
លោកហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ។ រូបថត STPM
ភ្នំពេញៈការជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពពីថ្ងៃទី ២០ ខែកញ្ញា ត្រូវបានអ្នកជំនាញកីឡាលោក វ៉ាត់ ចំរើន អះអាងថាជាប្រពៃណីលើកទឹកចិត្តយ៉ាងល្អបន្តពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដើម្បីផ្តល់ភាពជឿជាក់ដល់ក្រុមអត្តពលិកកម្ពុជាឱ្យខំប្រឹងប្រជែងរកមេដាយពីការប្រកួតកីឡាអាស៊ីលើកទី១៩ (The 19th Asian Games) នៅទីក្រុង Hangzhou ប្រទេសចិន។
ការលើកឡើងរបស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោកបានអមដំណើរប្រធាន NOCC លោក ថោង ខុន ដើម្បីដឹកនាំប្រតិភូកីឡាកម្ពុជាចេញទៅប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិននៅព្រឹកថ្ងៃទី ២១ ខែកញ្ញា គឺបន្ទាប់ពីប្រតិភូកីឡារបស់កម្ពុជាទាំងនេះបានទៅចូលជួបសម្តែងការគួរសម និងស្តាប់អនុសាសន៍ណែនាំពីលោក ហ៊ុន ម៉ាណែត។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងធ្វើដំណើរទៅប្រកួតប្រកបដោយក្តីសង្ឃឹម ព្រោះកាលពីថ្ងៃពុធ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំជាច្រើន ជាពិសេសបានជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីយើងឱ្យចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនេះ ប្រកបដោយមោទនភាពជាតិខ្ពស់និងថែរក្សាឱ្យបាននូវកិត្តិយសជាតិក្នុងការប្រកួត ក៏ដូចជារក្សាមិត្តភាពល្អជាមួយម្ចាស់ផ្ទះចិននិងបណ្តាប្រទេសចូលរួមកីឡាអាស៊ីទាំង៤៥ប្រទេស»។
លោកបានបន្ថែមថា៖ «យើងបានឃើញហើយថា ការលើកទឹកចិត្តនេះ ជាការជំរុញចិត្តសាស្ត្រកីឡាមួយយ៉ាងធំ ព្រោះជាប្រពៃណីកន្លងមកគឺសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា ក្នុងពេលចេញទៅប្រកួតអន្តរជាតិធំៗរាល់ដងដែលជាសក្ខីភាពមួយក្នុងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ដល់កីឡាករ កីឡាការិនី ដើម្បីប្រឹងប្រែងប្រកួតប្រជែងស្វែងរកមេដាយជូនជាតិ»។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញានោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ NOCC, ក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡានៅកម្ពុជាដើម្បីទទួលបានសមិទ្ធផលជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឱ្យកិត្តិសព្ទជាតិត្រូវបានលើកតម្កើងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «កីឡាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុត ក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប ហើយអ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជានិងជាមោទនភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា ក្រុមអត្តពលិក អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធដែលបានត្រៀមលក្ខណៈនិងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករនិងកីឡាការិនីកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិនលើកនេះ ហើយលោកបានជូនពរដល់កីឡាករ និងកីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ។
យ៉ាងណាក៏ដោយ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍ដល់ក្រុមអត្តពលិកកម្ពុជាទាំងអស់ ទី១ ត្រូវបន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ ទី២ ប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗសុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា ទី៣ ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា ទី៤ រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងទី៥ បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ។
គួរបញ្ជាក់ថា សម្រាប់ប្រភេទកីឡាដែលបានចេញដំណើរទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញានេះ រួមមានក្រុមកីឡាតេក្វាន់ដូ និងយូដូ ចំណែកប្រភេទកីឡាមួយចំនួនទៀត បានចេញទៅហ្វឹកហាត់នៅចិនជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៣ ខែសីហាមកដែលមានសរុប១៧ប្រភេទកីឡា ដោយក្នុងនោះប្រភេទកីឡាអូឡាំពិកមាន១០ និងកីឡាមិនអូឡាំពិកមាន៧ប្រភេទ។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ផងនោះ បានឱ្យដឹងថា នៅក្នុងចំណោមប្រភេទកីឡាទាំង១៧នេះ គឺកម្ពុជាមាន៦ទៅ៧ប្រភេទកីឡាដែរ ដែលអាចស្វែងទៅរកមេដាយល្អបាន ដូចជាកីឡាគ្រីកឃីត តេក្វាន់ដូ WT ចំបាប់ ជឺជីតស៊ូ និងយូដូ ជាដើម ហើយសម្រាប់កីឡាអាស៊ីនេះ មានការប្រកួតកម្រិតខ្ពស់ណាស់ ព្រោះប្រទេសមានសក្តានុពលខ្ពស់ផ្នែកកីឡានេះ មានច្រើន ដូចជា ម្ចាស់ផ្ទះ ចិន កូរ៉េ ជប៉ុន អ៊ីរ៉ង់ និងកាហ្សាក់ស្ថានជាដើម។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងនឹងដកស្រង់បទពិសោធន៍ទាំងអស់នេះ និងជំរុញលើកទឹកចិត្ត ដែលជាការងារមួយធ្វើឱ្យបច្ចេកទេសមានភាពគត់មត់បាន អ៊ីចឹងយើងទាំងអស់គ្នាមានតែការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកឡើងនូវកិត្តិយសជាតិហើយត្រឡប់មកវិញជាមួយនឹងកិត្តិយសជាតិនិងជោគជ័យនៅក្នុងបេសកកម្មដ៏វិសេសវិសាលសម្រាប់ជាតិមាតុភូមិនាពេលនេះ»៕