ភ្នំពេញៈ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ សីហា បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ចំពោះ​ទាហាន​ណាក៏ដោយ ដែល​ជាប់​ពាក់ព័ន្ធ និង​សេព​គ្រឿងញៀន ព្រមទាំង​ប្រឈម​ការដក​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការអនុគ្រោះ​នោះឡើយ​។​

​ការព្រមាន​ធ្ងន់ៗ​នេះ ធ្វើឡើង​នៅពេលដែល​លោក បាន​ចុះ​ពិនិត្យមើល​វឌ្ឍនភាពនៃ​ការសាងសង់​ស្តូប​ឈ្នះ​ឈ្នះ អន្លង់វែង និង​សួរសុខទុក្ខ​ដល់​មេបញ្ជាការ មេបញ្ជា​ការរង នាយទាហាន នាយទាហានរង ពលទាហាន ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​យោធភូមិភាគ​ទី​៤ ស្ថិតនៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ភ្នំ​២០០ នា​ស្រុក​អ​ង្ល​ង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣​។ យោងតាមសារលើបណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងការពារជាតិ​។

​លោក ទៀ សីហា បាន​បញ្ជាក់ថា ស្របតាម​គោលនយោបាយ​បញ្ច​កោណ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត គឺ​កងទ័ព​ត្រូវតែមាន​ការកែទម្រង់ ដោយ​ត្រូវធ្វើ​ការហ្វឹកហាត់ ចំណេះ​ជំនាញ​ជាប្រចាំ​ដោយ​គ្មា​នការលើក​លែង​នោះឡើយ ជាពិសេស​ជំនាញ​ការពារជាតិ មាតុភូមិ ត្រូវមាន​កម្លាំង​ពលំ​មាំមួន​។​

​ជាមួយគ្នានេះ​លោក​ក៏បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទាហាន​ណាក៏ដោយ ដែល​ជាប់​ពាក់ព័ន្ធ និង​សេព​គ្រឿងញៀន នឹងត្រូវ​ដកចេញ​ពី​ក្របខ័ណ្ឌ ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការអនុគ្រោះ​នោះទេ​។

​លោក​សង្កត់ធ្ងន់ថា​៖«​មួយទៀត​ចាប់ពីពេលនេះ​តទៅ​មុន​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព​ត្រូវតែ​ធ្វើតេស្ត​គ្រឿងញៀន ឱ្យខាងតែបាន ដោយ​មុននឹង​ក្លាយជា​ក្របខ័ណ្ឌ​កងទ័ព​ត្រូវតែ​ពិនិត្យ និង​ធ្វើតេស្ត​គ្រឿងញៀន​នេះ​យ៉ាងតិច​ចំនួន​៤ដង​ផងដែរ​»​។​

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត នៅ​ថ្ងៃទី​២៤ ​ខែកញ្ញា ​បានថ្លែងថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នេះ គឺជា​ការតាំង​ចិត្ត និង​ការប្តេជ្ញា​ថ្មី​បន្ថែមទៀត​ទៅលើ​ការទប់ស្កាត់ និង​ការបង្ក្រាប​គ្រឿងញៀន​។ ប៉ុន្តែ​លោក​ថា បញ្ហា​គ្រឿង​ញៀ​ននេះ ត្រូវ​ផ្តើមចេញពី​បុគ្គល​នីមួយៗ​ជាពិសេស​អ្នកអនុវត្ត​ច្បាប់ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ពោលគឺ​បើសិនជា​កងកម្លាំង​ទាំងអស់​ស្ថិតនៅ​ឆ្ងាយ​ពី​គ្រឿងញៀន គឺជា​ការចាប់ផ្តើម​មួយ​ក៏មាន​ប្រសិទ្ធភាព​នៅក្នុង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​។​

​លោក​ប្រាប់ថា​៖«​ការដាក់ចេញ​វិធានការ​ទាំងអស់នេះ វា​ជា​រឿង​មួយ​ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់ ក៏ដូចជា​សីលធម៌ និង​គុណ​តម្លៃ​នៃ​កងកម្លាំង ប៉ុន្តែ​បញ្ហា​នេះ​ជា​រឿង​មួយ ដែល​ក្រសួងការពារជាតិ មានការ​តាំងចិត្ត គ្រាន់តែ​ថា​បញ្ហា​គ្រឿងញៀន ជួនកាល​ទាំង​កងកម្លាំង ប្រជាពលរដ្ឋ​មួយចំនួន គ្រាន់តែ​ជា​ជនរងគ្រោះ​នៅក្នុង​បញ្ហា​នៃ​គ្រឿងញៀន​ដែលមាន​លំហូរ​តាម​ការ​ចែកចាយ និង​ជួញដូរ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក អំ សំអាត បាន​បន្ថែមថា​ ក្រៅពី​ការតាំង​ចិត្ត​និង​ប្តេជ្ញាចិត្ត​របស់​ក្រសួងការពារជាតិ គឺ​ត្រូវ​រួមគ្នា​ក្នុងការ​ទប់ស្កាត់ និង​ការបង្ក្រាប​នៃ​បញ្ហា​នេះ​។

​លោក​ថា​៖«​បញ្ហា​គ្រឿងញៀន​ជា​ឫសគល់​មួយ​ធំ ហើយ​មិនមែន​មានតែ​កម្ពុជា​នោះទេ គឺមាន​បណ្តាញ​ច្រើន​នៅក្នុង​ពិភពលោក ដូច្នេះ​យើង​ត្រូវតែមាន​ការទប់ស្កាត់​និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ពីព្រោះ​គ្រឿងញៀន​គឺជា​រឿង​មួយ​ដែល​បំផ្លាញ​នូវ​សង្គមជាតិ និង​ធនធានមនុស្ស​កម្ពុជា​»​។​

​ក្នុង​រយៈពេល​៨​ខែ ​ឆ្នាំ២០២៣ កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ​ទូទាំងប្រទេស បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៥ ០៦០​ករណី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២ ៣៥៦​នាក់​។​

​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​សារធាតុ​ញៀន គ្រប់​ប្រភេទ​២​ ៦២៥​គីឡូក្រាម និង​កញ្ឆា​ស្ងួត​ជាង ៤៣​គីឡូក្រាម និង​សារ​ធាតុគីមី​ជាង ៨៣៧​គីឡូក្រាម​។​នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី លទ្ធផល​បង្ក្រាប​គ្រឿងញៀន នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​៕