ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ បានបន្តរកឃើញបទល្មើសព្រៃឈើជិត ៨៦ ករណី នៅដែនជម្រកសត្វព្រៃព្រះរកានៅដើមខែកញ្ញានេះ ខណៈមន្ត្រីមូលដ្ឋានបដិសេធការរកឃើញនេះ និងស្នើឱ្យសហគមន៍ដែលចុះល្បាត ត្រូវមានកិច្ចសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិទាំងនោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា តាមការចុះល្បាតរបស់សហគមន៍មូលដ្ឋាននៅចន្លោះថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ខែកញ្ញាកន្លងមកនេះបានបង្ហាញថា ស្ថានភាពតំបន់ដែនជម្រកសត្វព្រៃព្រះរកាបានប្រទះឃើញបទល្មើសថ្មីចំនួន ៨៦ ករណី ក្នុងនោះមានក្ដារបន្ទះចំនួន ៣១ សន្លឹកដែលជនល្មើសមិនទាន់យក ឬទុកចោល។
ប្រភពដដែលបញ្ជាក់ថា ឈើដែលត្រូវរងការកាប់បំផ្លាញទាំងនោះ សុទ្ធតែជាឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ និងជាប្រភេទឈើដែលមានតម្លៃខ្ពស់។
លោក ធា ធីម យុវជនសកម្មនៅសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បានឱ្យដឹងថា បទល្មើសថ្មីចំនួន ៨៦ ករណីនេះ ជាគល់ឈើដែលត្រូវបានជនល្មើសកាប់ហើយថ្មីៗ។ ក្រុមឈ្មួញទាំងនោះ បានចូលមកកាប់ និងដឹកឈើ ដោយគ្មានការរារាំងពីមន្ត្រីឧទ្យានុរក្ស ឬសំណាក់អាជ្ញាធរមូលដ្ឋានឡើយ ខណៈដែលសហគមន៍គ្រាន់តែសុំចូលទៅល្បាត គឺសុទ្ធតែតម្រូវឱ្យមានលិខិតអនុញ្ញាតពីមន្ទីរបរិស្ថានផងដែរ។
លោកបានឱ្យដឹងទៀតថា ឈើដែលក្រុមជនល្មើសលួចកាប់នេះ មិនមែនជាលក្ខណៈក្រុមហ៊ុននោះទេ គឺមានដេប៉ូកែច្នៃឈើជាអ្នកប្រមូលទិញពីក្រុមជនល្មើស ដើម្បីធ្វើការចែកចាយចេញទៅលក់តាមខេត្តផ្សេងៗ។ ចំពោះស្ថានភាពព្រៃឈើនៅតំបន់នេះទៀតសោត កាលពីមុនចូលទៅ ស្ទើរតែមើលមិនឃើញពន្លឺថ្ងៃ ប៉ុន្តែពេលនេះ មើលឃើញតែដើមឈើបានកាប់ផ្ដួល និងដុតបំផ្លាញ។
លោក ធីម ថ្លែងថា៖ «យើងចង់ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន សហការជាមួយ សហគមន៍ សូមកុំបិទសិទ្ធិ កុំរារាំងមិនឱ្យសហគមន៍ចុះល្បាត អ៊ីចឹង! ទើបអាចសល់ដើមឈើធំៗខ្លះនៅពេលអនាគត»។
លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានឱ្យដឹងដែរថា បទល្មើសព្រៃឈើនៅតែបន្តរកឃើញជាថ្មី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខណៈដែលតំបន់ទាំងនោះបានចុះអនុក្រឹត្យដោយរាជរដ្ឋាភិបាល ក្នុងការដាក់ជាតំបន់ដែន ជម្រកសត្វព្រៃ។ អ្នកដែលមានតួនាទីធំក្នុងការរក្សាការពារដែនជម្រកសត្វព្រៃព្រះរកានេះ គឺជាមន្ត្រីបរិស្ថាន ដូច្នេះប្រសិនជាមានឆន្ទៈក្នុងការការពារព្រៃឈើពិតមែន មិនចាំបាច់ទាល់តែមានរបាយការណ៍ចេញរួមគ្នាជាមួយអាជ្ញាធរនោះទេ ទើបអាចចាត់ទុកថា ជារបាយការណ៍ពិត។
លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បានបញ្ជាក់ថា របាយការណ៍របស់សហគមន៍ គឺផ្អែកតែការចុះល្បាតរបស់ពួកគាត់ ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាននោះទេ ដូច្នេះមិនអាចទទួលយករបាយការណ៍ដែលសហគមន៍រកឃើញបទល្មើសព្រៃឈើទាំងអស់នោះឡើយ ខណៈអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន កំពុង ធ្វើការយ៉ាងតឹងរ៉ឹងចំពោះការអភិរក្សធនធានធម្មជាតិទាំងនោះ បើទោះបីមានច្រកខ្លះត្រូវបានចន្លោះក្នុងការគ្រប់គ្រងក៏ដោយ ប៉ុន្តែបានព្យាយាមខិតខំឱ្យអស់ពីសមត្ថភាពក្នុងការការពារព្រៃឈើទាំងនោះ។ លោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចសុំអត្ថាធិប្បាយបានទេនៅថ្ងៃទី ២១៕