ភ្នំពេញ: សមាជិកនៃអង្គភាពការពារកុមារ (CPU) ចំនួន ១៦ រូប ត្រូវបានប្រគល់វិញ្ញាបនបត្រសរសើរដោយលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ កញ្ញា ក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេដើម្បីការពារកុមារកម្ពុជា ១ ទសវត្សរ៍កន្លងមក។
វិញ្ញាបនបត្រសរសើរទាំងនេះត្រូវបានផ្តល់ជូនដល់បុគ្គលនីមួយៗសម្រាប់ការប្តេជ្ញាចិត្តពិសេសរបស់ពួកគេក្នុងការការពារកុមារងាយរងគ្រោះពីការរំលោភបំពាន និងការកេងប្រវ័ញ្ច ក៏ដូចជាការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងការលើកកម្ពស់ការថែទាំ និងព្យាបាលជនរងគ្រោះជាកុមារ និងការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើកុមារនៅទូទាំងប្រទេស។
លោក James McCabe នាយកផ្នែកប្រតិបត្តិការនៅ CPU បានសម្តែងនូវមោទនភាពចំពោះស្នាដៃរបស់អង្គភាពនេះ ដោយបញ្ជាក់ថា៖ «ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ CPU និងសមិទ្ធផលដែលយើងមានលើកុមារ និងក្រុមគ្រួសាររបស់ពួកគេក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ»។
លោកបានបន្ដថា៖ «មានលទ្ធផលដ៏មិនគួរឱ្យជឿ មិនត្រឹមតែការចាប់ខ្លួន និងការកាត់ទោសប៉ុណ្ណោះទេ ប៉ុន្តែជីវិតដែលត្រូវបានសង្គ្រោះ និងស្ដារឡើងវិញ ខ្ញុំមានមោទនភាពចំពោះក្រុម CPU ក៏ដូចជាការទទួលស្គាល់ និងការសរសើរពីរាជរដ្ឋាភិបាលកម្ពុជា»។
បង្កើតឡើងកាលពី១ទសវត្សរ៍មុន CPU បានវិវត្តទៅជាអង្គភាពស៊ើបអង្កេតឈានមុខនូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តលើកុមារនៅកម្ពុជា។
លើសពីនេះ វាបានក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់ផ្តល់ការថែទាំ និងជំនួយពីអ្នកឯកទេសដល់ជនរងគ្រោះកុមារ និងគ្រួសាររបស់ពួកគេ។
លិខិតសរសើរពីលោក ស ខេង ត្រូវបានប្រគល់ជូនដល់សមាជិក CPU ចំនួន ១៦ នាក់ ដែលបាននិងកំពុងបន្ដបេសកកម្មអស់រយៈពេល ១០ ឆ្នាំ។
បង្កើតឡើងក្នុងឆ្នាំ ២០១៣ CPU តំណាងឱ្យភាពជាដៃគូពិសេសរវាងអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអគ្គស្នងការនគរបាលជាតិកម្ពុជា ដែលបានសហការក្នុងបេសកកម្មស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរលើកុមារទាំងអស់នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ ដោយធានាថា ជនល្មើសត្រូវបាននាំយកមកផ្តន្ទាទោស។
យោងតាម CPU បានបង្ហាញថា ប៉ុន្មានឆ្នាំមកនេះ CPU បានពង្រីក៤ផ្នែកធំៗគឺ ក្រុមស៊ើបអង្កេតឃាតកម្ម (HIT) ក្រុមសេវាកោសល្យវិច័យ (FST) ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកុមារ (ICAC) និងការិយាល័យសេវាជនរងគ្រោះ និងគ្រួសារ (OVFS)។
CPU បានឱ្យដឹងថា ពេលឈានចូលដល់ឆ្នាំទី ១០ CPU រកឃើញថា ខ្លួនមានតម្រូវការច្រើនជាងពេលណាៗទាំងអស់ ដោយបានដោះស្រាយ ២៦៩ ករណីនៅឆ្នាំនេះ បើធៀបនឹង ២៤២ ក្នុងឆ្នាំ ២០២២។
