បេក្ខជន​ ជាអ្នកសាព័ត៌មាន​ចំនួន ៥ រូប ដែលមក​ពី​ចម្រុះ​ស្ថាប័ន បានទទួល​ជយលាភី​ពីកម្មវិធី​ប្រកួត​សរសេរអត្ថបទ​ព័ត៌មាន និងបទ​យកការណ៍​ស្តីពី​ការបង្កើត​បរិយាកាស​ងាយស្រួល​នៅកន្លែង​ការងារ​ដើម្បី​លើកកម្ពស់​ការចិញ្ចឹម​កូន​ដោយទឹកដោះ​ម្តាយ​នៅ​កម្ពុជា។ កម្មវិធី​ប្រកាស​ជយលាភី និងប្រគល់​រង្វាន់​ត្រូវបាន​ប្រារព្ធឡើង​កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

កម្មវិធី​ប្រកួត​ប្រជែងនេះ ត្រូវបានរៀបចំឡើង​ដោយអង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា (WVI-C) យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការ​ហេឡែន ខេលល័រ (Helen Keller Int’l) អង្គការភ្លែន​អន្តរជាតិ​នៃ​កម្ពុជា (PIC) និងសម្ព័ន្ធ​ដើម្បី​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា (SUN-CSA)។

នាឱកាស​នោះ លោកស្រី ខឺស្ទ៊ី មីលេវ (Kirsty Milev) នាយិកា​ផ្នែកគុណភាព​កម្មវិធី​នៃអង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹង​ថា គោលបំណង​នៃការប្រកួត​ប្រជែង​នេះ គឺដើម្បី​ជះឥទ្ធិពល​ជាវិជ្ជមាន​លើគោលនយោបាយ​ទាក់ទង​នឹងការលើកកម្ពស់​ការបំបៅ​កូន​ដោយទឹកដោះ​ម្តាយ និងការផ្តល់​ដំណោះស្រាយ​ដែលអាច​ទៅរួច​សម្រាប់​ម្តាយ​ដែលត្រូវ​បំពេញ​កិច្ចការងារ ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះ​ការបំបៅ​កូន​ដោយទឹកដោះ​ម្តាយ។

លោកស្រីបន្ត​ថា៖«សារៈសំខាន់​នៃតួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការលើកកម្ពស់​ការបំបៅ​កូន​ដោយទឹកដោះ​ម្តាយ និងផ្តល់​ព័ត៌មាន​លើការបង្កើត​គោលនយោបាយ​នៅ​កម្ពុជា ជារឿងមិន​អាចមើល​រំលង​បាន ហេតុនេះ​ការផ្សព្វផ្សាយ ព័ត៌មាន និង​មានការចូលរួម​ពី​អ្នកសារព័ត៌មាន​ស្តីពី​ការបំបៅកូន​ដោយទឹក​ដោះ​ម្តាយ គឺជាការជួយ​លើកកម្ពស់​ការយល់ដឹង និងតម្រូវការ​សម្រាប់ការបង្កើត​គោលនយោបាយ និង​កម្មវិធី​ដើម្បីគាំទ្រ​ដល់ការបំបៅកូន​ដោយទឹកដោះ​ម្តាយ»។

ទន្ទឹមគ្នា​នេះ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​នៃក្រសួង​សុខាភិបាល ក៏បានបង្ហាញ​មោទនភាព និងសាទរ​សមិទ្ធផល​របស់​អ្នកសារព័ត៌មាន​ដែលបានចូលរួម​ក្នុងការប្រកួត​ប្រជែង​នេះ ខណៈលោស្រី​ថា អ្នកសារព័ត៌មាន​គឺជាកម្លាំង​ចលករ​ដ៏មានឥទ្ធិពល​ក្នុងការលើកកម្ពស់​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ​នៅ​កម្ពុជា។ បន្ថែមពីនេះ​លោកស្រី​ថា ការបំបៅកូន​ដោយទឹកដោះ​ម្តាយ គឺទាមទារ​ការគាំទ្រ​ពីសមាជិក​គ្រួសារ កន្លែង​ការងារ និងមជ្ឈដ្ឋាន​ជុំវិញ ពិសេស​ចំពោះស្រ្តី​ដែលត្រូវត្រលប់​ទៅធ្វើ​ការវិញ។

លោកស្រីបន្ត​ថា៖«ដូចនេះ​ការគាំទ្រ​ពីមជ្ឈដ្ឋាន​ជុំវិញ ដូចជា គ្រួសារ និងកន្លែង​ធ្វើការ​គឺជារឿង​សំខាន់ ហើយកន្លែង​ធ្វើការទៀត​សោត ក៏គួរតែ​មានការរៀបចំ​ទីកន្លែង​សមរម្យ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ស្រ្តី​ក្នុងការបំបៅ​ដោះកូន ដោយប្រាកដថា​កូនៗ​របស់​ពួកគាត់​មានសុខភាព​ល្អ និងចៀស​ផុតពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ»។

ចំណែក អ្នកសារព័ត៌មាន​ដែលបានឈ្នះ​ជយលាភី​ពីការប្រកួត​នេះគឺ លោកស្រី អេង គឹមហុង អ្នកសារព័ត៌មាន​មកពី​វិទ្យុបារាំង​អន្តរជាតិ RFI បានលើកឡើង​ថា គោលបំណង​នៃការដាក់​អត្ថបទ​ប្រកួត​នេះ គឺមិនសំដៅ​លើតែ​ជយលាភី​នោះទេ ប៉ុន្តែ​គឺចង់ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ទាក់ទងនឹង​ចំណេះដឹង​ទៅដល់​ប្រជាពលរដ្ឋ​អំពីសារៈសំខាន់​នៃការបំបៅកូន​ដោយទឹកដោះ​ម្តាយ​នៅ​កម្ពុជា។

លោកស្រីបន្ត​ថា៖«តាមរយៈ​ជយលាភី​លើកនេះ នឹងអាច​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​បន្ថែមទៀត​លើព័ត៌មាន​ដែលទាក់ទង​ទៅនឹង​ការលើកកម្ពស់​អាហារូបត្ថម្ភ ការលើកកម្ពស់​ការយល់ដឹង និងតស៊ូ​មតិ សម្រាប់​ការអនុវត្ត​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ ដែលមាន​អត្ថប្រយោជន៍​ទាំង​ចំពោះ​ម្តាយ និងកូន ​ពិសេស​ជំរុញ​ឱ្យ​មានការគាំទ្រ​សម្រាប់​ស្រ្តី​ដែលកំពុង​បម្រើ​ការងារ​ជាដើម»។

គួរបញ្ជាក់ដែរ​ថា អ្នកសារព័ត៌មាន​ដែលជាប់​ជយលាភី​ពានរង្វាន់​ពីកម្មវិធី​ប្រកូត​នេះ រួមមាន លោក ម៉ៅ សំណាង អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ PNN (លេខ១) លោកស្រី សែម ពិសី អ្នកសារព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា CPA (លេខ២) លោកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​មកពី​ស្ថានប័ន​ថ្មីៗ (លេខ៣) លោកស្រី ហៀង គន្ធា មកពី​ស្ថាប័ន​វិទ្យុ​ជាតិ (លេខ៤) និងលោកស្រី អេង គឹមហុង អ្នកសារព័ត៌មាន​មកពីវិទ្យុ​បារាំង​អន្តរជាតិ RFI (លេខ៥)៕

លោក ប៉ាន សូរស័កិ្ត​ (​ស្តាំ​) ក្នុង​ពិធី​បើក​ដំណើរការ​ក្រុមហ៊ុន Newrest​។ សហការី