ភ្នំពេញៈ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​​អង្គការ UNIDO កំពុង​សម្របសម្រួល​ស្នើសុំ​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ​របស់​សហភាព​អឺរ៉ុប ចុះមក​វាយតម្លៃ​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៤ ខណៈ​ដើមខែ​ក្រោយ UNIDO នឹង​នាំ​សហគ្រាស​មាន​សក្ដានុពល ចំនួន​៤​ទៅ​ផ្គូ​ផ្គង​អាជីវកម្ម​ជាមួយ​អ្នកទិញ​នៅ​ប្រទេស​បារាំង​។

​លោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ ប្រធាន​ទីប្រឹក្សាបច្ចេកទេស​អង្គការ​យូ​នី​ដូ UNIDO បានឱ្យដឹង​​ថា តាមរយៈ​គម្រោង CAPFish-Capture ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​អង្គការ UNIDO បានធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ អគ្គនាយក​រដ្ឋា​ន​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ​របស់​សហភាព​អឺរ៉ុប​។ លោក​បន្តថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​បានធ្វើ​ការប្រជុំ​ជា​ច្រើនដង​មកហើយ ដើម្បី​សម្រប​សម្រួល​អញ្ជើញ​ខាង​អគ្គនាយកដ្ឋាន​សុខភាព និង​សុវត្ថិភាព​ម្ហូប​អហារ របស់​សហភាព​អឺរ៉ុប ចុះមក​វាយតម្លៃ​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៤​ខាងមុខ​។

​លោក​បន្តថា ទន្ទឹម​នោះ​អង្គការ ​UNIDO និង​ក្រសួងកសិកម្ម ក៏បាន​ជួយ​ដល់​សហគ្រាស ដែលមាន​សក្ដា​នុព​ល​សម្រាប់​នាំចេញ​ផលិតផល​ជលផល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ផងដែរ​។ ក្នុងនោះ UNIDO បាន​អញ្ជើញ​ម្ចាស់​សហគ្រាស​ចំនួន​៤​ទៅ​ចូលរួម​ការផ្គូផ្គង​អាជីវកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែតុលា​ខាងមុខនេះ ដោយ​ចេញដំណើរ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣​។

​លោក​បន្ថែមថា អង្គការ UNIDO កំពុង​ជំរុញ​ផលិតផល​ដែលមាន​សក្ដានុពល​ម​ក​ពី​៤​សហគ្រាស រួមមាន​សហគ្រាស​ទឹកត្រី​លាង ឡេង សហគ្រាស Home Taste Food សហគ្រាស Cambodia Fresh Farm និង​ក្រុមហ៊ុន Confirel ដែលមាន​ផែនការ កែច្នៃ​ប្រហុក​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។

​បើតាមលោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ ការនាំ​ម្ចាស់​សហគ្រាស ដែលមាន​ផលិតផល​ជលផល​ក្រោយ​ប្រមូល​ផល​ទៅ​ទីក្រុង​ប៉ារីស​គឺ​ដើម្បី​ផ្គូ​ផ្គង​អាជីវកម្ម ជាមួយ​អ្នកទិញ ដើម្បីឱ្យ​ពួកគេ​មានការ​ស្វែងយល់​គ្នា​ជា​បណ្តើរ ហើយ​នៅពេលដែល​ការវាយតម្លៃ​ជាប់​បាន​នាំចេញ​​ កម្ពុជា នឹង​នាំចេញ​ផលិតផល​មកពី​សហ​គ្រាស​ទាំង​៤​នោះ​មុនគេ​។​

​លោក​ថ្លែងថា​៖«​យើង​មានការ​សហការគ្នា​គ្រប់ភាគី​ទាំងអស់ ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច រដ្ឋបាល​ជលផល ខាង​គម្រោង ហើយ​ខាង​សហគ្រាស​របស់​យើង ក៏បាន​យកចិត្តទុកដាក់ អ៊ីចឹង​យើង គិតថា នឹង​អាច​ទៅដល់​ទិសដៅ​របស់​យើង ដោយ​អាច​នាំចេញ​ផលិតផល​ជលផល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​ថ្ងៃ​អនាគត​បាន​»​។

​លោក​បញ្ជាក់ថា នៅពេល​អគ្គនាយកដ្ឋាន​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ​របស់​សហភាព​អឺរ៉ុប​ចុះមក​វាយតម្លៃ ប្រព័ន្ធ​សុវត្ថិភាព ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុជា គេ​នឹង​ពិនិត្យមើល​លើ​រចនាសម្ព័ន្ធ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច និង​មើល​ទៅលើ​សហគ្រាស​កែច្នៃ ផលិតផល​។

​លោក លាង ឡេង ម្ចាស់​សហគ្រាស លាង ឡេង បានឱ្យដឹងថា មាន​អ្នកទិញ​១​នៅ​សហរដ្ឋអាមេរិក​មាន​តម្រូវការ​ផលិតផល លាង ឡេង​យ៉ាងច្រើន ប៉ុន្តែ​សហគ្រាស​មិនមាន​សមត្ថភាព​ក្នុងការ​ផលិត​ជូន ព្រោះ​ការបញ្ជាទិញ​ប្រើ​កុងត្រា​ធំ​រហូតដល់​១​ខែ​ត្រូវការ​ផលិតផល​៤០​ទូ​កុងតឺន័រ ជា​ចំនួន​ដ៏​ច្រើន ខណៈ​លាង​ឡេង​មាន​សមត្ថភាព​ផលិត​បានតែ​ប្រមាណ​១០​ទូ​ប៉ុណ្ណោះ​។