ប្រតិបត្តិការនៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា អង្គភាពពិសេសនេះមានមន្ត្រីនគរបាល អ្នកស៊ើបអង្កេត អ្នកជំនាញផ្នែកកោសល្យវិច័យ និងអ្នកឯកទេសថែទាំក្រោយហេតុការណ៍ ប្រកបដោយបទពិសោធន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មធំៗលើកុមារ រួមទាំងមនុស្សឃាត ការរំលោភផ្លូវភេទ និងការជួញដូរ។
កាលពីពីរឆ្នាំមុន CPU បានបង្កើតអង្គភាពឯកទេសដំបូងគេក្នុងប្រទេសកម្ពុជាក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកុមារ រហូតដល់ការចែកចាយរូបភាពអាសអាភាសរបស់កុមារចំនួន ១១៨ ករណី។
CPU បានបន្ដថា៖ «សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់បំផុតមួយរបស់អង្គភាពគឺការរួមចំណែកនាំយកឧក្រិដ្ឋនជនទៅផ្ដន្ទាទោស សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ កើនឡើង ៦ ដង ដែលឈានដល់ ៨៦ ភាគរយ ក្នុងឆ្នាំ ២០១៨។ ក្នុងរយៈពេល១ទសវត្សរ៍ អង្គភាពបានស៊ើបអង្កេតករណីមនុស្សឃាតលើកុមារជាង ៣០០ ករណី»។
លោក James McCabe បានថ្លែងអំណរគុណចំពោះអ្នកដែលបានគាំទ្របុព្វហេតុ CPU ជាពិសេស ការទទួលស្គាល់លោក ស្កុត នីសុន ស្ថាបនិកមូលនិធិកុមារកម្ពុជា ចំពោះការជឿទុកចិត្ត ជំនឿ ភាពស្មោះត្រង់ និងការលើកទឹកចិត្តដែលមិនផ្លាស់ប្តូររបស់លោកក្នុងការសម្រេចបាននូវគោលគំនិតដែលបានជួយសង្គ្រោះកុមាររាប់មិនអស់។
លើសពីនេះ អង្គភាព CPU ជួយយ៉ាងសកម្មដល់នគរបាលជាតិកម្ពុជាក្នុងការលើកកម្ពស់ការបណ្តុះបណ្តាល និងសមត្ថភាពមន្ត្រីនគរបាលមូលដ្ឋាន ជួយបង្កើនសមត្ថភាពស៊ើបអង្កេតករណីធ្ងន់ធ្ងរនៃការរំលោភបំពានលើកុមារ។
គួរកត់សម្គាល់ថា អង្គភាពបានផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលជាលើកដំបូងដែលមិនធ្លាប់មានសម្រាប់មន្ត្រីនគរបាលជាស្ត្រីក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការសម្ភាសកុមាររងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ។ វគ្គសិក្សាស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុនសម្រាប់មន្ត្រីការពារកុមារជាស្ត្រីពីនគរបាលជាតិកម្ពុជា។
លោក ស្កុត នីសុន បាន៖ «ខណៈប្រតិបត្ដិការ CPU ជាផ្នែកនៃ CCF ចក្ខុវិស័យរបស់លោក James McCabe ប្រតិបត្តិការជាបន្ដបន្ទាន់ត្រូវបានដឹកនាំដោយគាត់។ វាជាអង្គភាពដែលបង្កើតបានលទ្ធផលគួរឲ្យកត់សម្គាល់»។
ក្នុងរយៈពេល១ទស្សវត្សរ៍ អង្គភាពការពារកុមារ (CPU) សម្រេចបាននូវបេសកកម្មការពារកុមារកម្ពុជា ជាមួយនឹងការចាប់ខ្លួនឧក្រិដ្ឋជន ១៩៩៨ នាក់ ស៊ើបអង្កេតឧក្រិដ្ឋកម្មអ៊ីនធឺណិតចំនួន ១១៨ ករណី ប្រឆាំងនឹងកុមារដែលបណ្តាលឱ្យមានការជាប់ពន្ធនាគារ។
១០៥០០ គ្រួសារ ទទួលបានជំនួយគាំពារ និងសេវាកម្មថែទាំសុខុមាលភាព ហើយជនរងគ្រោះ ១១០១ នាក់ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ។ តាមរយៈការលះបង់ឥតងាករេ CPU ឈរជាសញ្ញានៃក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់កុមារ និងគ្រួសារដែលងាយរងគ្រោះនៅកម្ពុជា៕