ភ្នំពេញ:បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ ជា​ពិធី​បុណ្យ​ដ៏​ពិសិដ្ឋ​មួយ​ ស្ថិត​ក្នុង​ទំនៀម​ទម្លាប់​ និង​ការ​គោរព​ចំពោះ​បុព្វបុរសមិន​មែន​គ្រាន់​តែ​ជា​ពេល​វេលា​សម្រាប់​ការជួប​ជុំ​ក្រុម​គ្រួសារនិង​ការ​កសាង​បុណ្យ​កុសល​ដល់​បុព្វកា​រីជន​​ប៉ុណ្ណោះ​ទេ​។​

​ឱកាស​ដ៏​វិសេស​វិសាល​នេះបាន​ក្លាយ​ជា​អំពើ​សប្បុ​រសធម៌និង​ក្តីមេត្តា ​ដោយ​ប្រជា​ជន​ភាគ​ច្រើន​ដែល​ប្រណិ​ប័តន៍​ព្រះ​ពុទ្ធ​សាសនា​​​ទូទាំង​ប្រទេស​​កម្ពុជា និង​នៅ​ជុំវិញ​ពិភ​ពលោក ​ឆ្លៀត​យក​ឱកាស​នេះ​ផ្តល់​ទាន និង​សេចក្តី​សប្បុ​រស​ថែម​ទៀត​។​

​លោក ​ឈ​ត ប៊ុន​ថង ប្រធាន​នាយក​ដ្ឋាន​វប្បធម៌ អប់រំ និង​ទំនាក់​ទំនង​ទេស​ចរណ៍ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា (RAC) បាន​ឱ្យ​ដឹង​ថា ជា​បឋម​ ពុទ្ធ​បរិស័ទ​នាំយក​ចង្ហាន់ ​បច្ច័យ និង​ទេយ្យ​ទាន​ប្រគេន​ព្រះ​សង្ឃ​ជាសំខាន់​ និង​ជា​ឱកាស​មួយ ​ដែល​កូន​ចៅ​នាំយក​ថវិកា ម្ហូប​ចំណី​ គ្រឿង​ឧបភោគ​បរិភោគ​ ជូន​ឪពុក​ម្ដាយ ជីដូន​ជីតា មាមីង​ជាដើម។

លោកប៊ុនថង បាន​ថ្លែង​ថា​៖ «​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ជា​ប្រភេទ​ប្រពៃ​ណី ដែល​ដូនតា​ខ្មែរ​បាន​បន្ដ​ការ​អនុវត្ដ ​រហូត​ដល់​សម័យ​បច្ចុប្បន្ន​ ដោយ​វាជា​ការ​កៀរ​គរ​ប្រជាព​លរដ្ឋ​ចូលរួម​ចែក​រំលែក ចូលរួម​កសាង និង​ចូលរួម​កិច្ចការ​ផ្សេងៗ​ទៀត​។ ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក​លក្ខណៈឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​សាង​អំពើ​ល្អ​»។

​បុណ្យ​កាន់​បិណ្ឌ និង​​ភ្ជុំបិណ្ឌ ​​រយៈពេល១៥​ថ្ងៃ ដែល​ត្រូវ​នឹង​ថ្ងៃទី៣០ ខែកញ្ញា ដល់​ថ្ងៃទី១៥ ខែតុលា ​ជា​ប្រពៃ​ណី​ដែល​ប្រជា​ជន​ខ្មែរ​ទៅ​វត្ត និង​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​។​

​ជំនឿ​សំខាន់​គឺថា តង្វាយ​ទាំង​នេះ​នឹង​ទៅដល់​វិញ្ញាណ​នៃ​បុព្វ​កា​រី​ជន​របស់​ពួកគេ ផ្តល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​បាន​ទទួល​​មរណ​ភាព និង​ធានា​បាន​​ពរជ័យ​សម្រាប់​អ្នក​មាន​ជីវិត​។​

​លោក សោម ស​កុ​ណា នាយក​នៃ​នាយករ​ដ្ឋាន​ទីផ្សារ​នៃ​ក្រុមហ៊ុន លី ហួរ លីង​ស៊ី​ង កាល​ពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ពី​គំនិត​ផ្តួច​ផ្តើម​ដ៏​ស្មោះ​ស​របស់​ក្រុម​ហ៊ុន ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំមុ​ន​។​

