
លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដា។ រូប STPM
ភ្នំពេញៈ ក្រោយពីបញ្ចប់កិច្ចពិភាក្សាទូទៅ នៅមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា បានទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជា ២ ៥០០ នាក់ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៤ៈ០០ នាទីព្រឹកម៉ោងនៅកម្ពុជា ដោយលោកបានពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរទាំងនោះពីបេសកកម្មការងាររបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ គឺបង្ហាញពីស្មារតីនៃការសាមគ្គីជាតិខ្មែរតែ ១ មហាសាមគ្គីគ្រួសារខ្មែរដែលនេះបញ្ជាក់ពីទឹកចិត្តសាមគ្គីរវាងខ្មែរ និងខ្មែរ។ នេះបើយោងតាមបណ្តាញតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
លោកបានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ១ ខែកន្លងមកនេះ លោកបានចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងការចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ ដែលលោកមិនមែនទៅចូលរួមដើម្បីពាក់អាវធំ ថតរូបនោះទេ។
លោកបញ្ជាក់ថា៖ «ការងារ ៣ ដែលប្រមុខរាជរដ្ឋាភិបាលទាំងអស់ធ្វើ គឺការងារការទូត ការងារនយោបាយ និងការងារសេដ្ឋកិច្ច។ ការងារការទូត គឺយើងទៅភ្ជាប់ទំនាក់ទំនងបង្ហាញថា កម្ពុជាជាប្រទេសអធិបតេយ្យភាពមួយ ទោះបីជាមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក៏ដោយ នៅតែជារដ្ឋអធិបតេយ្យមួយដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយនឹងប្រទេសទាំងអស់រួមនឹងប្រទេសមហាអំណាចទាំងអស់ផងដែរ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ខ្ញុំទៅប្រជុំនៅឥណ្ឌូនេស៊ីប្រជុំនៅចិន និងប្រជុំនាអង្គការសហប្រជាជាតិ (សហរដ្ឋអាមេរិក) ចូលអានសុន្ទរកថា ក្នុងនាមជាប្រមុខរដ្ឋ គឺយើងមិនត្រូវបានគេចាត់ទុកជារដ្ឋាភិបាលខុសច្បាប់ដូចអ្នកខ្លះថា នោះទេជារដ្ឋាភិបាល ជាប្រមុខរដ្ឋនៃប្រទេសតូចកម្រិត ២ នោះទេ តែជាការទូតរបស់កម្ពុជាគឺយើងស្មើមុខស្មើមាត់ ជារដ្ឋអធិបតេយ្យមួយនៅក្នុងអង្គការសហប្រជាជាតិ»។
ទាក់ទងនឹងការងារនយោបាយ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងដែរថា កម្ពុជាបានបញ្ជាក់ជំហរជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ទោះកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាក៏ជាសមាជិកពេញសិទ្ធិមួយរបស់ UN ហើយក៏មានជំហរនយោបាយពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពរបស់កម្ពុជា ផលប្រយោជន៍ជាតិរបស់ខ្លួន ពិសេសបញ្ជាក់ពីការព្រួយបារម្ភរបស់កម្ពុជា ទៅលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងសុវត្ថិភាពពិភពលោក ការផ្លាស់ប្តូរនៃអាកាសធាតុ សង្គ្រាមដែលប៉ះពាល់ដល់ពិភពលោក និងបញ្ហាមួយចំនួនទៀតផងដែរ។
លោកថា៖ «ចំណែកការងារសេដ្ឋកិច្ច គឺការដើរទាក់ម៉ូយ ដោយបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាពិសេសការនាំចេញកសិផលរបស់យើងទៅក្រៅប្រទេស ដើម្បីធានានូវការបើកទីផ្សារ សម្រាប់ប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា»។
ក្នុងពិធីសំណេះសំណាលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរ ទាក់ទងនឹងការបញ្ចេញមតិថា រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាលខុសច្បាប់ ឬមិនមានការទទួលស្គាល់ជាដើម លោកបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមួយ ការដឹកនាំមួយដែលរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញនោះ តើរដ្ឋាភិបាលមានមូលដ្ឋានអីមកធ្វើការដោយផ្អែកលើច្បាប់នោះ?
