ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសក្រើនរំឭកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវការពារខ្លួនពីជំងឺហ្ស៊ីកា (Zika Virus) បន្ទាប់ពីបានរកឃើញករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ ២០២៣ លើកុមារីអាយុ ៧ ឆ្នាំម្នាក់ ដែលបានឆ្លងជំងឺហ្ស៊ីកា ក្នុងខេត្តកំពង់ធំ ដែលលទ្ធផលបង្ហាញដោយវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែកញ្ញា បានឱ្យដឹងថា ក្រសួងបានរកមានករណីជំងឺហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។
បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
ក្រសួងបន្តថា នៅថ្ងៃទី១៩ គ្រូពេទ្យបានបន្តយកវត្ថុវិភាគ និងបានផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ បន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា គឺវិជ្ជមានវីរុសហ្ស៊ីកា។
សេចក្តីប្រកាសបានបន្តថា ៖ «ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក»។
ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាងកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។
វីរុសហ្ស៊ីកាជាធម្មតាបណ្ដាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា រោគសញ្ញាទូទៅ មានដូចជាគ្រុនក្ដៅស្ទេញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ នេះបើតាមក្រសួងបញ្ជាក់។
ក្រសួងបន្តថា ៖ «រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា»។
ក្រសួងសុខាភិបាល បន្តថា ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ និងថែទាំទៅតាមរោគសញ្ញា អ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្ដៅ ដោយប្រើថ្នាំបញ្ចុះកម្ដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។
សេចក្តីប្រកាសបន្តថា ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យគឺតាម រយៈមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជាដូចជា មន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើតេស្តរកវីរុសហ្ស៊ីកាបាន។
ក្រសួងបញ្ជាក់ថា ៖ «បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលអាចប្រើសម្រាប់បង្ការជំងឺនេះនៅឡើយទេ។ សូមប្រកាសក្រើនរំឭកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមានការពារខ្លួនកុំឱ្យមូសខ្លាខាំ»។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរដល់គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅទារកដែលនឹងបង្កកំណើត។
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២៣ ខែកញ្ញាថា មេរោគហ្ស៊ីកាត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedesដែលខាំភាគច្រើននៅពេលថ្ងៃ។មនុស្សភាគច្រើនដែលមានការឆ្លងមេរោគហ្ស៊ីកា មិនមានរោគសញ្ញាទេ។
នាយកដ្ឋានដដែលបានបញ្ជាក់ថា ៖ «អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល ២-៧ ថ្ងៃ។ការឆ្លងមេរោគ នេះអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន»។
ប្រភពដដែលបន្តថា មន្ត្រីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្កេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។
តាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវថា ៖ «សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូចនិងស្ត្រីមានផ្ទៃពោះនិងធ្វើអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមប្រញាប់ទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទាក់ទងតាមលេខ១១៥»៕