​លើស​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សប្បុ​រស​ធម៌​របស់​ក្រុមហ៊ុន អគ្គ​នាយក​ គណៈ​គ្រប់​គ្រង និង​និយោ​ជិត​បាន​ធ្វើ​ដំណើរ​ពិសេស​ទៅ​កាន់​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។​

​លោក ស​កុ​ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​បាន​ប្រគេន​ចង្ហាន់ ថវិកា និង​សម្ភារ​សំខាន់ៗ​ដល់​ព្រះសង្ឃ​គង់​នៅ​ ជា​កាយ​វិការ​នៃ​ការ​គោរព និង​សប្បុ​រស​ ដែល​ឧទ្ទិស​ដល់​បុព្វ​ការី​ជន​»​។​

ជា​ទូទៅ ការ​ប្រណិ​ប័តន៍​កម្មវិធី​បុណ្យ​ប្រពៃណី​ គឺជាកិច្ចកា​រ​ចូលរួម​ជួយ​ដល់​សង្គម​។ លោក ប៊ុនថង បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​វ័យ​ចំណាស់ និង​ក្មេងៗ​ក្រីក្រ មាន​ឱកាស​ទទួល​បាន​អំណោយ ក៏ដូចជា​បច្ច័យ​ ម្ហូប​ចំណី​ និង​សម្ភារ​ផ្សេងៗ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​ខ្ញុំ បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ គឺជា​បុណ្យ​ប្រពៃណី​សម្រាប់​ឱ្យ​យើង​ធ្វើ​អំពើ​ល្អ អំពើ​សប្បុរស​ច្រើន​»។

លោកប៊ុន​ថន បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រកាន់​ខ្ជាប់​​ការ​ប្រណិ​ប័តន៍តាំងពី​ដូន​តា​មក ​និង​ថែរក្សា​ទម្រង់ ក៏​ដូច​ជាការ​ចូល​រួម​ពី​ពុទ្ធ​បរិស័ទ​ច្រើន​អធឹក​អធម​ដូច​សម័យ​ដើម​ដែរ។

ប្រពៃ​ណី​អំពើ​សប្បុ​រស​ធម៌​

បុណ្យ​ភ្ជុំបិណ្ឌ មិនមែន​សំដៅ​លើ​តែទឹកចិត្តប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ទង្វើ​នៃ​សេចក្តី​សប្បុរស និង​ការ​ផ្សព្វ​ផ្សាយ​ដល់​សហ​គមន៍​ផងដែរ​។ ទង្វើ​នេះ​ត្រូវបាន​អនុវត្ដ​បន្ត​ដោយ​ប្រជា​ជន​កម្ពុជា​ពី ១ជំនាន់ ​ទៅ​ ១​ជំនាន់ ​ដែល​ចាត់​ទុក​ពិធី​បុណ្យ​នេះ​ថា ​ជា​ឱកាស​មួយ​ដើម្បី​ផ្តល់​អំណោយ​ដល់​សង្គម​​របស់​ពួកគេ​វិញ​។​

​ទាំង​ពុទ្ធ​សាស​និក ​និង​ព្រះសង្ឃ​បាន​វិ​វ​ឌ្ឍ​​ទំនៀម​ទម្លាប់​​របស់​ខ្លួន ​ដើម្បី​ផ្ដល់​អត្ថ​ប្រយោជន៍​ដោយ​ការ​បង្វែរ​​តង្វាយ​មួយ​ចំនួន​​​របស់​ប្រជា​ជន​ទៅដល់​ជន​ខ្វះខា​ត​។​

​ខណៈ​​ពិធី​ស្នូល​ពាក់ព័ន្ធ​នឹង​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ វត្ត​អារាម​ជា​ច្រើន​បាន​ពង្រីក​លទ្ធភាព​រប​ស់​ពួកគេ​ដើម្បី​រួម​បញ្ចូល​ជន​ក្រីក្រ មណ្ឌល​កុមារ​កំព្រា មន្ទី​រពេទ្យ និង​សូម្បីតែ​ពន្ធ​នាគារ​។​

​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប​នៅ​តាម​អារាម​ជាច្រើន ត្រូវបាន​បរិច្ចាគ​ទៅតាម​សហ​គមន៍​នានា ​ដើម្បី​បញ្ចៀស​បញ្ហា​​​ខ្ជះ​ខ្ជាយ និង​ធានា​ថា ​ភាព​សប្បុរ​ស​នេះ​បានជួយ​ដល់​ជីវិត​​អ្នក​ក្រីក្រ​។​

