លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកឱកាសឱ្យយើងអាចវាយតម្លៃបានលើកិច្ចការដែលបានសម្រេចរួមគ្នាកន្លងទៅ និងពង្រឹងបានវប្បធម៌នៃការរួមកម្លាំងគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យមនុស្សធម៌។
លោកស្រីបានលើកឡើងបែបនេះ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធានប្រតិភូ មកពីសហព័ន្ធអន្តរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសកម្ពុជា-ឡាវ- ថៃ-វៀតណាម, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំទីក្រុងបាងកក និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង ១១។
អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកស្រី ប៊ុន រ៉ានី បានអនុញ្ញាតទទួលជួបជាមួយប្រតិភូនិងថ្នាក់ដឹកនាំខាងលើ កាលពីថ្ងៃទី ២១ ខែកញ្ញា ដោយបានសម្តែងនូវក្ដីសោមនស្ស រីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
សេចក្តីប្រកាសព័ត៌មានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិទាំង ១១ បានដំណើរការជាបន្តបន្ទាប់ពុំមានការអាក់ខានឡើយតាំងពីឆ្នាំ ២០០៣ បើទោះបីមានស្ថានភាពជំងឺកូវីដ ១៩ ក៏ដោយ ក៏គ្រប់ភាគីបានរក្សាកិច្ចប្រជុំថ្នាក់ដឹកនាំតាមប្រព័ន្ធអនឡាញដែរ។
លោកស្រី ប៊ុន រ៉ានី បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា៖ «កិច្ចប្រជុំ ប្រចាំឆ្នាំ ២០២៣ នេះ បានបើកឱកាសឱ្យយើង អាចវាយតម្លៃបាន លើកិច្ចការដែលយើងបានសម្រេចរួមគ្នាក្នុងឆ្នាំ ២០២២ និងពិនិត្យការអនុវត្តសេចក្តីថ្លែងការណ៍ ឆ្នាំ២០២២ តាមរយៈ កិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូ ការធានាបានថាបណ្តាញការងារនានា នៅក្នុងភូមិភាគរបស់យើងមានគណនេយ្យភាព ចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ យើងពង្រឹងបានវប្បធម៌នៃការ រួមកម្លាំងគ្នាដោះស្រាយបញ្ហាប្រឈមក្នុងភូមិភាគ និងស្វែងរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ដែលនឹងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត»។
កិច្ចប្រជុំថ្នាក់ដឹកនាំឆ្នាំ ២០២៣ មានសមាសភាពថ្នាក់ដឹកនាំ និងប្រតិភូជំនាញជិត ៦០ នាក់ និងយុវជនជាអ្នកសង្កេតការណ៍ ៣៤នាក់ មកពីសមាគមជាតិទាំង ១១។
ក្នុងនាមម្ចាស់ផ្ទះ កាកបាទក្រហមកម្ពុជា ក៏បានអនុញ្ញាតឱ្យតំណាង សាខាទាំង ២៥ រាជធានី-ខេត្ត ជាង ៥០ នាក់ ចូលរួមជា អ្នកសង្កេតការណ៍ផងដែរ ព្រោះអ្នកទាំងអស់នោះ គឺជាកម្លាំងនៅតាមបណ្តាខេត្ត ដឹកនាំកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមសហគមន៍ មូលដ្ឋាន ធ្វើសកម្មភាពដូចភ្លៀងរលឹម ដើម្បីប្រជាពលរដ្ឋងាយរងគ្រោះ។
ជាកិច្ចឆ្លើយតប ប្រធានប្រតិភូទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប៊ុន រ៉ានី ប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដោយផ្ទាល់ ដែលនេះជាកាយវិការគួរជាទីគោរពស្រឡាញ់ មានភាពកក់ក្តៅ ប្រកបដោយមិត្តភាព និងសាមគ្គីភាព។
ប្រភពដដែលបញ្ជាក់ថា៖ «ប្រធានប្រតិភូទាំងអស់ ក៏បានថ្លែងនូវការកោតសរសើរចំពោះ ការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយឆ្លុះបញ្ចាំង ឱ្យឃើញពីការដឹកនាំដ៏មានថាមភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមសហគមន៍»៕