កម្ពុជា-បារាំង តាមរយៈក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហការរួមគ្នាលើការគ្រប់គ្រងសំណល់រឹង និងកាត់បន្ថយប្លាស្ទិក ដើម្បីដោះស្រាយក្តីកង្វល់ដែលបង្កឡើងដោយសំណល់ទាំងនោះ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាលោក Jacques Pellet ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
នេះបើតាមក្រសួងបរិស្ថាន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ ខែកញ្ញានេះ។
លោក Jacques Pellet តាមរយៈក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។ លោកបញ្ជាក់ថា៖«ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់កម្ពុជាយ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅសកល»។
ក្នុងឱកាសនោះដែរលោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ។ លោកបន្តថា៖«ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាការកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិករបស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន»។
លោកបន្តថា ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនរួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៤០ ម៉ឺននាក់។
លោកបានបន្តទៀថា ការអប់រំ និងលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយមានគោលបំណងដាក់បញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពនឹងក្លាយទៅជាទម្លាប់ល្អ ក្នុងសង្គម។ ចំណែកអាទិភាពទី២ គឺការបង្កើតធុងសំរាមអេកូបេតុងសម្រាប់ការប្រើប្រាស់បានយូរ។
ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីផែនការរបស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីធ្វើសន្និសីទនៅទីក្រុង Nice ក្នុងឆ្នាំ ២០២៥ ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។
លោកក៏បានចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងរបស់បារាំងដើម្បីសាងសង់រោងចក្រកែច្នៃឡើង វិញនៅរាជធានីភ្នំពេញផងដែរ។
ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកជម្រើស ថង់ ប្លាស្ទិក ដែលមានមូលដ្ឋានលើដំឡូងមី សារៈសំខាន់នៃការបង្ការជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើង ដើម្បីសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។
ជាមួយគ្នានេះ លោកស្រី Boucher នាយិកាទីភ្នាកងារអភិវឌ្ឍន៍បារាំង AFD ក៏បានចែករំលែកគម្រោងដែលកំពុងដំណើរការនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបន្ត ដើម្បីជំរុញឱ្យសម្រេចបានទៅតាមផែនការយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ពិសេសព្រៃឈើ ដោយមានការគាំទ្រជាហិរញ្ញប្បទានពី AFD។
បើតាមក្រសួងបរិស្ថាន ៖«កិច្ចប្រជុំបានបញ្ចប់ដោយមានការឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវៈចម្រុះ»៕ ក្រសួងបរិស្ថាន