​ព្រះ​តេជព្រះ​គុណ ផាត់ សុភា​រ័ត្ន ព្រះចៅ​អធិការ​វត្ត​កំពង់​ពពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​សង្ឃ​ដីកា​ថា វត្ត​បាន​រៀបចំ​អាហារ​ដល់​កុមារ​ក្រីក្រ និង​ផ្តល់​កញ្ចប់​អាហារ​បន្ថែម​ដល់​ឪពុក​ម្តាយ​នៅ​ផ្ទះ​។​

ព្រះ​ចៅ​អធិការ​មាន​សង្ឃដីកាថា​ ​ដោយ​សារ​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ដ​កំពង់​ពពិល​ ដែល​ជា​អារាម​មួយ​ក្នុង​ចំណោម ៥៩ ក្នុង​ស្រុក​ពារាំង ខេត្ដ​ព្រៃវែង​ ពេល​ថ្ងៃមិន​សូវ​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក​ភាគច្រើន​ជា​អ្នក​កាន់​វេន​។ ដូច្នេះដោយ​សារ​វត្ដ​នេះ​មាន​ព្រះ​សង្ឃ​ច្រើន​ចំនួន៥៣អង្គ ម្ហូប​អាហារ​មិន​សម្បូរ​ហូរហៀរ​ទេ។ ពេល​ព្រះ​សង្ឃ​ឆាន់​រួច អ្នក​ស្រុក អ្នក​កាន់​វេន​ហូប​វិញ​ទៅគ្រប់​គ្រាន់​។

ព្រះ​សង្ឃ សុភារ័ត្ន ដែល​ធ្លាប់​ចិញ្ចឹម​ក្មេងៗ​សិស្សសា​លា​ពឹង​ពាក់​អាស្រ័យ​ដំបូល​អារាម ​ចន្លោះ​ពី២០ ទៅ​៣០​នាក់​ មុន​វិបត្ដិ​កូវីដ១៩​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្រោយ​ចប់​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ អា​តា្ម​មាន​កម្មវិធី​ចែក​ទាន ដូចជាអង្ករ និង​អាហារ​មិន​ខូច​ផ្អូម ដល់​អ្នក​ក្រីក្រ​ ដោយ​មិន​កំណត់​លើ​គ្រួសារ តែ​ទៅ​តាម​ភាព​ជាក់​ស្ដែង​»។

ចំពោះ​ការ​ចែក​ទាន​ពី​ទីអារាម​ទៅកាន់​អ្នក​ខ្វះ​ខាត​ លោក ប៊ុន​ថង បាន​ឱ្យ​ដឹង​ថា វាមិន​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​កាល​ពេល​​មុន ​និង​សម័យ​បច្ចុប្បន្ន​នេះ​ទេ ដោយ​គ្រាន់តែ​រូប​ភាពខ្លះ​មាន​ការ​ផ្លាស់​ប្ដូរ​។

លោក​ ប៊ុនថង បាន​ថ្លែង​ថា សម័យ​មុន ប្រ​ជាពលរដ្ឋ​វេច​ខ្ចប់​ម្ហូប​អាហារ​ ដែល​សល់​ពី​ព្រះ​សង្ឃ និងការ​ចូលរួម​បរិ​ភោគ​រួម​គ្នា​នៅ​ទីអា​រាម​ ត្រឡប់​មក​ផ្ទះ​វិញ​។

ការ​យក​ម្ហូប​អាហារ​ត្រឡប់​មក​វិញ​នេះ គឺ​ដោយសារតែ​ពេល​នោះ​មិន​ទាន់​មាន​មណ្ឌល​កុមារ​កំព្រា មិន​ទាន់​មាន​កម្មវិធីបញ្ជូនទៅពន្ធនាគារ។​ ចំពោះ​ការ​ចែក​ទាន​ពី​ទីអា​រាម​ទៅ​កាន់​អ្នក​ខ្វះ​ខាត​ លោក ប៊ុន​ថង បាន​ឱ្យ​ដឹង​ថា វាមិន​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​កាល​ពេល​មុន និង​សម័យ​បច្ចុប្បន្ន​ទេ ​ដោយ​គ្រាន់​តែ​រូបភាព​ខ្លះ​មាន​ការ​ផ្លាស់​ប្ដូរ​។

