ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថានបានឈានមួយជំហានទៀតលើការអនុវត្តនូវយុទ្ធនាការឆ្ពោះទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមរោងចក្រ ខណៈដែលសហជីពគាំទ្រចំពោះក្រសួងដែលបានខិតខំយកចិត្តទុកដាក់លើបញ្ហានេះជាមួយនឹងកម្មករនិយោជិត។
លោក អ៊ាង សុផល្លែត បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា យុទ្ធនាការ ១កញ្ញា បានរីករាលដាលចូលដល់រោងចក្រហើយ «យើងរួមគ្នាដើម្បីភាពស្រស់ស្អាត និងគ្មានសារធាតុពុលកម្ពុជា»។
លោកបានបន្តថា ៖ «ខ្ញុំសូមអរគុណបងប្អូន ក្មួយៗកម្មករកម្មការិនី និងបុគ្គលិករោងចក្រទាំង៤ សរុបកម្មករកម្មការិនីទាំងអស់ចំនួន ២ ៤១២នាក់ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
រោងចក្រ សហគ្រាសដែលបានចូលរួមអនុវត្តយុទ្ធនាការនេះ រួមមាន៖ រោងចក្រកាត់ដេរ ម៉េងតុង ហ្គាមេន មេនូហ្វេកធឺរីង អិលធីឌី មានអ្នកចូលរួម ៧០០ នាក់, រោងចក្រកាត់ដេរ ម៉េងយី ហ្គាមេនមេនូហ្វេកធឺរីង ឯ.ក មានអ្នកចូលរួម ១ ២០០ នាក់, រោងចក្របោកគក់ ម៉េងយ៉ាន ហ្គាមេន មេនូហ្វេកធឺរីង&វេត ប្រូសេសស៊ីង អិលធីឌី មានអ្នកចូលរួម ២៥០ នាក់និងរោងចក្រកាត់ដេរ មីនម៉ាក (ខេមបូឌា) ខូ អិលធីឌី មានអ្នកចូលរួម ២៦២ នាក់។
លោក អ៊ាង សុផល្លែត ក៏បានសាទរជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំពីសំណាក់កម្មករ កម្មការិនី ដែលបម្រើការងារក្នុងរោងចក្រទាំង៤នេះ ហើយលោកបានលើកទឹកចិត្តឱ្យរោងចក្រដទៃទៀតចូលរួមក្នុងយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាត និងគ្មានសារធាតុពុលកម្ពុជា។
ជុំវិញយុទ្ធនាការនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា បានគាំទ្រចំពោះក្រសួងបរិស្ថានដែលបានខិតខំយកចិត្តទុកដាក់ការចូលរួមផ្សព្វផ្សាយដល់កកម្មករកម្មការិនី និងរោងចក្រកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅពេលនេះ។
លោកបានបន្តថា ការប្រើប្រាស់ប្លាស្ទិកច្រើននឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបរិយាកាសជុំវិញរោងចក្រ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពកម្មករកម្មការិនី នៅតាមរោងចក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចប្រជាពលរដ្ឋទូទៅ។
លោកថ្លែងថា៖«ដូច្នេះ គួរតែឱ្យមានការប្រើប្រាស់ប្លាស្ទិកនេះឱ្យបានតិចបំផុត ដោយជំនួសមកវិញនូវការប្រើប្រាស់ក្រដាស និងគូតុងផ្សេងៗ ដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាព។ មួយទៀត សំណូមមពរដល់អ្នកលក់ដូរនៅមុខរោងចក្រ បើមិនចាំបាច់ទេមិនត្រូវប្រើប្រាស់ថង់ប្លាស្ទិកទេ ដោយគួរតែទិញជាថង់ក្រដាសវិញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យបរិស្ថានកម្ពុជាយើង»។
ទាក់ទងនឹងបញ្ហានេះ ដែរ លោក ជុំ ហ៊ត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ក៏បានសម្តែងការគាំទ្រចំពោះក្រសួងបរិស្ថានដែលមានគោលនយោបាយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមរោងចក្រនៅពេលនេះ។
លោកបន្ថែមថាកន្លងមក លោកមើលឃើញកម្មករកម្មរិនីនៅតាមរោងចក្រប្រើប្រាស់ថង់ប្លាស្ទិកច្រើន ដែលធ្វើឱ្យរាយប៉ាយ និងហោះហើរពាសពេញដី ប៉ុន្តែនៅពេលក្រសួងបរិស្ថានធ្វើបានពិតប្រាកដមែន វានឹងមិនធ្វើឱ្យប៉ះពាល់ដល់កម្មករកម្មការិនី និងការរស់នៅរបស់ពួកគាត់បានកាន់តែច្រើន។
សូមរំឭកដែរថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» នៅតាមសាលារៀននៅទូទាំងប្រទេសផងដែរ៕