សៀមរាបៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ពង្រីក​ការអនុវត្ត​ប្រព័ន្ធ​អង្កេត​ដាន​បន្ថែមទៀត ទៅលើ​ផលិត​ផល​កសិកម្ម​ផ្សេងៗ​ទៀត ក្រៅពី​វិស័យ​ជលផល ដែល​នៅក្នុង​អនុវិស័យ​នៃ​ក្រសួងកសិកម្ម​ត្រូវ​ទទួលបន្ទុក ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​លើកកម្ពស់​ផលិតផល​កសិកម្ម​កម្ពុ​ជា នៅលើ​ឆាក​អន្តរជាតិ​។ នេះ​បើតាម កញ្ញា​ អ៊ឹ​ម រចនា អនុ​រដ្ឋ​លេ​ខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​កញ្ញាបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បែបនេះ​ក្នុងពេល​ចុះ​ទស្សនកិច្ច​នៅ​សហគ្រាស​ផលិត​ត្រីងៀត​ ១ ​កន្លែង ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា​។ ដំណើរ​ទស្សនកិច្ច​នេះ​រៀបចំ​ដោយ​ក្រសួង​​កសិកម្ម និង​អង្គការ UNIDO ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​សហគម​ន​អឺរ៉ុប​តាម​រយៈ​កម្មវិធី CAP-Fish-CAPture មាន​រយៈពេល​ ៤ ​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ខេត្ត​​កណ្តាល កំពង់ធំ និង​សៀមរាប ពីថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ២០ ខែកញ្ញា​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា បច្ចុប្បន្ននេះ​រដ្ឋបាល​ជ​ល​ផល នៃ​ក្រសួងកសិកម្ម និង​អង្គការ UNIDO កំពុង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​អង្កេត​តាមដាន​នៅតាម​សហគ្រាស​កែច្នៃ​ផលិតផល​ត្រី​ក្រោយ​ប្រមូល​ផល នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​មួយចំនួន​។

​កញ្ញា​ អ៊ឹម រចនា បានឱ្យដឹងថា បើ​ការ​អនុវត្ត​ប្រព័ន្ធ​អង្កេត​ដាន​នេះ​ទទួលបាន​ជោគជ័យ នោះ​សហគ្រាស​កែច្នៃ​ផលិត​ផល​ត្រី និង​ទទួលបាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ម្ហូបអាហារ CQS ដែល​ធ្វើឱ្យ​ម្ចាស់​សហគ្រាស​អាច​លក់​ផលិតផល​របស់ខ្លួន​បាន​ថ្លៃ​ជាង​មុន​។ បន្ថែម​លើ​នោះ​ផលិតផល​កសិកម្ម​ដែលមាន​ស្តង់​ដា​របស់​កម្ពុជា អាច​ពង្រីក​ការលក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​នេះ​ជាការ​ចូលរួម​លើកស្ទួយ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។

​កញ្ញា អ៊ឹម រចនា បញ្ជាក់ថា ក្រៅពី​ការ​អនុវត្ត​នៅតាម​សហគ្រាស​កែច្នៃ​ផលិត​ផល​ជលផល ក្រោយ​ប្រមូល​ផល​ក្នុង​វិស័យ​ជលផល ក្រសួងកសិកម្ម នឹង​ពង្រីក​ការអនុវត្ត​នេះ​ទៅតាម​អនុវិស័យ​ផ្សេងៗ​ទៀត​ដែល​ស្ថិតក្រោម​ការទទួល​បន្ទុក​របស់​ក្រសួង ក្នុងនោះ​រួមមាន បន្លែ​និង​ផ្លែឈើ​ព្រមទាំង​ផលិតផល​សាក​វប្បកម្ម​ផ្សេងៗ​ទៀត​។

កញ្ញា​បន្ថែមថា ពេល​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​អង្កេត​ដាន​ផលិតផល​កសិកម្ម នៅ​កន្លែង​បញ្ចេញ​ផលិតផល​កសិកម្ម​ដែលមាន​សុវត្ថិភាព គឺ​ធ្វើឱ្យ​គ្រប់គ្នា​អាច​ដឹង​តាំងពី​ដើមខ្សែ​ចង្វាក់​ផលិតកម្ម​តាំងពី​ដើមដំបូង ថា​ប្រភព​វត្ថុធាតុដើម​មកពីណា មាន​សុវត្ថិ​ភាព​ប៉ុនណា ការដឹកជញ្ជូន​ដូចម្តេច ហើយ​ការផលិត​មាន​ស្តង់ដា​យ៉ាងណា​ទៅតាម​ការកំណត់​របស់​គម្រោង CAPFish-CAPture​។

