុង​មណ្ឌល​សុខ​ភាព ​ប៊ុន រ៉ានី ហ៊ុន សែន​ រុន​តា​ឯក ​ស្ថិត​នៅ​តំបន់​អភិ​វឌ្ឍន៍​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ ខេត្ត​សៀម​រាប​។​

​លោក រិ​ន ឡូត អភិ​បាលស្រុក​បន្ទាយ​ស្រី បាន​ថ្លែង​ថា ការដាំ​នេះ​ក្នុង​គោល​បំណង​បំផុស​ចលនា​ដល់​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅឱ្យចូ​លរួម​ដាំ​ដើម​ឈើ​ឡើង​វិញ និង​ចូលរួម​ថែរក្សា​សម្បត្ដិ​​ព្រៃឈើ ជា​ពិសេស​ដើម្បី​បណ្តុះ​គំនិត ថែរក្សា ​ការពារ​ និង​គំនិត​ស្រឡាញ់​ព្រៃ​ឈើ និង​បរិ​ស្ថាន​ធម្ម​ជាតិ​របស់​ប្រទេស​។​

​លោក​ថា ៖«​កា​រដាំ​ស្ដា​រព្រៃ​ឈើ​ឡើង​វិញ​នាពេ​លនេះពិត​ជាមាន​សារ​ប្រយោជន៍​ណាស់​ក្នុង​ការ​ជួយ​ទប់​ទល់និ​ង​កាត់​បន្ថយ​នូវ​គ្រោះ​ធម្មជាតិ​ផ្សេងៗដែល​អាច​កើត​មាន​ឡើង​ជាយថា​ហេតុ​ហើយ​មិន​ត្រឹម​តែ​ការដាំ​កូន​ឈើ​ទេ តែ​សូម​ចូល​រួមគ្នា​ថែរ​ក្សា​ឱ្យបាន​ល្អ​នូវ​ដើម​ឈើ​ទាំង​អស់​នេះព្រោះ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មនុស្ស​សត្វ​គ្រប់ៗ​គ្នា​»​។​បើតាម​លោក ​រិ​ន ឡូត កូនឈើ​ដែល​បាន​ដាំ​នេះមាន​៥​ប្រភេទ​ រួ​មមាន ​ដើម​ក្ងោក​តូចធំ​ ដើម​ឥន្ទ​នេល ​ដើម​ធ្នង់ ដើម​ឈើ​ទាល និង​ដើម​គ្រញូង​។​

​បើតាម​ការ​លើក​ឡើង​រ​បស់​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន​សែន ​កម្ពុ​ជាមាន​ផ្ទៃដី​ការពារ​ចំនួន​៧៣​ភាគរយនិង​ច្រក​ជីវ​សាស្ត្រ​ចំនួន៣ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាង៧,២លាន​ហិក​តាហើយ​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ទំហំ​ឧស្ម័ន​កាបូន​ជា​ច្រើន សម្រាប់​ឧស្ម័ន​ផ្ទះ​បៃ​តងនិង​ចំណូល​សេដ្ឋ​កិច្ចពី​ការ​ជួញ​ដូរ​ឧស្ម័ន​កាបូន​សម្រាប់​ការវិនិ​យោគ​ក្នុង​កិច្ច​ការ​ពារ ​ការអភិ​រក្ស​ព្រៃ​ឈើ និង​ជីវ​សាស្ត្រជា​មួយ​នឹង​ការ​ធ្វើឱ្យ​ជីវភាព​ប្រជា​ជន​នៅក្នុង​សហ​គមន៍​បាន​ប្រសើរ​ឡើង​៕