ដោយអនុវត្តតាមផែនការដាក់ចេញដោយក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្តើមធ្វើការផាកពិន័យដល់អ្នកប្រើប្រាស់ផ្លូវ ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៣ ខណៈអ្នកជំនាញក្នុងវិស័យនេះ សម្តែងការគាំទ្រ ហើយសង្ឃឹមថានឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែកញ្ញា។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យកាន់តែនៅកម្រិតទាប។
ជុំវិញការអនុវត្តន៍នេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌត្រូវគោរពវិន័យកងកម្លាំងឱ្យបានខ្ជាប់ខ្ជួន ក្រមសីលធម៌គុណធម៌ និងមិនត្រូវពួនលាក់ខ្លួនក្រោមដើមឈើ ឬកន្លែងផ្សេងៗជាដាច់ខាត។
លោកមានប្រសាសន៍ថា៖ «ត្រូវឈរគោរពប្រជាពលរដ្ឋ អ្នកបើកបរ បើក្នុងករណីខ្វះចន្លោះប្រហោងចំណុចណាត្រូវណែនាំប្រកបដោយសម្តីវាចាទន់ភ្លន់ តែម៉ឺងម៉ាត់»។
ទាក់ទងការផាកពិន័យនេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានសម្តែងការគាំទ្រចំពោវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ព្រោះលោកមើលឃើញវិធានការនេះ មានប្រសិទ្ធភាពខ្ពស់បំផុតមួយ ដែលអាចជួយកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ទោះជាយ៉ាងណា លោកស្នើសុំឱ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ផ្តោតជាសំខាន់លើការមិនពាក់មួក ការមិនពាក់ខ្សែក្រវាត់ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការនិយាយទូរស័ព្ទពេលបើកបរ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការមិនគោរពអាទិភាពជាដើម។ មួយវិញទៀត ការអនុវត្តច្បាប់នេះ ត្រូវធ្វើយ៉ាងណាប្រកបដោយស្មើភាព តម្លាភាព និងឱ្យបានត្រឹមត្រូវបំផុតទៅតាមច្បាប់ដែលមានចែង។
លោកថ្លែងថា៖«ច្បាប់ពិន័យប៉ុន្មាន យើង (សមត្ថកិច្ច) ពិន័យទៅតាមកំណត់ហ្នឹង»។
ជាមួយគ្នានេះដែរ លោកក៏ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឱ្យបានទូលំទូលាយ និងជាប់លាប់នៅតាមទីតាំងដែលមានហានិភ័យខ្ពស់ដោយអនុវត្តទាំងថ្ងៃ និងយប់ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយការស្លាប់ និងរងរបួសគ្រោះថ្នាក់ចរាចរណ៍បានយូអង្វែង ។
លោកថា៖«បើមិនដូច្នោះទេ តួលេខនៃចំនួននៃការគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំនេះ នឹងកើន»៕