រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា​លោក ហង់ ជួនណារ៉ុន បានឱ្យដឹង​ថា ការផ្ទេរ​មុខងារ​ក្នុងវិស័យ​អប់រំ ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស នឹងអនុវត្ត​ចាប់ពីខែ​មករា ឆ្នាំ២០២៤តទៅ ដើម្បី​ពង្រីកការ​ធ្វើ​វិមជ្ឈការមុខងារ​អប់រំ ការអប់រំ​កុមារតូចៗ និងការអប់រំ​ក្រៅ​ប្រព័ន្ធ​ជាដើម សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា។

លោកបានថ្លែង​បែបនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ និងដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពីការផ្ទេរ​មុខងារ​ក្នុងវិស័យ​អប់រំ យុវជន និងកីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយ​មានការចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ​សរុបប្រមាណ ៦២០ រូប​ផ្សេងទៀត​ផង នៅទីស្តីការ​ក្រសួង​មហាផ្ទៃ ដែលរៀបចំដោយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ (គជអប)។

លោកមាន​ប្រសាសន៍​ថា លទ្ធផលនៃ​ការសិក្សា វាយតម្លៃ នៃការ​គ្រប់គ្រង ការចាត់ចែង និងការអនុវត្ត​មុខងារ​អប់រំ ត្រូវបានយក​មកពិភាក្សា​ពិគ្រោះ​យោបល់យ៉ាងល្អិតល្អន់​នៅក្នុងកិច្ចប្រជុំ​ជាមួយ គ.ជ.អ.ប. ដើម្បីកំណត់​វិធានការ​គន្លឹះសម្រាប់​ដោះស្រាយ​បញ្ហាប្រឈម និងសិក្សា​អំពីជម្រើស​សម្រាប់​ការធ្វើ​វិមជ្ឈការ​ការងារ​អប់រំ។

លោកបាន​បញ្ជាក់​ថា៖«ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ដាក់​ចេញ អនុក្រឹត្យ​លេខ២១៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣​ស្តីពីការផ្ទេរ​មុខងារ​ក្នុងវិស័យ​អប់រំ យុវជន និងកីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណង​ពង្រីកការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ យុវជន និងកីឡា ដូចអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ទាំង៤ នៅក្នុងខេត្តបាត់ដំបង ដោយនឹងត្រូវអនុវត្ត​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅទូទាំង​ប្រទេស ដែលនឹង​អនុវត្ត​ចាប់ពីខែមករា ឆ្នាំ២០២៤តទៅ»។

បើតាមលោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ការធ្វើ​វិមជ្ឈការ​មុខងារ​អប់រំ​យុវជន និងកីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេសនេះ ផ្តោតទៅ​លើការប្រគល់មុខងារ​គ្រប់គ្រង​ចំនួន ៣ រួមមាន ការអប់រំ​កុមារតូច ការអប់រំ​បឋមសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ។ ក្រៅពីនេះ​ក៏មានការធ្វើ​ប្រតិភូកម្ម​មុខងារ​គាំទ្រ​ផ្នែករដ្ឋបាល​ចំនួន ៣ ផងដែរ។ ដោយឡែក​មធ្យមសិក្សា​ចំណេះទូទៅ (អនុវិទ្យាល័យ និងវិទ្យាល័យ) ការអភិវឌ្ឍ​យុវជន និងកីឡា គឺប្រតិភូកម្ម​មុខងារគាំទ្រ​ផ្នែករដ្ឋបាល តែផ្នែក​បច្ចេកទេស​ក្រសួង​អប់រំ​យុវជន​និងកីឡា ជាអ្នកទទួលខុស​ដដែល។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. លោក ស សុខា បានថ្លែង​ថា ក្នុងនាម​រាជរដ្ឋាភិបាល សូមកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះការគាំទ្រ និងការចូលរួម​យ៉ាងសកម្ម​ពីគ្រប់ភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការ​សង្គមស៊ីវិលពាក់ព័ន្ធ​នានា​ក្នុងការរៀបចំ និងការអនុវត្ត​កម្មវិធី កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅ​ម្យ៉ាងទៀតថា កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ ឱ្យមាន​ការវិវឌ្ឍ​ទៅមុខ ក្នុងការលើកកម្ពស់​គុណភាព និងប្រសិទ្ធភាព​នៃការផ្តល់​សេវាសា​ធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅធ្វើឱ្យ​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​កាន់តែល្អ​ប្រសើរឡើង។

លោកក៏បាន​គូសបញ្ជាក់​ថា៖«ក្នុងបណ្តា​ប្រទេស​នានា​លើពិភពលោក រួមទាំងព្រះរាជា​ណាចក្រ​កម្ពុជា​បានចាត់​ទុក​វិស័យ​អប់រំ គឺជាវិស័យ​អាទិភាព​ដ៏មានសារៈសំខាន់​បំផុត និងជាមូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែលជាលក្ខខណ្ឌ​ចាំបាច់​មិនអាចខ្វះ​បានសម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកបដោយចីរភាព»។

គួររំឭកថា នៅក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​លើកដំបូង សម្រាប់​នីតិកាលទី៧ កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​អំពីការ​លើកកម្ពស់​គុណភាព​អប់រំ ដោយផ្តោត​លើការពង្រឹង​គុណភាព​សាលារដ្ឋ​ចាប់ពីថ្នាក់​មតេយ្យសិក្សា ដល់មធ្យម​សិក្សា តាមរយៈ​ការពង្រឹង​កិច្ចការ​សំខាន់ៗ​ចំនួន ៤ ដែលជា​អាទិភាព​ស្នូល ទី១ ការពង្រឹងអភិបាលកិច្ច​សាលារៀន។ ទី២ ការពិនិត្យ​កែសម្រួល​និងរៀបចំ​កម្មវិធី​សិក្សា និងសកម្មភាព​ក្រៅម៉ោង​សិក្សា ដែលស្របតាម​តម្រូវការ​នៅក្នុង​ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស ដោយសារតែនៅសាលារដ្ឋ ការបង្រៀន​បានត្រឹមតែ​ពាក់កណ្តាល​ថ្ងៃ (៤​ម៉ោង​ក្នុងមួយថ្ងៃ )ប៉ុន្តែជារួមនៅ​ប្រទេស​ជិតខាង​ការសិក្សា​របស់គេ​ធ្វើឡើង​ពេញមួយថ្ងៃ ដូច្នេះការបង្កើត​ឱ្យមាន​កម្មវិធី​ក្រៅម៉ោង​សិក្សានេះ គឺមានគោលដៅ​ដើម្បី​បង្កើន​ចំនួនម៉ោង​សម្រាប់​សិស្សរៀន​ក៏ដូចជា​ការស្រាវជ្រាវ។

ទី៣ ការយកចិត្ត​ទុកដាក់​ទៅលើ​សុខភាព​របស់​សិស្ស និងសុខភាព​របស់គ្រូតាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និងការត្រួត​ពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន និងទី៤ ការជំរុញ​និងលើកទឹកចិត្ត​ការចូលរួម​របស់មាតាបិតា អាណាព្យាបាល សហគមន៍ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន នៅក្នុងការអប់រំ ក្រោមពាក្យ​ស្លោក ភាពដៃ​គូរដ្ឋ និងសហគមន៍ ដើម្បី​ការអប់រំ៕