ភ្នំពេញៈ ចក្រភពអង់គ្លេសតាមរយៈលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញឆន្ទៈបន្តជួយកម្ពុជា ក្នុងសកម្មភាពមីន ដោយអះអាងថារាជរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងអនុម័តជំនួយថវិកាដល់កម្ពុជាសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ នៅក្នុងខែវិច្ឆិកាខាងមុខ ដោយបញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG។
ការបង្ហាញឆន្ទៈរបស់ចក្រភពអង់គ្លេសដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកលី ធុជ បានលើកឡើងចំពោះទំនាក់ទំនងនិងកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំង២ លើគ្រប់វិស័យទាំងផ្នែកពាណិជ្ជកម្ម ការបរទេស បរិស្ថាន ការអប់រំ និងសុខាភិបាលជាដើម ជាពិសេសការគាំទ្រដល់សកម្មភាពបោសសម្អាតមីនមនុស្សធម៌។
លោក លី ធុជ ថ្លែងថា៖«ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៦០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៦៧ ៥៩០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧ ៧៨៨គ្រាប់»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនិងប្រជាជនចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ ដែលស្របតាមផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយការជួយជ្រោមជ្រែងរបស់ចក្រភពអង់គ្លេសនិងដៃគូនានាទៀតពិតជាសំខាន់សម្រាប់ដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥។
ជាការឆ្លើយតប លោក Dominic Williams បានវាយតម្លៃខ្ពស់ចំពោះកិច្ចសប្រតិបត្តិការដែលអាជ្ញាធរមីនបានផ្តល់ជូនចក្រភពអង់គ្លេស សម្រាប់សកម្មភាពមីនមនុស្សនៅកម្ពុជា។
លោកបញ្ជាក់បន្ថែមថា៖«ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅកម្ពុជា គ្មានមីនឆ្នាំ២០២៥ អង់គ្លេស បានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយ សម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន» ។
លោកបញ្ជាក់ថាជំនួយសម្រាប់កម្ពុជានឹងដាក់បញ្ចូលក្នុងសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG ខណៈកំពុងរង់ចាំការអនុម័តជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា អង់គ្លេស ផ្តល់តម្លៃដល់ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា តួយ៉ាងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្នុងក្របខ័ណ្ឌជំនួយមនុស្សធម៌ ខណៈខ្លួនមិនមែននៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុបទៀតឡើយ។
លោកថា៖«រដ្ឋាភិបាល និងប្រជាជនកម្ពុជា មានអារម្មណ៍វិជ្ជមានជាមួយចក្រភពអង់គ្លេស ដោយហេតុជំនួយវិស័យអប់រំតួយ៉ាងកម្មវិធីសិក្សាភាសាអង់គ្លេស ក្នុងកម្មវិធីសិក្សាក៏ជាជំនួយរបស់ចក្រភពអង់គ្លេសដែរ។ ដូច្នេះជំនួយដោះមីននេះជារឿងសំខាន់ ទាំងក្នុងវិស័យមនុស្សធម៌ផង និងឥរិយាបថពង្រឹងការទូតផង»។
លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អង់គ្លេសជាទំនាក់ទំនងយូរលង់ណាស់មកហើយពោលគឺ រយៈពេល៧០ឆ្នាំ ដែលយូរជាងទំនាក់ទំនងជាមួយប្រទេសភាគច្រើនផង ។ទោះជាយ៉ាងណា ការទូតរវាងប្រទេសទាំង២ គឺក្នុងក្របខ័ណ្ឌមនុស្សធម៌នោះទេ ដោយសារទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប៉ុន្តែជំនួយរបស់អង់គ្លេសនៅតែមានសារៈសំខាន់។
ដោយឡែកនៅខណៈនេះ ក្រុមការងារបោសសម្អាតមីនស៊ីម៉ាក់ (CMAC) ក៏កំពុងបោសសម្អាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមដីព្រៃជាង ៥០០ ហិកតា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលសព្វថ្ងៃបានបោសសម្អាតបានផ្ទៃដី២៥ភាគរយទៅហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមលោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ស៊ីម៉ាក់ (CMAC) ប្រចាំខេត្តសៀមរាប ថ្លែងក្នុងពិធីប្រគល់-ទទួលសម្ភារប្រើប្រាស់របស់មូលនិធិចិន Peace Land Foundation កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣៕