បន្ទាប់ពីដំណើរការកិច្ចប្រជុំអស់រយៈពេល ២ ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ក្នុងគោលដៅចម្បង ដើម្បីកសាងសមត្ថភាពសហគមន៍ ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ព្រមទាំងថ្នាក់ដឹកនាំ និងប្រតិភូនៃសមាគមជាតិកាកបាទក្រហមមកពីបណ្តាប្រទេសនានា។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកស្រី ប៊ុន រ៉ានី បានថ្លែងថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នេះ បានប្រព្រឹត្តទៅដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌។
លោកស្រីបានថ្លែងថា ការគូសបញ្ជាក់ របស់អគ្គលេខាធិការអាស៊ាន, សហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី ដែលបានថ្លែងបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹងយន្តការដោះស្រាយរួមនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ គឺមានគោលដៅចម្បង កសាងសមត្ថភាពសហគមន៍ ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។
លោកស្រីបានបញ្ជាក់បែបនេះថា៖«សេចក្តីថ្លែងការណ៍ ដែលយើងទើបតែបានចុះហត្ថលេខារួមគ្នា គឺជាសក្ខីកម្មនៃការទទួលយកនូវបណ្តាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្ននេះ កើតមានកាន់តែញឹកញយជាងមុន និងមានភាពធ្ងន់ធ្ងរខ្លាំងជាងមុន និងរួមគ្នាកសាងសហគមន៍ និងសង្គមឱ្យមានភាពធន់ និងប្រកបដោយបរិយាប័ន្ន»។
លោកស្រីប្រធានកាកបាទក្រហមកម្ពុជា បានបន្តថា ការដាក់បញ្ចូលសេចក្តីថ្លែងការណ៍វេទិកាយុវជន ឱ្យទៅជាផ្នែកមួយដ៏សំខាន់ នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញនេះ គឺជាការពង្រឹងតួនាទីស្នូលរបស់យុវជន ការបណ្តុះថ្នាលឌីជីថល សម្រាប់យុវជនចូលរួមលើកស្ទួយការចែករំលែក ចំណេះដឹង, ការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើម ច្នៃប្រឌិតថ្មីៗ និងជាការកសាង និងពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំ, ពង្រីកចំណេះដឹង និងការយល់ដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម។
«ក្នុងវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មកពី ២៥រាជធានី-ខេត្ត ក្នុងកិច្ចប្រជុំនេះ នឹងបន្តចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមរបស់កាកបាទក្រហមកម្ពុជា ក្នុងការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ»។ លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា កាកបាទក្រហមឥណ្ឌូនេស៊ី នឹងត្រូវធ្វើជាប្រធានបន្តវេនកិច្ចប្រជុំលើកទី២១ និងវេទិកាយុវជនលើកទី៣ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៤ ខណៈដែលសមាគមជាតិកាកបាទក្រហមវៀតណាម ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ីប៉ាស៊ីហ្វិក លើកទី១១ ពីថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ «ការត្រៀមខ្លួនរួចជាស្រេចមុនពេលមានគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ី ប៉ាស៊ិហ្វិក» ។
សូមជម្រាបថា កិច្ចប្រជុំរបស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានបង្ហាញពីសារៈសំខាន់ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូន តាមរយៈផែនការអភិវឌ្ឍបៃតង ដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាពកាន់តែល្អប្រសើរឡើង សម្រាប់មនុស្សជាតិ៕