សមាគមសហគ្រិនស្ត្រី-កម្ពុជា បានលើកឡើងថា ការគាំទ្ររបស់ក្រសួងការងារលើការបណ្តុះបណ្តាលសហគ្រិនភាព និងការបំប៉នជំនាញបុគ្គលិកវិស័យឯកជនដោយឥតគិតថ្លៃ វាគឺជាផ្នែកមួយធ្វើឱ្យអាជីវករអាចពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ និងជាប្រធានសមាគមសហគ្រិនស្រ្តី-កម្ពុជា បានលើកឡើងបែបនេះ បន្ទាប់ពីដឹកនាំប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះ លោក ហេង សួរ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួង មានវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនានាដល់យុវជន និងបុគ្គលិកក្រុមហ៊ុន។ លោកថ្លែងថា៖ «ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍន៍សហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន»។
ជុំវិញរឿងនេះ លោកស្រី កែវ មុំ មានប្រសាសន៍ថា ការគាំទ្ររបស់ក្រសួងនេះ គឺវាពិតជាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការពង្រឹងសមត្ថភាពដល់អាជីវករ ដែលពួកគាត់កំពុងប្រកបអាជីវកម្មបែបលក្ខណៈតគ្នា ឬលក្ខណៈគ្រួសារ ដើម្បីឱ្យពួកគាត់មានសមត្ថភាពក្នុងការដឹកនាំ និងពង្រីកអាជីវកម្មរបស់ខ្លួន ប្រកបដោយនិរន្តរភាព។
លោកស្រីបញ្ជាក់ថា៖«ការគាំទ្រហ្នឹង វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជួយបណ្ដុះបណ្ដាលឱ្យអាជីវករ គាត់មានសមត្ថភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន ដូច្នេះទើបធ្វើឱ្យអាជីវកម្មគាត់អាចពង្រីកបានយ៉ាងលឿននិងជួយកាត់បន្ថយហានិភ័យផ្សេងៗ ព្រមទាំងប្រកបដោយនិរន្តរភាព»។
លោកស្រីបានឱ្យដឹងទៀតថា ចំពោះការគាំទ្ររបស់ក្រសួងលើការផ្ដល់សេវាបំប៉នជំនាញបន្ថែមដល់បុគ្គលិក ឬកម្មករក្នុងវិស័យឯកជន វាគឺជាកត្តាមួយដែលក្រសួងអាចជួយពង្រឹងសមត្ថភាពដល់បុគ្គលិក ឬកម្មករឱ្យមានជំនាញពិតប្រាកដ មានប្រាក់បៀវត្សច្រើនជាងមុន។ លោកស្រីបន្ថែមថា ហើយក៏ជាការអាចចូលរួមចំណែកកាត់បន្ថយភាពខ្ជះខ្ជាយ ការខូចខាតនៅក្នុងក្រុមហ៊ុន ជាពិសេសបានបន្ថែមល្បឿនការងារជូនដល់ក្រុមហ៊ុនទៀតផង។
ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍ ដូច្នេះអាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហេង សួរ។
បន្ថែមពីនេះទៀត លោកក៏បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ៕