ភ្នំពេញៈ ក្នុងន័យពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) កាលពីពេលថ្មីៗនេះបានដាក់ចេញសេចក្តីណែនាំមួយចំនួនទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយភាពទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ខណៈ អគរ គឺជាផ្នែកសំខាន់មួយក្នុងការរកចំណូលថវិកាជាតិ។
សេចក្តីណែនាំរបស់ អគរ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា បានលើកឡើងថា ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រកបដោយប្រសិទ្ធភាព អគរ សូមធ្វើការណែនាំ និងរំឭកដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ រួមទាំងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវខ្ពស់លើការងារផ្តល់សេវាសាធារណៈ ដូចជា ១. ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវម៉ោងរដ្ឋបាលបំពេញការងារ។ ចំពោះមាត់ច្រកសំខាន់ៗដែលមានសកម្មភាពទំនិញនាំចេញ នាំចូល ត្រូវចាត់ចែងវេនប្រចាំការបំពេញភារកិច្ចទាំងថ្ងៃ ទាំងយប់ (២៤ម៉ោង) និង ២, ក្នុងពេលបំពេញការងារត្រូវប្រកាន់យកអាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់ ចៀសវាងឱ្យបាននូវពាក្យសម្តី និងសកម្មភាពអសីលធម៌នានា។
ចំណែកចំណុចទី៣ គឺរាល់ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធ និងហាមដាច់ខាតការប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួនក្នុងការប្រមូលកម្រៃក្រៅផ្លូវការដោយខុសច្បាប់, ទី៤ ត្រូវធ្វើការណែនាំ និងរំឭកជាប្រចាំដល់មន្ត្រីគយ និងរដ្ឋាករ បុគ្គលិកដែលបំពេញការងារក្រោមឱវាទអំពីការងារផ្តល់សេវាសាធារណៈ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុង អគរ និងក្រមសីលធម៌ និងកិរិយាមាយាទមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា, និងទី ៥ ត្រូវធ្វើការតាមដានជាប្រចាំនូវសកម្មភាពបំពេញការងារផ្តល់សេវាសាធារណៈ របស់មន្ត្រីគយនិងរដ្ឋាករ/បុគ្គលិកជាប់កិច្ចសន្យាទាំងអស់។ ក្នុងករណីពិនិត្យឃើញថា មន្ត្រីគយនិងរដ្ឋាករ បុគ្គលិកជាប់កិច្ចសន្យាណាម្នាក់បានប្រព្រឹត្តអាកប្បកិរិយាមិនសមសរម្យក្នុងពេលផ្តល់សេវា ត្រូវធ្វើការណែនាំឱ្យកែលម្អជាបន្ទាន់ ក្នុងករណី មិនមានការកែលម្អ ត្រូវធ្វើរបាយការណ៍មក អគរ ដើម្បីមានវិធានការខាងវិន័យ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការពង្រឹងអភិបាលកិច្ច ការអនុវត្តច្បាប់ និងការផ្តល់សេវាប្រកបដោយភាពទទួលខុសត្រូវ និងមានក្រមសីលធម៌ គឺជាអ្វីដែលគ្រប់គ្នាចង់បានខណៈកន្លងមកលោកធ្លាប់ឮការត្អូញត្អែរជាច្រើនរបស់អ្នជាប់កាតព្វកិច្ចបង់ពន្ធ។ ការផ្តល់សេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងជួយលើកទឹកចិត្តអ្នកជាប់ពន្ធទៅបង់ពន្ធកាន់តែច្រើនតាមច្បាប់កំណត់។
លោកបន្តថា ការទាមទារតម្លៃសេវាលើសច្បាប់កំណត់ ក៏ជាបញ្ហាមួយដែលទាមទារឱ្យមានការយកចិត្តទុដាក់ និងត្រូវលុបបំបាត់ផងដែរ។
លោកប្រាប់ទៀតថា៖«ការអនុវត្តការប្រមូលចំណូលពន្ធគយតាមច្បាប់កំណត់ និងប្រកបដោយភាពថ្លៃថ្នូររបស់មន្ត្រីនឹងអាចជួយឱ្យរដ្ឋាភិបាលប្រមូលចំណូលបានកាន់តែច្រើន។ ចំណូលពន្ធគយ និងពន្ធដារ គឺជាប្រភពថវិកាសំខាន់របស់រដ្ឋាភិបាលសម្រាប់យកទៅអភិវឌ្ឍប្រទេស»។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបាន ២ ៣០២,៩ពាន់លានរៀល (ប្រមាណ ៥៦៤,១លានដុល្លារ) ថយចុះ ៥,២ភាគរយបើធៀបនឹងចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ២០,៥ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
បើពិនិត្យចំណូលតាមប្រភេទពន្ធ និងអាករ គឺអាករលើតម្លៃបន្ថែម មានចំនួន ៩៤៩,៨ពាន់លានរៀល ត្រូវជា ៤១,២ភាគរយ នៃចំណូលសរុប, អាករពិសេស ៧៥២,២ពាន់លានរៀល ត្រូវជា ៣២,៧ភាគរយ, ពន្ធគយ ៤៥៩,៥ពាន់លានរៀល ត្រូវជា ២០,០ភាគរយ, អាករបន្ថែមលើផលិតផលប្រេង ៨៧,៦ពាន់លានរៀល ត្រូវជា ៣,៨ភាគរយ និងអាករនាំចេញ និងកម្រៃផ្សេងៗមានចំនួន ៥៣,៨ពាន់លានរៀល ត្រូវជា ២,៣ភាគរយ។
កាលពីឆ្នាំ២០២២ ស្ថាប័ននេះរកចំណូលបាន ១០ ៩៩៨,៩ពាន់លានរៀល (ប្រមាណ ២ ៦៩០,៥លានដុល្លារ) កើនឡើង ១៨,៣ភាគរយធៀបនឹងឆ្នាំ២០២១៕