​យ៉ាងណា លាង ឡេង មាន​អតិថិជន​២​ផ្សេងទៀត​គ្រោង​នឹង​ទិញ ដោយ​មិន​តម្រូវការ​ឱ្យមាន​កុងត្រា​ធំៗ បែប​នោះទេ ហេតុនេះ លាង ឡេង អាចធ្វើ​ការលក់​ចេញ​បាន​។ លោក​បន្តថា នៅពេល​សហគ្រាស​មាន​ដើម​ទុន​គ្រប់គ្រាន់​ក្នុង​ការផលិត​បន្ថែមទៀត លោក​នឹងធ្វើ​ការពង្រឹង​និង​ពង្រីក​សក្ដានុពល​នាំចេញ ដើម្បី​ចាប់យក​ដៃគូធំៗ នៅលើ​ទីផ្សារ​អន្តរជាតិ​ថែមទៀត​ជាពិសេស​នៅ​សហភាព​អឺរ៉ុប និង​អាមេរិក​។

​លោក​ថ្លែងថា​៖«​ដើមទុន​របស់​ក្រុមហ៊ុន​នៅមានកម្រិត ដូ​ច្នេះ​ធ្វើឱ្យ​ការអនុវត្ត​ជំហាន​គីង្គក់ របស់​យើង​នៅតែ​បន្ត ហើយ​នៅពេល​ដែលមាន​លុយ​គឺ​យើង​ដឹងថា​ត្រូវធ្វើ​បែបណា យើង​មាន​Master plan ច្បាស់លាស់​។ សហគមន៍​អឺរ៉ុប និង​អាមេរិក​ជាទី​ផ្សារ​ដ៏​ល្អ នៅពេលដែល​យើង​គ្រប់គ្រង​បាន​ទីផ្សារ​២​នេះនោះ​ប្រទេស​ផ្សេងៗ យើង​ងាយ​នាំចេញ​បាន​ស្រួល​មែនទែន​»​។

​យ៉ាងណាក៏ដោយ លោក​បាន​លើកឡើងថា នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ពាក់ព័ន្ធ​នឹង​ការទិញ​ត្រី​យកទៅ​រក្សាទុក​ដោយ​ចំណាយ​ដើមទុន​ច្រើន ព្រោះ​ត្រូវ​ទិញ​ឆ្នាំនេះ ផលិត​លក់​នៅ​ឆ្នាំក្រោយ បើសិន​ជាមាន​ការលក់​ត្រី​ដែលជា​វត្ថុធាតុដើម​សម្រាប់​ការផលិត​មាន​ជា​រៀងរាល់ខែ​នោះ ​អាចនឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​បាន​ច្រើន​។ ស្រដៀង​គ្នា​នេះដែរ សហគ្រាស​កែច្នៃ​ផលិតផល​ត្រីងៀត មួយចំនួន​ផ្សេងទៀត ក៏បាន​លើកឡើងថា ​ត្រី​​ដែល​សហគ្រាស ប្រមូល​ទិញយក​មក​ធ្វើការ​កែច្នៃ​មួយចំនួន​នៅតែមាន​បញ្ហាខ្វះ​សុវត្ថិភាព​។

​កញ្ញា អុឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម ថ្លែងថា ចំពោះ​បញ្ហា​ប្រឈម​នេះ ក្រសួងកសិកម្ម​កំពុងធ្វើការ​ដោះស្រាយ និង​កំពុង​ពិនិត្យមើល​លទ្ធភាព ស្វែងរក​អ្នកវិនិយោគ​មក​ធ្វើការ​ចិញ្ចឹម​ត្រី​ដែលមាន​ស្តង់ដា​ត្រឹមត្រូវ ដោយ​មិន​ប្រើប្រាស់​នូវ​សារ​ធាតុគីមី ឬ​ចំណីអាហារ​ដែល​លាយ​ជាមួយ​សារធាតុ​គីមី​មិន​ត្រឹមត្រូវ ដែល​សារធាតុ​ទាំងនោះ​អាច​បង្ក​ហានិភ័យ សម្រាប់​អ្នកប្រើប្រាស់​។

​កញ្ញា​ថ្លែងថា​៖«​យើង​ព្យាយាម​ទាក់ទង​វិនិយោគិន​បន្ថែមទៀត ដើម្បី​ធ្វើ​ម៉េច បង្កើតជា​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ត្រី​១មាន​លក្ខណៈ​ស្តង់ដា​តែម្តង​ដើម្បី​ផ្គត់ផ្គង់ ដល់​សហគ្រាស​ទាំងអស់​នេះ ហើយ​យើង​ធានាបាន​ថា ត្រី​ទាំងអស់នោះ​មានគុណ​ភាព មាន​សុវត្ថិភាព​តាំងពី​ដើមទី​ដំបូង​តែម្តង ហើយ​នៅពេលដែល​យកមក​កែច្នៃ វា​បន្ថែម​គុណភាព និង​រសជាតិ​១កម្រិត​ទៀត​»៕