លោក​ប៊ុន​ថង បាន​បន្ដថា៖ ​«ចំពោះ​បច្ចុប្បន្ន​នេះ គណៈ​ក​ម្មការ​វត្ដ​ខ្លះ បាន​ចែក​ទាន​បន្ដ​ទៅ​កាន់​អ្នក​សុំ​ទាន មណ្ឌល​កុមារ​កំព្រា មន្ទី​រពេទ្យ ឬ​ពន្ធនា​គារ​ជាដើម​។ ដោយ​មើល​ឃើញ​អាហារ​ច្រើន​ជោរ​ជន់ និង​បារម្ភ​ពីការ​ឆាប់​ខូច​ផ្អូម មាន​បង​ប្អូន​យើង​ខ្លះច្នៃ​យក​ជា​អាហារ​​ក្រៀម ដូចជា ត្រី​ងៀត មី ​ត្រីខ​កំប៉ុង អង្ក​រជាដើម​ សម្រាប់​ព្រះ​សង្ឃ​អាច​រក្សា​ទុក​ឆាន់​បាន​យូរ​»។

បញ្ហា​ប្រឈម និង​ការប្រែ​ប្រួល

​មិន​មែន​គ្រប់​វត្ត​ទាំងអ​ស់​មាន​សមត្ថភា​ព​ចែកទាន​បន្ដ​ដល់​ជន​ខ្វះខាត​នោះទេ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួ​លស្គាល់​ថា វត្ត​ខ្លះ​ក៏ត្រូវ​ការ​ជំនួយ​ក្នុង​ពិធី​បុណ្យ​រយៈ​ពេល ​១៥​ ថ្ងៃ​ដែរ។​

​ព្រះ​តេជ​ព្រះ​គុណ ព្រំ សំណាង ព្រះចៅ​អធិការ​វត្ត​សិរី​មង្គល​រាម (​វត្តភ្នំ​ក្រូច​) ស្ថិតនៅ​ភូមិ​ក្រូច​ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ពន្យល់​ថា ដោយ​សារ​ទីតាំង​វត្ត​ដាច់​ស្រ​យាល ហើយ​ចំនួន​ពុទ្ធ​សាស​និក​នៅ​មាន​កម្រិត ក្នុងចំណោម​ប្រមាណ​ ២០០ ​នាក់​​ដែល​ភាគ​ច្រើន​ជា​មូ​ស្លី​ម​។​

ព្រះចៅអ​ធិការ​វត្ដ ​ដែល​បច្ចុប្បន្ន​​មាន​ព្រះ​សង្ឃ​គង់​នៅ ៣អង្គ និងប្រ​មាណ ​១០អង្គ​ទៀត និមន្ដ​ទៅ​បន្ដ​ការ​សិក្សា​នៅ​ទីក្រុង​ និង​ខេត្ដ​សៀមរាប​ បាន​បន្ដ​ថា ពុទ្ធ​បរិស័ទ​ ១​ក្រុម​ត្រូវ​កាន់​បិណ្ឌ​ ២ ដង ​ដើម្បី​អាច​ផ្ដល់​ចង្ហាន់​បាន​គ្រប់​វេន​ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សា​សនា​។

ព្រះ​តេជព្រះ​គុណ សំណាង មាន​សង្ឃ​ដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ការ​ទទួល​ចង្ហាន់​ទាំង ១៥ថ្ងៃ ត្រឹម​មួយ​គ្រប់​សម្រាប់​ព្រះ​សង្ឃ​ ៣អង្គ និង​ពុទ្ធ​បរិស័ទ​កាន់​បិណ្ឌ​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​ធម្មតា ​ព្រះ​សង្ឃ​ត្រូវ​និមន្ដ​ឆ្ងាយ​ក្នុង​ការ​បិណ្ឌ​បាត្រ​។ ដូច្នេះ​ បើ​ពុទ្ធប​រិស័ទ​ឆ្ងាយៗ​មាន​សទ្ធា​ សូម​អញ្ជើញ​មក​កាន់​បិណ្ឌ​នៅ​អារាម​ភ្នំក្រូច​»។

គំនិត​ផ្តួចផ្តើ​ម​ទំនើប

​ក្នុង​ស្មារតី​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ អង្គ​ការ​​ត្រូវការ​ជំនួយ​​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​បញ្ជូន​ទេយ្យទាន​សប្បុ​រស​ធម៌របស់​សហគមន៍​ទៅ​កាន់​អ្នក​ដែល​ត្រូវការ​បំផុត​។​

