
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពេលឡើងយន្តហោះទៅ UN កាលពីម្សិលមិញ។ រូបថត STPM
ភ្នំពេញៈ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនាថ្ងៃទី ២១ ខែកញ្ញានេះ ថា តាមកម្មវិធីដែលបានគ្រោងទុកលោក ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាពសំខាន់ចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
លោកបានបន្តថា ក្រៅពីថ្លែងសុន្ទរកថានេះ លោកហ៊ុន ម៉ាណែត ក៏នឹងមានជំនួបជាមួយឥស្សរជននិងតំណាងស្ថាប័នមួយចំនួនផងដែរ ក្នុងនោះមានជាអាទិ៍ ជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសនៃសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា, នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍប្រកបដោយចីរភាពនៃសាកលវិទ្យាល័យកូឡុំប៊ី និងជួបជាមួយប្រធានក្រុមហ៊ុនទីផ្សារ ឥស្សរជន និងស្ថាប័នមួយចំនួនទៀតផងដែរ។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា៖ «បន្ថែមពីនេះ សម្តេចធិបតីក៏នឹងមានកម្មវិធីមួយចំនួនទៀត គឺចូលរួមបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិក មកកម្ពុជា»។
ទន្ទឹមនឹងនោះលោកហ៊ុន ម៉ាណែត ក៏នឹងមានពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក មាស សុភ័ណ្ឌ។
សូមបញ្ជាក់ដែរថា ថ្នាក់ដឹកនាំដែលអមដំណើរលោកនាយករដ្ឋមន្ត្រី រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស,លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក តាន់ ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ តាមការគ្រោងទុក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១ ខែកញ្ញា ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះមានសារៈសំខាន់ណាស់ ដែលកម្ពុជាក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ គឺកម្ពុជាមានកាតព្វកិច្ចចូលរួមនៅក្នុងមហាសន្និបាតអង្គការប្រជាជាតិជារៀងរាល់ឆ្នាំ។

ស្ត្រីពរកូនចេញពីពិនិត្យសុខភាពនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីឆ្នាំមុន។ហេង ជីវ័ន
លោកបានបញ្ជាក់ថា៖ «ពិនិត្យមើលទៅលើប្រធានបទរបស់ UN ក៏ដូចជាអ្វីដែលជាខ្លឹមសារសុន្ទរកថាដែលសម្តេចនាយករដ្ឋមន្ត្រីនឹងថ្លែងឡើងនោះ ខ្ញុំគិតថា ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍ ពាក់ព័ន្ធនឹងវឌ្ឍនភាពសង្គម និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការធ្វើបដិវត្តកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព»។
បើតាមលោក គិន ភា ប្រទេសកម្ពុជាមានទិដ្ឋភាពច្រើនដែលរុញឱ្យល្បឿននៃការអភិវឌ្ឍសហស្សវត្សរ៍របស់កម្ពុជា បានទៅដល់គោលដៅដែលកម្ពុជាមានស្រាប់ហើយផងដែរ ដែលក្នុងនោះមានដូចជា មូលដ្ឋានសុខសន្តិភាព ស្ថិរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានរៀបចំកន្លងមក ក្នុងនោះក៏មានធនធានមនុស្ស ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌយុទ្ធសាស្ត្រជាដើម។
លោកថា៖«អ្វីដែលជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះដែរ ខ្ញុំគិតថាទី ១ បង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចការតំបន់ ក៏ដូចជាក្នុងពិភពលោក ដែលយើងអាចដាក់ចេញយុទ្ធសាស្ត្រ ទស្សនវិស័យសម្រាប់រួមចំណែកដោះស្រាយបញ្ហាតំបន់ ក៏ដូចជាពិភពលោក»។
លោកថ្លែង ដោយបង្ហាញការសង្ឃឹម និងជឿជាក់ផងដែរលើទេពកោសល្យ ភាពឆ្លាតវាងវៃ ហើយពិសេសការអនុវត្តគោលនយោបាយការទូត សេដ្ឋកិច្ចប្រកបដោយភាពបត់បែន មានលក្ខណៈប្រាកដនិយមដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានកិត្យានុភាព កាន់តែមានតួនាទីសំខាន់ឡើងនៅក្នុងកិច្ចការតំបន់ និងពិភពលោក ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ និងផ្លែផ្កាពីបេសកកម្មក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសចូលរួមសន្និបាតមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៨ នាទីក្រុងញូវយ៉កនោះដែរប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសបានបង្ហាញ និងប្រកាសគាំទ្រចំពោះដំណើរបំពេញទស្សកិច្ចនេះផងដែរ។
ការចេញមុខគាំទ្ររបស់ប្រជាពលរដ្ឋនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី មេបក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅស្រុក កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវតាមបណ្តាញសង្គមឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនាបុរីញូវយ៉ក នៅថ្ងៃទី ២២ ខែកញ្ញាខាងមុខ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតនេះ៕