ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា និងអង្គការដៃគូ ប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ២០២៣-២០២៦ តាមរយៈការបំពាក់ជំនាញកុំព្យូទ័រជាមូលដ្ឋាននៅតាមសាលារៀន និងផ្តល់ការសិក្សាតាមបែបឌីជីថល ដើម្បីរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
គម្រោងនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅក្រោមកិច្ចសហការរវាងក្រសួងអប់រំ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, អង្គការឆាលហ្វានកម្ពុជា និងអង្គការបង្រៀនដើម្បីកម្ពុជា ក្នុងគោលបំណកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។
តាមរយៈគម្រោងនេះមានសាលារៀនចំនួន២១ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ត្រូវបានជ្រើសរើសសម្រាប់អនុវត្ត ដែលនឹងនាំឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថល ក្នុងសារៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នា ដល់សិស្សានុសិស្សសម្រាប់អភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។
បើតាមក្រសួងអប់រំ គម្រោងនេះមានគោលបំណងបំពាក់ជំនាញកុំព្យូទ័រជាមូលដ្ឋាន អក្ខរកម្មហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សជាង២៤ ០០០នាក់និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤ ៦១៣នាក់ រួមមានគ្រូបង្រៀន ឪពុកម្តាយ និងមន្ត្រីរាជការ។ វិធីសាស្ត្រប្រកបដោយភាពគ្រប់ជ្រុងជ្រោយមួយនេះនឹងបង្កើតបានធនធានមនុស្សជំនាន់ក្រោយ ពោរពេញដោយទេពកោសល្យ ក្នុងការត្រៀមខ្លួនចូលរួម ក្នុងពិភពឌីជីថល។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម កុច បានលើកឡើងថា នេះគឺជាគម្រោងមួយដ៏មានសារៈសំខាន់បំផុត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ស្តីពីការកសាងសមត្ថភាពឌីជីថល។
លោកបានថ្លែងថា ៖«សូម្បីតែសព្វថ្ងៃប្រជាជនកម្ពុជា គឺឈានមកដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ទៅហើយ អ៊ីចឹង!ខ្ញុំមានសេចក្តីរំភើបដែលដាក់ឱ្យដំណើរការគម្រោងនេះ ម្យ៉ាងទៀតអង្គការឆាលហ្វានកម្ពុជា ពិតជាធ្វើការប្រកបដោយលទ្ធផលល្អ»។
លោកបានបន្តថា ក្នុងសម័យកូវីដ១៩ សិស្សចាប់ផ្តើមរៀនតាមរយៈអនឡាញ ប៉ុន្តែបញ្ហាប្រឈមមួយទៀតគឺអ៊ីនធឺណិតនៅយឺត ខណៈឯកសារខ្លះមិនទាន់មានបញ្ចូលឱ្យបានគ្រប់គ្រាន់ទៅក្នុងប្រព័ន្ធដែលយើងអាចរៀនតាមរយៈអនឡាញបានទេ ។
លោក អ៊ឹម កុច ថ្លែងថា៖ «អង្គការនេះ បានរៀបចំជាសៀវភៅ បណ្តុះបណ្តាលធ្វើម៉េចអប់រំដល់គ្រូឱ្យចេះឌីជីថល ដើម្បីទៅបង្រៀនសិស្សឱ្យចេះឌីជីថលហើយសាលាវត្តបូព៌នៅខេត្តសៀមរាប គឺគាត់បានយកចិត្តទុកដាក់អនុវត្តអប់រំខាងផ្នែកឌីជីថល ខ្ញុំទៅមើលថ្ងៃមុនសាលានេះបង្រៀនសុទ្ធតែតាមរយៈ LCD ទាំងអស់។អ៊ីចឹងទាំងអស់នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ គ្រូយើងត្រូវមាន Tablet, Laptop ឬទូរស័ព្ទស្មាតហ្វូន និងមានសមត្ថភាពទប់ទល់កុំឱ្យមាន Hacker»។
ទន្ទឹមគ្នានេះនាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជាលោកប្រាស្សាន វើម៉ា បានថ្លែងដែរថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT)របស់សាលារៀននិងការជំរុញសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញគឺជាកត្តាសំខាន់ណាស់ សម្រាប់រួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
លោកថា៖«តាមរយៈអង្គការ ធ្វើការផ្តោតទៅលើវិស័យអប់រំ ដែលធ្វើជាមួយសាលាជាង២០០ ដែលនៅក្នុងនោះយើងឃើញថាវិស័យអប់រំកូនក្មេងនៅតែឃើញមានបញ្ហាទៅនឹងការសិក្សារបស់ពួកគេ។ ចំណែកទាក់ទងឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ ដែលអង្គការមើលឃើញថាវាជាឱកាសមួយដែលរួមចំណែកក្នុងមេរៀននៅសតវត្សរ៍ទី ២១ ក៏បង្កើតជាគម្រោងនេះឡើងដើម្បីរួមចំណែកឱ្យកុមាររៀនបន្ថែមទៀតទៅនឹងឌីជីថល»។
គួរសម្រាបថា អង្គការឆាលហ្វាន បានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ២០០៧ ហើយផ្តោតទៅលើវិស័យអប់រំជាពិសេសនៅក្នុងតំបន់ជនបទដូចជានៅខេត្តក្រចេះ ស្វាយរៀង បាត់ដំបង ព្រៃវែង និងរាជធានីភ្នំពេញជាដើម៕