លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូ និងបានបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។
ក្នុងន័យនេះ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានបន្សំ ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានោះលោក ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលបានចូលរួម និងបញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ ។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការរក្សាបាននូវសន្តិភាព និង ស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។
ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជន និងប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពូជា ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យកម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូន លោកអគ្គលេខាធិការថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្ដូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្មក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យ របស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។
ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
ក្នុងន័យនេះ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍ មួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ មានការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់សាជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង សហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា៕