លោក ​ង៉ូ​វ ឈី​វ អាយុ ៧៥ឆ្នាំ ស្ថាបនិក និង​ជានា​យក​អង្គការ​ផ្ទះបាយ​កុមារ​(LRDE)​បានស្វាគមន៍​ចំពោះ​ការ​បរិច្ចាគ​គ្រប់​ទម្រង់ចាប់ពី​ការ​បរិច្ចាគ​ហិរញ្ញវត្ថុ​ ដល់​គ្រឿង​ទេស​ អាហារ​ដែល​ត្រៀម​រួចជាស្រេច​ ការ​ផ្គត់ផ្គង់​ចាំ​បាច់ ​និង​សម្ភារ​សិក្សា​។​

ស្ថាប​និក​អង្គការ ដែល​មាន​កុមារ ២៥០នាក់​នៅ​ក្នុង​មណ្ឌល និង​កុមារ​ជាច្រើន​នាក់នៅ​តាម​តំបន់​ប្រមូល​ផ្ដុំ​ផ្សេងៗ​ទៀត ​បាន​ថ្លែងថា ​អង្គ​ការ​ត្រូវការ​ជំនួយ​នៅ​គ្រប់​ពេលវេ​លា និង​គ្រប់​ឱកាស ជាពិសេស​ កម្មវិធី​បុណ្យ​ទាន​ផ្សេងៗ​សម្រាប់​ឱ្យ​កុមារ​ខ្វះ​ខាត​ទទួល​បាន​ភាព​សប្បាយ​រីករា​យ​។

ថ្លែង​នៅថ្ងៃ​​ដែល​សប្បុរសជ​ន​នាំយក​អាហារ​ចែក​ដល់​កុមារ១៥០នាក់​នៅ​អង្គកា​រ​ LRDE លោក ឈីវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​យើង​ខ្ញុំ​ចង់​បាន​ការ​ឧបត្ថម្ភ​ជាម្ហូប​អាហារ​ សាច់​បន្លែ ជាពិសេស​ការ​ផ្ដល់​ដល់​កុមារ​ទៅតាម​សទ្ធា​ជ្រះថ្លា ​មិន​ថា សម្រាប់​កុមារ ​៥០ នាក់ ១០០ នាក់ ឬ ២០០ នាក់​ យើងខ្ញុំ​រៀប​ចំ​ជូន​»។

លោក ឈីវ បាន​បញ្ជាក់​ថា សប្បុរស​ជន​​ថែមទាំ​ង​អាច​រៀបចំ​​កម្មវិធី​ខួប​កំណើត ខួប​អាពាហ៍​ពិពាហ៍​ និង​កម្មវិធី​ផ្សេងៗ​នៅ​ផ្ទះ​បាយ​កុមារ ​ដើម្បី​បង្កើន​បរិយា​កាស​សប្បាយ​រីក​រាយ​ជាកុ​មារ​។

​​ទន្ទឹម​នឹង​នេះ អ្នកស្រី Kate Ginn និពន្ធ​នាយិកា​ជាន់​ខ្ពស់​ផ្នែក​ទំនាក់​ទំនងនៃ​អង្គ​ការ​មូលនិធិ​កុមារ​កម្ពុជា (CCF)នឹង​ប្រើ​ប្រាស់​ការ​ទទួល​ការ​បរិច្ចាគ​តាម​រយៈ​គណនេ​យ្យ​ធនាគារ ABA នៅលើ​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម ដើម្បី​ឈាន​ទៅដ​ល់​សប្បុ​រស​ជន​កាន់​តែ​ទូលំទូ​លាយ​។​

អ្នកស្រី​បាន​និយាយ​ថា​៖«​ការដា​ក់ប​ញ្ចូល​បច្ចេក​វិទ្យា​ ដូចជា ABA Pay និង Mobile Banking បាន​ធ្វើឱ្យ​​ដំណើរ​ការ​នៃ​ការ​បរិច្ចាគ​ទៅ​កាន់​សប្បុរ​ស​ជន​ក្នុងស្រុ​ក​ ដូចជា CC​F សម្រាប់​ប្រជា​ជន​នៅក្នុង​ប្រទេស​កម្ពុជា​»។​

អ្នក​ស្រី​បន្ដថា​៖ «​អ្នក​ឧបត្ថ​ម្ភកុមារ​​តាមរយៈ​ក​ម្មវិធី​ Sponsorship របស់​យើង​ក៏បាន​រួម​ចំណែក​ជា​ថវិកា​សម្រាប់​ចំណាយ​លើ​អង្ករ និង​ប្រាក់​ឧបត្ថម្ភ និង​ដឹកជញ្ជូន​កុមារ​ទៅផ្ទះ​។ យើង​កំពុង​រំពឹ​ងថា យើង​នឹង​ទទួល​បាន​ទាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​»​៕