​កញ្ញា​បញ្ជាក់ថា​៖ «​អ្នក​ដែល​ទិញ​យកទៅ​បរិភោគ មានលទ្ធភាព​ពិនិត្យមើល​ឡើងវិញ​តាំងពី​ខ្សែចង្វាក់​ដើមដំបូង រហូតដល់​កន្លែង​ផលិត និង​ទទួលទាន បើសិនជា​លោក​ទទួលទាន​ទៅ​មាន​បញ្ហា អាច​រាយការណ៍​មកវិញ​បាន​ភ្លាម ហើយ​យើង​អាច​ប្រមូល​ត្រឡប់មកវិញ ពិនិត្យ​មើល​ពី​ផលិតផល​ទាំងអស់​ហ្នឹង តើ​មាន​បញ្ហា​អី ប៉ះពាល់​អី​ខ្លះ​តើ​បញ្ហា​សុខភាព​ដែល​អ្នក​បរិភោគ​ជួបប្រទះ​ហ្នឹង​កើតឡើង​ដោយសារ​ផលិតផល​ ១ ​​ហ្នឹង​ឬមួយ​មកពី​ផលិតផល​ផ្សេងៗ​ទៀត​»​។​

​លោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ ប្រធាន​ទីប្រឹក្សាបច្ចេកទេស​អង្គការ​យូ​នី​ដូ UNIDO ថ្លែងថា គម្រោង CAPFish-CAPture គឺជា​គម្រោង​ ១​ ដែល​គិត​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិ​យា​ប័ន្ន មានន័យថា អង្គការ UNIDO ធ្វើការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូប​អាហារ ហើយ​ធ្វើ​ការងារ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ផ្តល់​ការគាំទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ ក្រៅពីនេះ UNIDO ក៏បាន​ធ្វើ​ការងារ​ជាមួយ​សាកល​វិទ្យាល័យ​មួយចំនួន ដើម្បី​ស្រាវ​​ជ្រាវ​ដោះស្រាយ​បញ្ហា​ដែល​អ្នក​​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ជួប​​ប្រទះ​ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើការ​ជាមួយ​វិទ្យា​ល័យ​បាត់ដំបង សាកលវិទ្យាល័យ​ព្រែកលៀប​មាន​ខាង​សាលា​​តិច​ណូ និង​ខាង​សាលា​ភូមិន្ទ​​កសិកម្ម គឺ​យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូចជា​បញ្ហា​អាយុកាល​របស់​ផលិតផល​ជាដើម​»​។

​លោក​ សេត​ធី​ស៊ី ថា​រ៉ា​ម៉ា​ថម​​បា​ធូ លើកឡើងថា គម្រោង​បានរៀបចំ​ឡើង​នៅ​ឆ្នាំ ​២០១៩​ ដែល​រៀបចំ​ឱ្យមាន​បទ​ប្ប​ញ្ញ​ត្តិ​ច្បាប់ បង្កើតឱ្យមាន​និមិត្ត​​សញ្ញា​ផលិតផល​ជលផល​ក្រោយ​ប្រមូល​ផល CQS ដើម្បី​ជួយ​ជំរុញ​បង្កើតជា​ប្រព័ន្ធ​សុវត្ថិ​ភាព​ម្ហូបអាហារ ដោយ​ធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល និង​បន្ទាប់មក​គឺ​ជួយ​ជំរុញ​សហ​គ្រាស​ឱ្យ​អនុវត្ត​ទៅតាម​លក្ខ​ខណ្ឌ​តម្រូវ​ទីផ្សារ​នាំចេញ ដែល​ថ្ងៃ​អនាគត​កម្ពុជា​អាច​នាំចេញ​ផលិតផល​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​បាន​។

លោក​បញ្ជាក់ថា ការនាំ​​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ទាមទារ​បែបបទ​ច្រើន​ដែល​ក្នុងនោះ​ប្រព័ន្ធ​អង្កេត​តាមដាន​ជា​ចំណុច​សំខាន់​ ១ ធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​តាំងពី​វត្ថុធាតុដើម រហូតដល់​ផលិតផល​ដាក់លក់​នៅលើ​ទីផ្សារ​៕