ភ្នំពេញៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានបើកកិច្ចពិភាក្សាពាក់ព័ន្ធប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីប្រមូលធាតុចូលសម្រាប់គាំទ្រការរួមចំណែករបស់កម្ពុជា លើប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុលើឆាតអន្តរជាតិ។
កិច្ចពិភាក្សាប្រមូលធាតុចូលនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុកាលពីថ្ងៃទី២០ ខែកញ្ញា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានានិងវិស័យឯកជននៅកម្ពុជា។
លោកជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងថា អង្គការសហប្រជាជាតិកំពុងរៀបចំមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី១៩ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក ដើម្បីត្រួតពិនិត្យលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលមានប្រធានបទប្រព័ន្ធស្បៀង អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា ប្រធានបទទាំងនេះគឺមានការទាក់ទងសឹងតែគ្រប់គោលដៅទាំងអស់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតផងដែរ។
លោកបានអះអាងថា ការជួបជុំគ្នាក្នុងពេលនេះគឺជាឱកាស១ដើម្បីពិគ្រោះ និងប្រមូលធាតុចូលសម្រាប់ការរៀបចំទិវាជាតិអាហារូបត្ថម្ភលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមប្រធានបទ “ប្រព័ន្ធស្បៀងក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ”។
លោកបានបញ្ជាក់ថា៖«ការជួបគ្នាក្នុងពេលនេះ ក៏ដើម្បីរៀបចំសម្ភារដើម្បីគាំទ្រការរួមចំណែកពីប្រទេសកម្ពុជាលើប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសម្រាប់សន្និសីទកំពូលបណ្ដាភាគីលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)»។
បន្ថែមពីនេះលោក ជា សំណាង បានអះអាងទៀតថា សិក្ខាសាលាក៏បានពិភាក្សាអំពីសមាជិកភាពដែលបានស្នើឡើងរបស់កម្ពុជាក្នុងសម្ព័ន្ធប្រទេសដែលមានមហិច្ឆតាខ្ពស់សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀងដើម្បីបង្ហាញគំនិតផ្តួចផ្តើមសកម្មភាពអាកាសធាតុ និងអាហារូបត្ថម្ភរបស់កម្ពុជាកាលពីពេលកន្លងទៅ។
លោកសុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងដែរថា អង្គការសហប្រជាជាតិគ្រោងនឹងរៀបចំសន្និសីទកំពូលបណ្ដាភាគីលើកទី២៨នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP28)នៅទីក្រុងឌូបៃ ក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដែលប្រធានបទប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាប្រធានបទដ៍សំខាន់សម្រាប់សន្និសីទនេះ។
លោកបានបន្តថាដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធស្បៀងនិងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដែលក្នុងនោះការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀងគឺជាអាទិភាពមួយរបស់កម្ពុជា ។
លោកបានបញ្ជាក់ថា៖«ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាសេនាធិការបាននិងកំពុងដឹកនាំការរៀបចំកិច្ចសន្ទនាដ៏ចាំបាច់បំផុតស្តីពីប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ »។
លោកសុខ ស៊ីឡូ បានបន្ថែមថា ការពិភាក្សាគ្នាក្នុងពេលនេះគឺជាផ្នែក១ដើម្បីទទួលស្គាល់ពីសារៈសំខាន់ក្នុងការអនុវត្តវិធានការបន្ស៊ាំរួមទាំងវិធីសាស្ត្របន្ស៊ាំផ្អែកលើធម្មជាតិនិងគំនិតផ្តួចផ្តើមការបន្ស៊ាំផ្អែកលើប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រភាពធន់ក្នុងប្រព័ន្ធស្បៀងនិងកសិកម្មនិងទទួលស្គាល់តួនាទីសំខាន់របស់វិស័យកសិកម្មនិងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព ដើម្បីធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
លោ យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះបានលើកឡើងដែរថា បញ្ហាប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនជាពិសេសកុមារ។ដូច្នេះប្រសិនបើក្នុងបរិបទមានការប្រែប្រួលអាកាសធាតុនោះនឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធស្បៀងដែលនាំឱ្យមានការខ្វះខាតអាហារដល់កុមារ។
លោកបានបញ្ជាក់ថា៖«នៅក្នុងបរិបទការប្រែប្រួលអាកាសធាតុបែបនេះនឹងមានបញ្ហាគ្រោះរាំងស្ងួតបញ្ហាទឹកជំនន់ឬក៏គ្រោះធម្មជាតិផ្សេងៗទៀតនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធស្បៀង។ អ៊ីចឹងធ្វើឱ្យមានកង្វះខាតស្បៀងអាហារសម្រាប់កុមារក្នុងការហូបចុកនឹងធ្វើឱ្យប៉ះពាល់ដល់អាហារូបត្ថម្ភរបស់គាត់ដែរ។អ៊ីចឹងសិក្ខាសាលានេះយើងបានជជែកពិភាក្សាគ្នានិងរៀនពីបទពិសោធន៍ផ្សេងៗពីភាគីពាក់ព័ន្ធថាតើយើងគួរយកចិត្តទុកដាក់ក្នុងការធ្វើម៉េចដើម្បីឱ្យប្រព័ន្ធស្បៀងមានសុវត្ថិភាពមានន័យថា មានស្បៀងហូបហើយមានជីវជាតិគ្រប់គ្រាន់ធ្វើឱ្យអាហារូបត្ថម្ភកុមារមានការប្រសើរ»៕