លោកមានប្រសាសន៍ថា៖ «នយោបាយការទូតរបស់យើង គឺនយោបាយផ្អែកលើគោលការណ៍ឯករាជភាពផ្អែកលើច្បាប់ហើយបើសិនជាខ្លួនយើងមិនមានភាពស្របច្បាប់ផង តើយើងនឹងធ្វើអី? បើអង្គការសហប្រជាជាតិមិនទទួលស្គាល់កម្ពុជា គឺមិនឱ្យខ្ញុំចូលរួម មិនឱ្យខ្ញុំឡើងអាននោះទេ ហើយ UN ក៏គេឧទ្ទេសនាមខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ»។
លោក ហ៊ុន ម៉ាណែត ថា៖ «ដូចនេះ បងប្អូនអ៊ុំពូមីង ដឹងច្បាស់ហើយថា រដ្ឋាភិបាលនៅកម្ពុជា គឺជារដ្ឋាភិបាលស្របច្បាប់ ហើយក៏ជារដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់។ ដូចនេះសូមអ៊ំពូមីង កុំមានការព្រួយបារម្ភថា ប្រទេសកម្ពុជា ដឹកនាំដោយក្រុមខុសច្បាប់ គឺអត់ទេ។ នេះគឺជាការពិត ហើយគិតមកដល់ថ្ងៃទី ២១ ខែកញ្ញានេះ គឺមានចំនួន ៥៩ នៃថ្នាក់ដឹកនាំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបានផ្ញើសារអបអរសាទរខ្ញុំត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
បើតាមប្រព័ន្ធតេឡេក្រាមដដែល ក្នុងពិធីនោះលោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅដែរថា អត្រានៃអ្នកបោះឆ្នោតជាង ៨ លាន ២ សែននាក់បានទៅបោះឆ្នោត គឺបានបង្ហាញពីឆន្ទៈរបស់ពួកគាត់។
លោកថ្លែងថា៖ «នេះហើយ គឺជាភាពស្របច្បាប់គឺស្របច្បាប់នៅក្នុងក្រសែភ្នែករបស់ប្រជាជនដែលបានទៅបោះឆ្នោត ហើយខ្ញុំក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរដែលបានគាំទ្រ បង្ហាញសុឆន្ទៈ ហើយក៏បានទៅបោះឆ្នោត ហើយខ្លះក៏បានបញ្ជូនសារទៅឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសឱ្យទៅបោះឆ្នោតផងដែរ ព្រោះមានតែការរើសថ្នាក់ដឹកនាំតាមប្រព័ន្ធនេះទេ ទើបអាចធានានូវសុខសន្តិភាព»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងឱ្យដឹងដែរថា ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះលោកនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះនៅខេត្តសៀមរាប ដែលជាព្រលានធំជាងព្រលានយន្តហោះចាស់ដល់ទៅ ២ ទៅ ៣ ដង ដោយសារកម្ពុជារំពឹងពីការកើនឡើងនៃចំនួនអ្នកទេសចរទើបកម្ពុជាធ្វើព្រលានយន្តហោះថ្មីនេះ។
លោកក៏បានរំលេចឡើងដែរថា នៅដើមឆ្នាំ ២០២៤ លោកនឹងសម្ពោធព្រលានយន្តហោះថ្មីកម្រិតអន្តរជាតិនៅក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនេះក៏ជាអ្វីដែលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ខិតខំប្រឹងប្រែងទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ ជាពិសេសនៅក្នុងដំណាក់កាលលំបាកបំផុតលោកបានបង្ហាញឱ្យប្រជាជនបានឃើញថា លោកមិនរត់ចោលប្រជាពលរដ្ឋទេ តែជួយជីវភាពប្រជាជនឱ្យល្អប្រសើរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា រយៈពេល ១ ខែកន្លងមកនេះ លោក ហ៊ុន ម៉ាណែត មានការមមាញឹកក្នុងបេសកកម្មការទូតដោយលោកបានខិតខំមែនទែនទៅលើការងារការទូត ការងារនយោបាយ និងការងារសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រការលើកឡើងរបស់សម្តេចមហាធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលក្នុងនោះលោកបានអះអាងពីការមិនផ្លាស់ប្តូរ គឺគោលនយោបាយការបរទេសអព្យាក្រឹតអចិន្រៃ្តយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក»។ ការបោះឆ្នោតកន្លងមក មានការយល់ច្រឡំពីដំណើរការប្រជាធិបតេយ្យពហុពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាទាំងមជ្ឈដ្ឋានសហគមន៍អន្តរជាតិ ទាំងមជ្ឈដ្ឋានជាតិ។ ដូច្នេះដំណើរបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់បរទេសនេះ គឺជាការបង្ហាញឱ្យឃើញការបកស្រាយពីដំណើរការប្រជាធិបតេយ្យ លម្ហនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក គិន ភា បញ្ជាក់ថា៖ «វាក៏ជានិមិត្តរូបនយោបាយសំខាន់ផងដែរ ដើម្បីបញ្ជាក់ឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ថា សម្តេចមហាធិបតីគឺជាតំណាងស្របច្បាប់តែ ១ គត់នៃរាជរដ្ឋាភិបាលកម្ពុជា ហើយមានធម្មានុរូបគ្រប់គ្រាន់ក្នុងការបំពេញតួនាទីជានាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ដែលអាចទទួលយកបាន»៕